ព័ត៌មានទាន់ហេតុការណ៍៖

សេចក្តីសម្រេចស្តីពីបែបបទ នីតិវិធី និងវិធាននៃការតាំងសំណួរ ចម្លើយ និងការបំភ្លឺនៅរដ្ឋសភា

ចែករំលែក៖

ភ្នំពេញ ៖ ប្រធានរដ្ឋសភា ចេញសេចក្តីសម្រេច ស្តីពី បែបបទ នីតិវិធី និងវិធាននៃការតាំងសំណួរ ចម្លើយ និងការបំភ្លឺនៅរដ្ឋសភា សម្រេច ៖

មាត្រា១..សេចក្តីសម្រេចនេះមានគោលបំណងកំណត់អំពីបែបបទ នីតិវិធី និងវិធាននៃការតាំងសំណួរ ចម្លើយ និងការបំភ្លឺនៅរដ្ឋសភា ដូចមានចែងក្នុងមាត្រា៨៩ថ្មី មាត្រា៩៦ មាត្រា៩៧ នៃរដ្ឋធម្មនុញ្ញ និងប្រការ៣២ ប្រការ៣៣ថ្មី(ពីរ) ប្រការ៣៤ថ្មី ប្រការ៣៥ថ្មី(មួយ) នៃបទបញ្ជាផ្ទៃក្នុងនៃរដ្ឋសភា។ សេចក្តីសម្រេចនេះ មិនអនុវត្តចំពោះញត្តិបន្ទោសដែលមានចែងក្នុងមាត្រា៩៨ថ្មី(មួយ) នៃ រដ្ឋធម្មនុញ្ញ និងប្រការ៣៥ថ្មី(មួយ) នៃបទបញ្ជាផ្ទៃក្នុងនៃរដ្ឋសភាទេ។

មាត្រា២..ការតាំងសំណួរ ចម្លើយ និងការបំភ្លឺនៅរដ្ឋសភា ត្រូវធ្វើតាមរយៈប្រធានរដ្ឋសភា ជូននាយក រដ្ឋមន្ត្រី។

តំណាងរាស្ត្រមានសិទ្ធិដាក់សំណួរដល់រាជរដ្ឋាភិបាល។ សំណួរនេះត្រូវសរសេរជាលាយលក្ខណ៍ អក្សរជូននាយករដ្ឋមន្ត្រី តាមរយៈប្រធានរដ្ឋសភា។

លើកសំណួរឱ្យចំប្រធានបទ មានលក្ខណៈខ្លីងាយយល់

-ពាក់ព័ន្ធនឹងការទទួលខុសត្រូវរបស់រាជរដ្ឋាភិបាល ឬរបស់រដ្ឋមន្ត្រីពាក់ព័ន្ធ

-មិនត្រូវធ្វើជាសេចក្តីថ្លែងការណ៍ ឬសេចក្តីស្នើ ឬលើកឡើងពីទឡីករណ៍ណាមួយ

-មិនគួរបញ្ចេញមតិដោយធ្វើអត្ថាធិប្បាយ ឬលើកសំណួរវែងនោះទេ

-ហាមនិយាយប៉ះពាល់ដល់កិត្តិយសប្រធានរដ្ឋសភា និងតំណាងរាស្ត្រ

-ចៀសវាងសំណួរប៉ាន់ស្មាន មិនប្រាកដប្រជា

-ហាមសុំព័ត៌មានសម្ងាត់របស់ព្រះបរមរាជវាំង

-ចៀសវាងសំណួរពាក់ព័ន្ធនឹងព័ត៌មានសម្ងាត់របស់ស្ថាប័នជាតិ ដែលកំពុងដំណើរការ

-ចៀសវាងសំណួរពាក់ព័ន្ធនឹងការសម្ងាត់នៃសន្តិសុខជាតិ

-ចៀសវាងការលើកឡើងពីកិច្ចការដែលកំពុងដំណើរការនៅតុលាការ។

តំណាងរាស្ត្រដែលបានសុំតាំងសំណួរចំពោះរដ្ឋមន្ត្រីណាមួយ អាចសុំដកលិខិតតាំងសំណួរ របស់ខ្លួនចេញបាន។

តំណាងរាស្ត្រឯទៀតអាចទទួលពាក្យសុំតាំងសំណួរដែលដកចេញហើយនោះទៅជូនប្រធាន រដ្ឋសភាសាជាថ្មីទៀតបាន កាលបើយល់ឃើញថាចាំបាច់។

មាត្រា៣..ចម្លើយអាចធ្វើឡើងដោយរដ្ឋមន្ត្រីមួយរូប ឬច្រើនរូប អាស្រ័យដោយបញ្ហាដែលបានលើកឡើង ពាក់ព័ន្ធនឹងការទទួលខុសត្រូវរបស់រដ្ឋមន្ត្រីមួយរូប ឬច្រើនរូប។ បើបញ្ហាពាក់ព័ន្ធដល់នយោបាយទូទៅ របស់រាជរដ្ឋាភិបាល នាយករដ្ឋមន្ត្រីត្រូវឆ្លើយផ្ទាល់ខ្លួន។

បើសំណួរ ចំលើនាយករដ្ឋមន្ត្រី នាយករដ្ឋមន្ត្រី ឬតំណាងក្នុងករណីនាយករដ្ឋមន្ត្រីមានធុរៈ ត្រូវ មកឆ្លើយសំណួរនៅរដ្ឋសភា។

បើសំណួរ ចំលើយសមាជិករាជរដ្ឋាភិបាលរូបណា សមាជិករូបនោះ ត្រូវមកឆ្លើយសំណួរនៅរដ្ឋសភា។ ចម្លើយរបស់រដ្ឋមន្ត្រី ឬរបស់នាយករដ្ឋមន្ត្រី អាចធ្វើដោយផ្ទាល់មាត់ ឬសរសេរជាលាយលក្ខណ៍អក្សរ។

ចម្លើយខាងលើនេះ ត្រូវធ្វើឡើងក្នុងរយៈពេលប្រាំពីរថ្ងៃបន្ទាប់ពីបានទទួលសំណួរ។

ក្នុងករណីចម្លើយ មិនអាចធ្វើបានក្នុងរយៈពេលខាងលើនេះ នាយករដ្ឋមន្ត្រី ឬរដ្ឋមន្ត្រីពាក់ព័ន្ធ ត្រូវជូនដំណឹងជាលាយលក្ខណ៍អក្សរមករដ្ឋសភា ដោយកំណត់ពេលជាក់លាក់។

មាត្រា៤…ចំពោះចម្លើយផ្ទាល់មាត់ ប្រធានរដ្ឋសភាអាចសម្រេចបើកឱ្យមាន ឬមិនឱ្យមានការជជែកដេញ ដោល។ បើគ្មានការបើកឱ្យជជែកដេញដោលទេ នោះចម្លើយរបស់រដ្ឋមន្ត្រី ឬនាយករដ្ឋមន្ត្រីនឹងបញ្ចប់ សំណួរតែម្តង។

បើមានការបើកឱ្យជជែកដេញដោល ម្ចាស់សំណួរ វាគ្មិនឯទៀត និងរដ្ឋមន្ត្រីពាក់ព័ន្ធ ឬនាយករដ្ឋមន្ត្រី អាចជជែកប្តូរយោបល់ក្នុងរយៈពេលដែលមិនអាចលើសពីមួយពេលប្រជុំឡើយ។ ប្រធានរដ្ឋសភាអាចបញ្ឈប់តំណាងរាស្ត្រមិនឱ្យមានមតិបន្តទៀតក្នុងករណីណាមួយដូចខាងក្រោម៖

-និយាយលើសពេលវេលាកំណត់

-និយាយចាកប្រធានបទ

-និយាយដោយប្រើពាក្យសម្ដីបណ្តាលឱ្យមានបរិយាកាសអាប់អួនៅក្នុងរដ្ឋសភា។

 

មាត្រា៥….តំណាងរាស្ត្រម្ចាស់សំណួរ ត្រូវបានអនុញ្ញាតឱ្យនិយាយក្នុងរយៈពេល ៥នាទីយ៉ាងយូរ។ ការតាំង សំណួរត្រូវគោរពគោលការណ៍ ដូចខាងក្រោម៖

មាត្រា៦…ចម្លើយផ្ទាល់មាត់របស់រដ្ឋមន្ត្រី ត្រូវឆ្លើយឱ្យចំសំណួរ សង្ខេបខ្លី និងច្បាស់លាស់។

ក្នុងសម័យប្រជុំនីមួយៗ រដ្ឋសភាកំណត់ទុករយៈពេលមួយថ្ងៃក្នុងមួយសប្តាហ៍ គឺថ្ងៃព្រហស្បតិ៍ សម្រាប់ការតាំង និងការឆ្លើយសំណួរ។

ចម្លើយផ្ទាល់មាត់របស់រដ្ឋមន្ត្រីសម្រាប់សំណួរនីមួយៗមានរយៈពេល ២០នាទី យ៉ាងយូរ លើកលែង តែករណីចាំបាច់ដែលត្រូវមានការអនុញ្ញាតពីប្រធានរដ្ឋសភា។

ចម្លើយផ្ទាល់មាត់របស់នាយករដ្ឋមន្ត្រីមិនមានកំណត់រយៈពេលទេ។

នាយករដ្ឋមន្ត្រីអាចអញ្ជើញមកធ្វើសេចក្តីថ្លែងការណ៍ពាក់ព័ន្ធនឹងកម្មវិធីនយោបាយ ឬអំពីបញ្ហាដែល មានសារៈសំខាន់នៅរដ្ឋសភា នៅថ្ងៃណាមួយតាមពេលវេលាសមស្រប។

ការប្រជុំខាងលើនេះ មិនទាមទារកូរ៉ុមទេ។

ទោះបីជាយ៉ាងណាក៏ដោយ សម័យប្រជុំសម្រាប់ការតាំង និងការឆ្លើយសំណួរខាងលើនេះ គឺជាការ ជជែកប្តូរយោបល់ មិនអាចបើកលទ្ធភាពឱ្យមានការបោះឆ្នោតប្រភេទណាមួយបានឡើយ។

មាត្រា៧…គណៈកម្មការទាំងឡាយរបស់រដ្ឋសភាអាចអញ្ជើញរដ្ឋមន្ត្រី មកបំភ្លឺអំពីបញ្ហាអ្វីមួយដែលពាក់ព័ន្ធ នឹងវិស័យទទួលខុសត្រូវរបស់ខ្លួន។

គណៈកម្មការត្រូវធ្វើសំណើទៅនាយករដ្ឋមន្ត្រី តាមរយៈប្រធានរដ្ឋសភា ដើម្បីស្នើសុំអញ្ជើញ រដ្ឋមន្ត្រីនោះ។

សមាគម ឬអង្គការមិនមែនរដ្ឋាភិបាល ឬអ្នកសារព័ត៌មាន មិនត្រូវបានអនុញ្ញាតឱ្យចូលរួមប្រជុំ ឬសង្កេតការណ៍ក្នុងកិច្ចប្រជុំបំភ្លឺរបស់រដ្ឋមន្ត្រីនៅគណៈកម្មការនោះទេ។

មាត្រា៨…

សំណើរបស់សមាជិករដ្ឋសភាចំនួនមួយភាគដប់យ៉ាងតិចខាងលើនេះ ត្រូវផ្ញើជូនគណៈកម្មាធិការ អចិន្ត្រៃយ៍រដ្ឋសភា។ គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា អាចធ្វើសំណើទៅនាយករដ្ឋមន្ត្រី ដើម្បីចាត់ អញ្ជើញសមាជិករាជរដ្ឋាភិបាលមួយរូប ឬច្រើនរូប អមដោយឥស្សរជនជាអ្នកជំនាញ ក្នុងវិស័យណាមួយ មកបំភ្លឺរដ្ឋសភាអំពីបញ្ហាដែលមានសារៈសំខាន់ពិសេសជូនរដ្ឋសភា។

ប្រធានរដ្ឋសភាអាចបើកឱ្យមានការពិភាក្សាផ្លាស់ប្តូរយោបល់តាមការចាំបាច់បាន។

មាត្រា៩…សេចក្តីសម្រេចលេខ០០២ រស ចុះថ្ងៃទី១១ ខែមករា ឆ្នាំ២០១៦ ត្រូវទុកជានិរាករណ៍។

មាត្រា១០…តំណាងរាស្ត្រ គណៈកម្មការនានា នៃរដ្ឋសភា និងអគ្គលេខាធិការដ្ឋានរដ្ឋសភា ត្រូវអនុវត្តសេចក្តី សម្រេចនេះ ចាប់ពីថ្ងៃចុះហត្ថលេខាតទៅ ៕

ដោយ ៖ សិលា

 

 


ចែករំលែក៖