ភ្នំពេញ ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានថ្លែងថា ៖ នៅក្នុងបរិបទនៃភាពមិនប្រាកដប្រជាខ្ពស់ជាសកលដែលកើតចេញពីការធ្លាក់ចុះនៃសេដ្ឋកិច្ចសកល ការកើនឡើងនៃភាពតានតឹងផ្នែកភូមិសាស្រ្តនយោបាយ និងពាណិជ្ជកម្ម ការប្រែប្រួលអាកាសធាតុ សង្រ្គាមនៅអ៊ុយក្រែន និងជម្លោះប្រដាប់អាវុធនៅមជ្ឈឹមបូព៌ា សេដ្ឋកិច្ចកម្ពុជានៅតែមានភាពធន់ដោយសម្រេចបានអត្រាកំណើនប្រមាណ៥%នៅឆ្នាំ២០២៣ ជាមួយនឹងការព្យាករណ៍កំណើនសេដ្ឋកិច្ច៦%នៅឆ្នាំ២០២៤។
សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងបន្តថា ៖ គន្លងសេដ្ឋកិច្ចដ៏រឹងមាំ និងមានភាពធន់នេះបានជំរុញឱ្យកម្ពុជាក្លាយជាគោលដៅវិនិយោគដ៏លេចធ្លោមួយក្នុងចំណោមទីផ្សារដែលកំពុងរីកលូតលាស់នៅតំបន់អាស៊ីអាគ្នេយ៍។ នៅក្នុងទស្សវត្សរ៍ចុងក្រោយនេះ កម្ពុជាតែងស្ថិតនៅក្នុងប្រទេសអភិវឌ្ឍន៍តិចតួច ដែលទទួលបានការវិនិយោគផ្ទាល់ពីបរទេសច្រើនជាងគេ។
សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងដូចនេះនៅក្នុងឱកាសដែលសម្តេចអញ្ជើញជាអធិបតីក្នុងពិធី «បើកវេទិកាសេដ្ឋកិច្ចកម្ពុជា-បារាំង នៅសណ្ឋាគារសូហ្វីតែល» នៅព្រឹកថ្ងៃទី០៨ ខែកក្កដា ឆ្នាំ២០២៤។
សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីថ្លែងថា ៖ ឆ្នាំ២០២៣ កម្ពុជាទទួលបានការវិនិយោគផ្ទាល់ពីបរទេសមានចំនួន ២៦៨ គម្រោង និងគិតជាទឹកប្រាក់មានចំនួនជិតប្រាំពាន់លានដុល្លារ។ គម្រោងវិនិយោគនេះបានបង្ហាញឱ្យឃើញថា កម្ពុជាគឺជាប្រទេសដែលមានការបោះទុនវិនិយោគផ្ទាល់ពីបរទេសច្រើនជាងគេ ក្នុងចំណោមប្រទេសអភិវឌ្ឍតិចតួច។
សម្តេចធិបតី ហ៊ុន ម៉ាណែត បានរំពឹងថា ធុរជនបារាំងនឹងមើលឃើញនូវ កាលានុវត្តភាព កម្ពុជាកាន់តែច្រើនបន្ថែមទៀត ក្នុងការវិនិយោគនៅកម្ពុជា ក្រោយភាគីទាំងពីរបានបើកវេទិកាធុរ កិច្ចកម្ពុជា-បារាំងលើកទី២នេះ។
សម្តេចធិបតី បានប្រកាសថា នៅក្នុងចំណោមប្រទេសនៅតំបន់សហគមអឺរ៉ុប-បារាំង គឺជាដៃគូពាណិជ្ជកម្មដ៏ធំមួយជាមួយកម្ពុជា ខណៈកាលពីឆ្នាំ២០២៣កន្លងទៅ ទំហំពាណិជ្ជកម្មទ្វេភាគីរវាងប្រទេសទាំងពីរ បានកើនឡើងដល់ជាងប្រាំរយលានដុល្លារអាមេរិក ៕
ដោយ ៖ សិលា