ព័ត៌មានទាន់ហេតុការណ៍៖

អតីតមន្ត្រីប៉ូលីសទេសចរណ៍ខេត្តកំពង់ឆ្នាំងស្លាប់ដោយសាហូបត្រីកំពត

ចែករំលែក៖

ខេត្តកំពង់ឆ្នាំង អតីតប៉ូលីសទេសចរណ៍ ខេត្តកំពង់ឆ្នាំងម្នាក់បានស្លាប់ក្រោយពេលដឹកទៅសង្គ្រោះនៅមន្ទីរពេទ្យកាល់ម៉ែត្ររាជធានីភ្នំពេញ ដែលសង្ស័យថាបានពុលត្រីកំពត ។ហេតុការណ៍សង្ស័យថាពុលត្រីកំពតនពបានកើតឡើងនៅវេលាម៉ោង៦និង៣០ នាទីយប់ថ្ងៃទី ៧ ខែកក្កដា ឆ្នាំ២០២៤។

ប្រភពពីក្រុមគ្រួសារជនរងគ្រោះបានឲ្យដឹងថាជនរងគ្រោះឈ្មោះ ចាន់ រដ្ឋាអាយុ ៦០ឆ្នាំ ជាអតីតមន្ត្រីនគរបាលការិយាល័យទេសចរណ៍ ខេត្តកំពង់ឆ្នាំងគាត់បានចូលនិវត្តន៍ប្រមាណជាង ២ ឆ្នាំហើយ។ គាត់មានទីលំនៅភូមិទី១សង្កាត់ ខ្សាម ក្រុងកំពង់ឆ្នាំង។

ប្រភពដដែលបានបន្តថា នៅមុនពេលកើតម៉ោងប្រមាណ ៤និង៣០នាទីរសៀល ថ្ងៃទី ៧ ខែកក្កដា ជនរងគ្រោះ និងប្រពន្ធរួមទាំងកូនម្នាក់ទៀតបាន ពិសារ ត្រីកំពត ចំណែករូបគាត់មានពិសាស្រាបៀរមួយកំប៉ុងផងដែរ។

ក្រោយពីពិសារត្រីកំពតហើយនៅម៉ោងប្រមាណ  ៦និង៣០នាទី យប់ ជនរងគ្រោះ មានអាការៈមិនស្រួលហើយត្រូវបានក្រុមគ្រួសារដឹកទៅសង្គ្រោះនៅមន្ទីរពេទ្យបង្អែកខេត្តកំពង់ឆ្នាំង ប៉ុន្តែដោយសារស្ថានភាព ធ្ងន់ធ្ងរក្រុមគ្រូពេទ្យបានបន្តបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យកាល់ម៉ែត្ររាជធានីភ្នំពេញ ។ ដោយសារស្ថានភាព ជនរងគ្រោះ មានសភាពធ្ងន់ធ្ងរបានស្លាប់នៅវេលាម៉ោង ៣ទៀបភ្លឺថ្ងៃទី ៨ ខែកក្កដា ហើយត្រូវបានបញ្ជូនមកលំនៅដ្ឋានដើម្បីរៀបចំធ្វើបុណ្យតាមប្រពៃណី។

លោកវេជ្ជបណ្ឌិត ប្រាក់ វ៉ុន ប្រធានមន្ទីរសុខាភិបាលខេត្តកំពង់ឆ្នាំងបានឱ្យដឹងថាជនរងគ្រោះពិតជាបានស្លាប់ដោយសារការពុលអាហារធ្ងន់ធ្ងរពិតមែន ដែលតាមក្រុមគ្រួសារបញ្ជាក់ថាគាត់បានពិសារត្រីកំពត មានគ្នាចំនួន ៣នាក់។ ប៉ុន្តែ២ នាក់មិនមានអាការៈពុលទេ  គឺពុលដែលគាត់ម្នាក់ប៉ុណ្ណោះ ។លោកវេជ្ជបណ្ឌិតសូមចូលរួមសោកស្ដាយនៃមរណៈភាពរបស់ជនរងគ្រោះ និងបានផ្ញើសាររំលឹក ដាស់តឿនរបស់ក្រសួងសុខាភិបាល សូមឱ្យបងប្អូន មានការប្រុងប្រយ័ត្ន លើការពិសារត្រីកំពត ផងដែរ៕


ចែករំលែក៖