ព័ត៌មានទាន់ហេតុការណ៍៖

ជាងជួសជុលទូរស័ព្ទម្នាក់ ខណៈកំពុងជិះម៉ូតូតាមផ្លូវត្រូវរថយន្តបុកនិងកិនបែកក្បាលស្លាប់មួយរំពេច

ចែករំលែក៖

ភ្នំពេញ ៖ បុរសម្នាក់ជាជាងជួសជុលទូរស័ព្ទ បានជិះម៉ូតូតាមដងផ្លូវស្រាប់តែត្រូវរថយន្តហុីយ៉ាន់ដាយ បេីកមកបុកពីក្រោយ និងកិនបែកក្បាលស្លាប់មួយរំពេច រួចអ្នកបេីករថយន្តបង្កចុះគេចខ្លួនបាត់ ។ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះបានបង្កឡេីងកាលពីវេលាម៉ោង១១ និង១០នាទីព្រឹក ថ្ងៃទី១២ ខែកក្កដា ឆ្នាំ ២០២៤ នៅលេីដងផ្លូវ១០៤ ក្នុងភូមិគងនយ សង្កាត់គងនយ ខណ្ឌដង្កោ រាជធានីភ្នំពេញ ។ 

  សពជនរងគ្រោះមានឈ្មោះ ញុល ផានិត្យ ភេទប្រុស អាយុ២២ឆ្នាំ មុនរបរជាជាងជួសជុលទូរស័ព្ទ រស់នៅភូមិព្រៃតាតូច ឃុំបឹងខ្យាង ស្រុកកណ្ដាលស្ទឹង ខេត្តកណ្ដាល ។ 

  តាមប្រភពព័ត៌មានពីកន្លែងកេីតហេតុបានឲ្យដឹងថា មុនពេលកេីតហេតុនោះ គេឃេីញបុរសរងគ្រោះបានជិះម៉ូតូម៉ាក YAMAHA MT ពណ៌ផ្ទៃមេឃ មិនមានផ្លាកលេខ បានធ្វេីដំណេីរតាមបណ្ដោយផ្លូវ១០៤ ទិសដៅពីលិចទៅកេីត ក្នុងល្បឿនលឿនល្មម ។ លុះមកដល់ចំណុចកេីតហេតុស្រាប់តែមានរថយន្តអាបែនដឹកដីធុនធំ មួយគ្រឿងបេីកចេញពីផ្លូវលំឡេីងមកផ្លូវ១០៤ ភ្លាមៗ ទេីបធ្វេីឲ្យបុរសរងគ្រោះដែលកំពុងជិះម៉ូតូចាប់ហ្វាំងបង្ខំឈប់ ហេីយក៏ត្រូវរថយន្តហុីយ៉ាន់ដាយ ពណ៌ស ពាក់ផ្លាកលេខ តាកែវ 3A-1724 មួយគ្រឿងទៀតបេីកមកពីក្រោយក៏បុកពេញទំហឹង និងធ្វេីឲ្យជនរងគ្រោះខ្ទាតមកកណ្ដាលផ្លូវកិនចំក្បាលបែកខួរស្លាប់មួយរំពេច ។ 

    ក្រោយកេីតហេតុ តៃកុងរថយន្តបង្កម៉ាកហុីយ៉ាន់ដាយ បានឈប់រថយន្តរួចចុះគេចខ្លួនបាត់ បន្សល់ទុករថយន្តបង្កចោលនៅឆ្ងាយពីកន្លែងកេីតហេតុប្រហែល១០០ម៉ែត្រ ។ បន្ទាប់មកសម្ថកិច្ចមូលដ្ឋានបានចុះមកដល់ និងសហការជាមួយមន្ត្រីជំនាញចរាចរណ៍ផ្លូវគោក មកធ្វេីការវាស់វែងយករថយន្តនិងម៉ូតូទៅរក្សាទុកនៅផ្នែកជំនាញ នៃការិយាល័យចរាចរណ៍គោករាជធានីភ្នំពេញ រង់ចាំដោះស្រាយនាពេលក្រោយ ។ រីឯសពបុរសរងគ្រោះខាងលេី ត្រូវបានបងប្អូនសាច់ញាតិមកទទួលយកទៅធ្វេីបុណ្យតាមប្រពៃណី ៕

ដោយ ៖ ភារ៉ា ដង្កោ


ចែករំលែក៖