ព័ត៌មានទាន់ហេតុការណ៍៖

ប្រទេស ហុងគ្រី មិនគាំទ្រ អង្គការ NATO ក្លាយជាប្លុកប្រឆាំងចិនឡើយ

ចែករំលែក៖

សារព័ត៌មាន AFP នាថ្ងៃសុក្រ ទី១២ ខែកក្កដា ឆ្នាំ២០២៤ បានផ្សាយថា កាលពីថ្ងៃព្រហស្បតិ៍សប្តាហ៍នេះ រដ្ឋមន្រ្តីការបរទេសនៃប្រទេសហុងគ្រី លោក Peter Szijjarto បានលើកឡើងថា ហុងគ្រីមិនចង់ឱ្យអង្គការ NATO ក្លាយជាប្លុកប្រឆាំងចិនឡើយ ហើយនឹងមិនគាំទ្រដាច់ខាតឱ្យ NATO ក្លាយជាបែបនោះ។ថ្លែងនៅក្រៅកិច្ចប្រជុំកំពូល NATO ក្នុងទីក្រុងវ៉ាស៉ីនតោន ក្រោយត្រូវបានសាកសួរអំពី ការកសាងកិច្ចប្រឹងប្រែងរបស់ បក្សសម្ព័ន្ធយោធាលោកខាងលិចមួយនេះ នៅក្នុងតំបន់ឥណ្ឌូ-ប៉ាស៉ីហ្វិក ជាទីដែលប្រទេសចិន បាននិងកំពុងកើនឡើងឥទ្ធិពលខ្លាំង លោករដ្ឋមន្រ្តីការបរទេសហុងគ្រី បាននិយាយយ៉ាងដូច្នេះថា «NATO គឺជាសម្ព័ន្ធភាពការពារជាតិមួយ… យើងមិនអាចប្រែក្លាយវា ឱ្យទៅជាប្លុកប្រឆាំងចិនឡើយ»។
សេចក្តីថ្លែងការណ៍រួម នៃកិច្ចប្រជុំ NATO នៅអាមេរិក បានចាត់ទុកចិនជាតួអង្គដ៏សំខាន់បំផុតមួយ នៅពីក្រោយកិច្ចប្រឹងប្រែងធ្វើសង្រ្គាមរបស់រុស្ស៉ីនៅអ៊ុយក្រែន ហើយថែមទាំងបានចោទប្រកាន់ថា ទីក្រុងប៉េកាំងបន្តបង្កបញ្ហាប្រឈមជាប្រព័ន្ធ សម្រាប់តំបន់អឺរ៉ុប និងសន្តិសុខអន្តរជាតិ។ ចិនបានចេញមុខភ្លាមៗថ្កោលទោស សេចក្តីថ្លែងការណ៍រួមនោះ ដោយនិយាយថា វាមានភាពលម្អៀង មានចេតនាអាក្រក់ និងមានគោលដៅបង្កើតជម្លោះ។
ចិនគឺជាដៃគូវិនិយោគនិងពាណិជ្ជកម្មដ៏សំខាន់មួយ របស់ហុងគ្រី ខណៈដែលប្រទេសដទៃទៀត នៅក្នុងសហភាពអឺរ៉ុប បាននិងកំពុងតែព្យាយាមកាត់បន្ថយ ការពឹងផ្អែកផ្នែកសេដ្ឋកិច្ច លើទីក្រុងប៉េកាំង។ កាលពីដើមសប្តាហ៍នេះ នាយករដ្ឋមន្រ្តីហុងគ្រី លោក Viktor Orban បានជួបប្រធានាធិបតីចិន លោក ស៉ី ជីនពីង ដើម្បីជជែកអំពីការជួយស្វែងរកសន្តិភាពនៅអ៊ុយក្រែន ក្រោយទស្សនកិច្ចនៅឯទីក្រុងកៀវ និងនៅមូស្គូ។
កិច្ចពិភាក្សារបស់លោក Orban ជាមួយប្រធានាធិបតីរុស្ស៉ី លោក វ៉្លាឌីមៀ ពូទីន បានបង្កឱ្យមេដឹកនាំ EU មួយចំនួនមិនពេញចិត្ត ស្របពេលដែលប្លុកនេះ ព្យាយាមចៀសវាងការទាក់ទងកម្រិតខ្ពស់ជាមួយទីក្រុងមូស្គូ ដោយសារតែវិបត្តិសង្រ្គាមអ៊ុយក្រែន។ ក្នុងកិច្ចប្រជុំ NATO នៅវ៉ាស៉ីនតោន ក្រុមមេដឹកនាំលោកខាងលិច បានសន្យាបន្តការគាំទ្រដល់អ៊ុយក្រែន ហើយសេចក្តីថ្លែងការណ៍រួម បានបញ្ជាក់ជាថ្មី នូវការគាំទ្រដល់អ៊ុយក្រែន ក្នុងផ្លូវឆ្ពោះទៅទទួលបានសមាជិកភាព NATO នាពេលអនាគត៕

ដោយ៖ ធីរីណា(រូប​ថត​៖ AP)


ចែករំលែក៖