ព័ត៌មានទាន់ហេតុការណ៍៖

អាជ្ញាកណ្តាលសញ្ជាតិបារាំង Letexier នឹងធ្វើជាអ្នកកាត់សេចក្តីក្នុងទីលានវគ្គផ្តាច់ព្រ័ត្រ Euro 2024

ចែករំលែក៖

សហព័ន្ធបាល់ទាត់អឺរ៉ុប UEFA បានប្រកាសកាលពីថ្ងៃព្រហស្បតិ៍ថា បុរសជនជាតិបារាំងលោក Francois Letexier នឹងធ្វើជាអាជ្ញាកណ្តាលនៅវគ្គផ្តាច់ព្រ័ត្រនៃការប្រកួតជើងឯកអឺរ៉ុបនៅថ្ងៃអាទិត្យរវាងអេស្ប៉ាញ និងអង់គ្លេសនៅទីក្រុងប៊ែរឡាំង ប្រទេសអាល្លឺម៉ង់។

លោក Letexier វ័យ៣៥ឆ្នាំបានធ្វើអាជ្ញាកណ្តាល៦៥ប្រកួតរបស់ UEFA ចាប់តាំងពីឆ្នាំ២០១៧ រួមទាំងការប្រកួតវគ្គចែកពូល Euro 2024 ចំនួន៣ប្រកួតរវាងក្រុមអេស្ប៉ាញ និងហ្សកហ្ស៊ី, ដាណឺម៉ាក និងស៊ែប៊ី រួមទាំងក្រូអាត និងអាល់បានី។

គាត់ក៏ជាមន្ត្រីអាជ្ញាកណ្តាលទី៤នៅវគ្គផ្តាច់ព្រ័ត្រ Champions League ឆ្នាំនេះ ដែលក្រុម Real Madrid យកឈ្នះ Borussia Dortmund ។

ស្ថាប័នគ្រប់គ្រងបាល់ទាត់អឺរ៉ុបបានប្រកាសនៅក្នុងសេចក្តីថ្លែងការណ៍មួយថា “លោក Letexier នឹងត្រូវបានចូលរួមនៅវគ្គផ្តាច់ព្រ័ត្រនៅថ្ងៃអាទិត្យដោយមានជំនួយការជនជាតិបារាំងលោក Cyril Mugnier និងលោក Mehdi Rahmouni ខណៈដែលលោក Szymon Marciniak សញ្ជាតិប៉ូឡូញនឹងក្លាយជាមន្ត្រីអាជ្ញាកណ្តាលទី៤” ។

តួនាទីជាត្រួតពិនិត្យវីដេអូជំនួយការអាជ្ញាកណ្តាល ឬហៅថា VAR ត្រូវបានប្រគល់ឱ្យលោក Jerome Brisard មានសញ្ជាតិបារាំង អមដោយជំនួយលោក Willy Delajod ក៏សញ្ជាតិបារាំង និងគាំទ្រដោយលោក Massimiliano Irrati មានសញ្ជាតិអ៊ីតាលី, លោក Tomasz Listkiewicz សញ្ជាតិប៉ូឡូញមានតួនាទីជាជំនួយការអាជ្ញាកណ្តាលបម្រុង។

គួរបញ្ជាក់ថា ការប្រកួតវគ្គផ្តាច់ព្រ័ត្រ Euro 2024 រវាងអេស្ប៉ាញនឹងអង់គ្លេសនឹងធ្វើឡើងនៅរាត្រីថ្ងៃអាទិត្យវេលាម៉ោង២រំលងអធ្រាត្រឈានចូលចន្ទទី១៥ កក្កដានេះ៕

ដោយ៖ ភារៈ(រូបភាព ៖ Reuters/CNA)


ចែករំលែក៖