ការរអិលបាក់ដីដែលបង្កឡើងដោយសារភ្លៀងធ្លាក់ខ្លាំងនៅឯតំបន់ភ្នំភាគខាងជើងនៃប្រទេសវៀតណាម បណ្តាលឱ្យរថយន្ត១៦កៅអីមួយគ្រឿងត្រូវកប់ជាប់ក្រោមដី សម្លាប់មនុស្ស ១១នាក់ និងមួយចំនួនទៀតបាត់ខ្លួន នៅថ្ងៃសៅរ៍ ទី១៣ ខែកក្កដា ឆ្នាំ ២០២៤។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។
ក្រុមជួយសង្គ្រោះ រួមទាំងទាហាននិងប្រជាពលរដ្ឋនៅខេត្ត Ha Giang បានរកឃើញសាកសពមនុស្ស ១១នាក់ និងរបួស ៤នាក់។ បើតាមប្រព័ន្ធផ្សព្វផ្សាយរដ្ឋវៀតណាម អាជ្ញាធរមូលដ្ឋាននិយាយថា គេមិនទាន់ដឹងពីចំនួនពិតប្រាកដនៃអ្នកជិះក្នុងរថយន្តនោះនៅឡើយទេ ហើយបន្ទាប់ពីមានភ្លៀងធ្លាក់ខ្លាំងបន្ថែមទៀត កំពុងបង្កភាពស្មុគស្មាញដល់កិច្ចខិតខំប្រឹងប្រែងស្វែងរកនិងជួយសង្គ្រោះ។
មជ្ឈមណ្ឌលជាតិសម្រាប់ការព្យាករធនធានជលសាស្រ្ត បានឱ្យដឹងថា ភ្លៀងធ្លាក់ក្នុងកម្រិត ២៨០មិលី្លម៉ែត្របានវាយប្រហារតំបន់ខាងលើ ក្នុងរយៈពេល ២៤ម៉ោងកន្លងមក។ មជ្ឈមណ្ឌលបានចេញព្រមានពីទឹកជំនន់ភ្លាមៗ បំណាក់ដីដោយសារទឹកជំនន់ ឬចរន្តទឹកនៅក្នុងខេត្ត Ha Giang, Lao Cai, Tuyen Quang និង Yen Bai។ នាយករដ្ឋមន្រ្តីវៀតណាម លោក Pham Minh Chinh បានណែនាំជាបន្ទាន់ដល់អាជ្ញាធរមូលដ្ឋាន និងស្ថាប័នពាក់ព័ន្ធរបស់រដ្ឋាភិបាលឱ្យធ្វើការដោះស្រាយគ្រោះមហន្តនេះ ហើយត្រៀមខ្លួនដើម្បីឆ្លើយតបនឹងគ្រោះទឹកជំនន់ ក៏ដូចជាការរអិលបាក់ដីបន្ថែមទៀត។
គ្រោះធម្មជាតិបានបណ្តាលឱ្យមនុស្ស ៣៨៩ នាក់ស្លាប់ និងរបួស ៦៦៨នាក់ កាលពីឆ្នាំមុន។ ប្រទេសវៀតណាមងាយនឹងជួបគ្រោះមហន្តរាយធម្មជាតិ ដោយទឹកជំនន់ និងព្យុះទីហ្វុង ដែលបានសម្លាប់មនុស្សរាប់រយនាក់ក្នុងមួយឆ្នាំៗ៕
ដោយ៖ ធីរីណា(រូបថត៖ baomoi)