ភ្នំពេញ៖ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានថ្លែងថា ការបន្តថែរក្សាកេរដំណែលរបស់អង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជា (អ.វ.ត.ក.) តាមរយ:ការចងក្រង និងគ្រប់គ្រងឯកសារ ជាមួយនឹងការចែករំលែកចំណេះដឹង និងផ្តល់ព័ត៌មានដល់អ្នកសិក្សាស្រាវជ្រាវ និងសាធារណជនទូទៅគ្រប់ជំនាន់ នឹងចូលរួមចំណែកដល់ការកសាងសន្តិភាពសកល។
នាពិធីដ៏អធិកអធមនេះ សម្តេចមហាបវរធិបតីនាយករដ្ឋមន្ត្រី បានលើកទ្បើងថា របបខ្មែរក្រហម បានបន្សល់ទុកនូវការខូចខាតនឹកស្មានមិនដល់ និងទុក្ខវេទនាដែលមិនអាចបំភ្លេចបាន ដល់ពលរដ្ឋខ្មែរ មកដល់ពេលបច្ចុប្បន្ន បើទោះបីជាពេលវេលាបានកន្លងផុតទៅជាច្រើនទសវត្សរ៍ហើយក៏ដោយ ក៏ពលរដ្ឋខ្មែរនៅបន្តប្រយុទ្ធប្រឆាំងទៅនឹងភាពឈឺចាប់ទាំងនោះ ហើយជនរងគ្រោះដែលនៅរស់រានមានជីវិត ខិតខំតស៊ូជម្នះនៃវិបត្តិផ្លូវចិត្ត និងផ្លូវកាយ ពីការបាត់បង់សមាជិកគ្រួសារ និងបញ្ហាសុខភាពផ្ទាល់ខ្លួនជាប្រចាំ ។ សមិទ្ធផលដ៏ថ្លៃថ្លាជាប្រវត្តិសាស្រ្តរបស់ អង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជា (អ.វ.ត.ក.) បានធ្វើឱ្យប្រទេសកម្ពុជាត្រូវបានគេចាត់ទុកថាជាប្រទេសមួយ ដែលមានសក្តានុពលជាងគេក្នុងតំបន់ទាក់ទងទៅនឹងការកសាងសន្តិភាព ការបង្រួបបង្រួមជាតិ ការផ្តល់យុត្តិធម៌ដល់ជនរងគ្រោះ និងដំណើរការទទួលខុសត្រូវចំពោះមុខច្បាប់ ។ ក្នុងន័យនេះ ការបន្តថែរក្សាកេរដំណែលរបស់ អ.វ.ត.ក. តាមរយ:ការចងក្រង និងគ្រប់គ្រងឯកសារ ជាមួយនឹងការចែករំលែកចំណេះដឹង និងផ្តល់ព័ត៌មានដល់អ្នកសិក្សាស្រាវជ្រាវ និងសាធារណជនទូទៅ គ្រប់ជំនាន់ នឹងចូលរួមចំណែកដល់ការកសាងសន្តិភាពសកល។
ការបន្តថែរក្សានេះ នឹងជួយដល់អ្នកសិក្សាស្រាវជ្រាវ និងសាធារណជនទូទៅ និងគ្រប់ជំនាន់ ស្វែងយល់បន្ថែមអំពីអំពើឧក្រិដ្ឋកម្មធន់ធ្ងរ ក៏ដូចជាជោគជ័យនៃដំណើរការជំនុំជម្រះក្តីរបស់ អ.វ.ត.ក. ដែលបាននាំយកអតីតប្រមុខរដ្ឋនៃរបបមួយមកធ្វើការជំនុំជម្រះទោស, បានលាតត្រដាងនូវការពិតជាប្រវត្តិសាស្រ្តអំពីរបបខ្មែរក្រហម, បានផ្តល់យុត្តិធម៌, បានជួយសម្រាលផ្លូវចិត្តដល់ជនរងគ្រោះ ព្រមទាំងបានបន្សល់ទុកនូវឯកសារសំណុំរឿងចំនួនជាង ២,៤ លានទំព័រ ជាភាសាខ្មែរ អង់គ្លេស និងបារាំង។
សម្តេចធិបតី ក៏បានគូសបញ្ជាក់ផងដែរ អំពីសារៈសំខាន់នៃការបន្តអប់រំ និងការផ្សព្វផ្សាយ ឱ្យបានទូលំទូលាយអំពីបណ្ណសារនៃសំណុំរឿង និងសមិទ្ធផលការងារសម្រេចបានរបស់ អ.វ.ត.ក. ដើម្បីឱ្យសិស្ស និស្សិត និងអ្នកសិក្សាស្រាវជ្រាវជាតិ-អន្តរជាតិ អាចមានលទ្ធភាពពង្រីកចំណេះដឹងរបស់ពួកគេពាក់ព័ន្ធនឹងរបបខ្មែរក្រហម ។ ទន្ទឹមនេះ បន្តជំរុញឱ្យមានសហថាមភាពក្នុងចំណោមក្រសួង ស្ថាប័នពាក់ព័ន្ធ ជាពិសេសស្ថាប័ន អប់រំ វប្បធម៌ យុត្តិធម៌ និងទេសចរណ៍ ក្នុងការផ្ទេរ និងទទួលចំណេះដឹង ចំណេះធ្វើ បទពិសោធល្អៗ និងឯកសារនានាពី អ.វ.ត.ក. ក្នុងស្មារតីបញ្ជ្រាបការយល់ដឹង និងការចូលរួមថែរក្សាសមិទ្ធផលទាំងនេះសម្រាប់មនុស្សជំនាន់ក្រោយ ព្រមទាំងបង្ការ និងទប់ស្កាត់អំពើជ្រុលនិយម និងការកើតឡើងវិញនៃអតីតកាលដ៏ខ្មៅងងឹតដ៏ជូរចត់របស់កម្ពុជា នាពេលអនាគត ។
ជាមួយនឹងការអប់រំ និងការផ្សព្វផ្សាយអំពីសមិទ្ធផលរបស់ អ.វ.ត.ក. នេះ ក៏ត្រូវគិតគូរផងដែរ អំពីការថែរក្សាប្រកបដោយលក្ខណៈនិរន្តរភាពនូវសមិទ្ធផល, គម្រោងសំណងសមូហភាព និងផ្លូវចិត្ត ដែលអ.វ.ត.ក. បានសម្រេចផ្តល់ឱ្យដល់ដើមបណ្តឹងរដ្ឋប្បវេណី និងជនរងគ្រោះនៃរបបខ្មែរក្រហម នាពេលកន្លងមក និងបង្កើតគម្រោងនានា បន្ថែមទៀត ដើម្បីបន្តផ្តល់ការគាំទ្រដល់ដើមបណ្តឹងរដ្ឋប្បវេណី និងជនរងគ្រោះទាំងអស់ ។
ជាចុងក្រោយ សម្តេចមហាបវរធិបតី បានសម្តែងនូវការដឹងគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះស្នាដៃ និងគុណូបការៈដ៏ធំធេងមិនអាចកាត់ថ្លៃបានរបស់ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និង សម្តេចវិបុលបញ្ញា សុខ អាន ដែលបានដឹកនាំក្រុមការងារចរចារបស់រាជរដ្ឋាភិបាលកម្ពុជាជាមួយសមភាគីចចាររបស់អង្គការសហប្រជាជាតិ ក្នុងការបង្កើតតុលាការកូនកាត់មួយនេះ និងបានដំណើរការទៅដោយរលូន ព្រមទាំងរក្សាបាននូវអធិបតេយ្យភាព និងភាពម្ចាស់ការក្នុងដឹកនាំនិងចាត់ចែងដំណើរការកាត់សេចក្តី ។ ទន្ទឹមនេះ សម្តេច បានអរគុណដល់ចៅក្រម ព្រះរាជអាជ្ញា មេធាវី មន្ត្រីច្បាប់ និងមន្រ្តីបុគ្គលិករដ្ឋបាលតុលាការទាំងអស់ទាំងភាគីជាតិ និងអន្តរជាតិ ដែលបានចូលរួមចំណែកនៅក្នុងដំណើរការនេះ ។ ព្រមទាំងអរគុណដល់ជនរងគ្រោះដែលបានតាំងខ្លួនជាដើមបណ្តឹង រដ្ឋប្បវេណី និងបានផ្តល់សក្ខីកម្មអំពីរឿងរ៉ាវផ្ទាល់ខ្លួនដ៏ជូរចត់នៅចំពោះមុខតុលាការ ដើម្បីស្វែងរកការពិត និងយុត្តិធម៌ដល់ជនរងគ្រោះទាំងអស់នៃរបបដ៏ឃោរឃៅខ្មែរក្រហម ៕
ដោយ៖ តារា