សមាជិកសភាថ្មីនៃរដ្ឋសភាបារាំងបានបោះឆ្នោតគាំទ្រអ្នកនយោបាយកណ្តាល Yeael Braun-Pivet ដែលជាសម្ព័ន្ធមិត្តដ៏រឹងមាំរបស់ប្រធានាធិបតី Emmanuel Macron សម្រាប់អាណត្តិទីពីរជាប្រធានសភាតំណាងរាស្រ្ត។
ដូចដែលបានព្យាករណ៍ដោយអ្នកជំនាញជាច្រើន ការបោះឆ្នោតត្រូវបន្តទៅជុំទីបី ដែលជារឿងដ៏កម្របំផុតនៅក្នុងសាធារណរដ្ឋទីប្រាំនៃប្រទេសបារាំង។ យោងតាមបទប្បញ្ញត្តិក្នុងការបោះឆ្នោតពីរជុំដំបូង ដើម្បីឈ្នះ បេក្ខជនត្រូវធានាថានឹងទទួលបានសំឡេងភាគច្រើនដាច់ខាត (50% បូក 1 សំឡេង)។ ទោះជាយ៉ាងណាក៏ដោយ នៅក្នុងជុំទី 3 បេក្ខជនគ្រាន់តែត្រូវការឈ្នះភាគច្រើនប៉ុណ្ណោះ (មានន័យថាបេក្ខជនដែលមានសំឡេងច្រើនឈ្នះ)។ ក្នុងករណីជុំទី៣ បើបេក្ខជនទាំងអស់មានសំឡេងឆ្នោតដូចគ្នា បុគ្គលចាស់ជាងគេនឹងកាន់តំណែងជាប្រធានសភាតំណាងរាស្រ្ត។
អ្នកនយោបាយមកពីប្លុកធំៗទាំងបី និងគណបក្សតូចៗបានប្រជែងគ្នាដណ្តើមតំណែងប្រធានសភា ដោយបក្សពួកនីមួយៗសង្ឃឹមថានឹងមានឥទ្ធិពលលើការតែងតាំងនាយករដ្ឋមន្ត្រីនាពេលអនាគត។ មានបេក្ខជនចំនួន៦រូបបានចូលរួមក្នុងការប្រកួតប្រជែង។
នៅក្នុងការបោះឆ្នោតជុំទី៣ កាលពីថ្ងៃទី១៨ ខែកក្កដា ដែលជាថ្ងៃសម័យប្រជុំដំបូងនៃរដ្ឋសភាថ្មីបានចាប់ផ្ដើម លោកស្រី Braun-Pivet ទទួលបានសំឡេងគាំទ្រ ២២០សំឡេងសម្រាប់តំណែងប្រធានសភាតំណាងរាស្រ្ដ ខណៈគូប្រជែងសំខាន់របស់លោកស្រីសម្រាប់តំណែងនេះ គឺស្ថាបនិកបក្សកុម្មុយនិស្តបារាំង អ្នកនយោបាយជើងចាស់ Andre Chassaigne បានទទួលសំឡេងគាំទ្រចំនួន 207 នៅក្នុងការប្រជែងគ្នាយ៉ាងជិតស្និទ្ធ។
អ្នកស្រី Yaël Braun-Pivet អាយុ 53 ឆ្នាំបានធ្វើជាប្រធានសភាតំណាងរាស្រ្តតាំងពីឆ្នាំ 2022។ លោកស្រីបានទទួលការគាំទ្រពីសម្ព័ន្ធមិត្តកណ្តាលរបស់លោក Macron និងសមាជិកសភាអភិរក្សនិយមមួយចំនួនដែលចង់រារាំងបេក្ខជនឆ្វេងនិយមឈ្នះតំណែងនេះ៕
ដោយ៖ ធីរីណា(រូបថត៖ AFP)