ភ្នំពេញ ៖ ក្រោយពីទទួលដំណឹងពីប្រជាពលរដ្ឋ អំពីបញ្ហាកកស្ទះប្រព័ន្ធលូ មួយខ្សែ ក្នុងមូលដ្ឋានសង្កាត់ទឹកថ្លា ជាក់ស្តែងនៅព្រឹកថ្ងៃ ១៩ ខែ កក្កដា ឆ្នាំ ២០២៤ លោក ម៉ូវ ម៉ានិត អភិបាលនៃគណៈ អភិបាលខណ្ឌសែន បានចាត់អោយមន្ត្រីក្រោមឱវាទដោយមានការចូលរួម លោកមេភូមិចុងថ្នល់ខាងលិច ដឹកនាំកម្លាំង ចុះស្តារបូមប្រព័ន្ធលូ ដើម្បីសម្រួលដល់ចរន្តទឹកហូរដែលរងការកកស្ទះដោយសារសំរាម ។
លោក ម៉ូវ ម៉ានិត បានឲ្យដឹងថាក្រោយទទួលបានព័ត៌មាននេះ លោកបានចាត់តាំង ទៅមន្ត្រីជំនាញ ដើម្បីចេញរថយន្តបូមលូ ចុះស្តារបូម ប្រពន្ធ័លូមួយនេះ។ លោកក៏បានឲ្យដឹងទៀតថា ទីតាំងខាងលើ ជាចំណុចទាបជាងនីវ៉ូទឹក ហើយលំហូរទឹកឆ្ងាយពីប្រព័ន្ធប្រឡាយទឹក ជាហេតុធ្វើឲ្យ ផ្លូវមួយខ្សែនេះ មានការស្ទះ នារដូវរស្សា តែទោះជាយ៉ាងណា លោក និងបន្តធ្វើបែបនេះឲ្យបានញឹកញាប់តាមតែអាចធ្វើបាន ។
គួរបញ្ជាក់ថា ប្រព័ន្ធផ្លូវលូ មួយខ្សែប្រវែងប្រមាណជាង១០០ម៉ែត្រ ត្រូវបានកកស្ទះ និងជន់លិច នារដូវវស្សាក្រោយភ្លៀង៣ទៅ៤ថ្ងៃ ឬឈានដល់មួយសប្តាហ៍ក៏មាន តាមស្ថានភាពទឹកភ្លៀង ទីតាំងនេះស្ថិតនៅខាងលិចក្បែររបងវិទ្យាស្ថានពហុបច្ចេកទេស ព្រះកុសុមៈ ស្ថិតភូមិចុងថ្នល់ខាងលិច សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ ។
ប្រជាពលរដ្ឋរស់នៅតាមបណ្ដោយផ្លូវនោះ បានដឹងថា ប្រព័ន្ធលូនៅទីនេះ គឺរងការខូចខាត ស្ទើរទាំងស្រុងទៅហើយ ចំពោះរដូវវស្សា មិនថាភ្លៀងតិចឬខ្លាំង ដឹងតែជន់លិច បើភ្លៀងខ្លាំងវិញទឹកលិចត្រឹមក្បាលជង្គង់ ហើយមិនងាយស្រកនោះទេ ៤ទៅ៥ថ្ងៃឯណោះ ព្រោះប្រព័ន្ធលូតូច មិនងាយរំដោះទឹកចេញទាន់ ម្យ៉ាងទៀតលូក៏ខូចខាតច្រើន សំរាមនិងភក់ណែន។
ចុងក្រោយប្រជាពលរដ្ឋ បានសំណូមពរដល់ លោកអភិបាលខណ្ឌ និងលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ មេត្តាជួយផ្លាស់ប្តូរប្រព័ន្ធលូឲ្យមានមុខកាត់ធំជាងមុន ដើម្បីអោយបរិមាណទឹកអាចហូរបានច្រើនទាន់ពេលវេលា មិនបង្កជាការជន់លិចផ្ទះប្រជាពលរដ្ឋ៕
ដោយ៖ ចន្ទ លីហ្សា