ព័ត៌មានទាន់ហេតុការណ៍៖

រយៈពេល ៧យប់ ៨ថ្ងៃ ! កម្លាំងចម្រុះនៃកងយោធពលខេមរភូមិន្ទ កំពុងបន្តបេសកកម្មយ៉ាងសកម្មក្នុងការរុករកឧទ្ធម្ភាគចក្រ ដែលបានបាត់ការទាក់ទងនៅតំបន់ជួរភ្នំក្រវាញ

ចែករំលែក៖

ខេត្តពោធិ៍សាត់ ៖ បើគិតថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២៤នេះ មានរយៈពេល ៧យប់ ៨ថ្ងៃហើយ ដែលកម្លាំងចម្រុះនៃកងយោធពលខេមរភូមិន្ទ កំពុងបន្តបេសកកម្មយ៉ាងសកម្មក្នុងការរុករកឧទ្ធម្ភាគចក្រ ដែលបានបាត់ការទាក់ទងនៅតំបន់ជួរភ្នំក្រវាញ ទោះបីជាអាកាសធាតុតំបន់នោះ កំពុងបង្កការលំបាកយ៉ាងណាក៏ដោយ។ នេះជាថ្ងៃទី៨ហើយ សម្រាប់ប្រតិបត្តិការស្វែងរកឧទ្ធម្ភាគចក្រ មួយគ្រឿង ដែលបានបាត់ដំណឹង តាំងពីល្ងាចថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២៤។

លោក ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ បានលើកឡើងថា ៖ រយៈពេលជាច្រើនថ្ងៃហើយ ដែលឧទ្ធម្ភាគចក្រមួយគ្រឿងបានបាត់ដានទាក់ទងនៅតំបន់ជួរភ្នំក្រវាញ ខណៈពេលកំពុងហ្វឹកហ្វឺនការហោះហើរ។ ក្នុងនាមជាប្រជាជនខ្មែរមួយរូប ខ្ញុំពិតជាមានក្តីបារម្ភ ព្រមទាំងបាន និងកំពុងតាមដានយ៉ាងយកចិត្តទុកដាក់លើករណីនេះ។ 

លោកឧបនាយករដ្ឋមន្ត្រីបន្តថា ៖ ខ្ញុំសូមយកឱកាសនេះ ចូលរួមជាមួយប្រជាជនកម្ពុជា ផ្ញើរសារសាកសួរសុខទុក្ខជូនដល់កម្លាំងចម្រុះនៃកងយោធពលខេមរភូមិន្ទ  និងអ្នកដែលពាក់ព័ន្ធទាំងអស់ ដែលកំពុងប្រឹងប្រែងបំពេញបេសកកម្មរុករកឧទ្ធម្ភាគចក្រមួយគ្រឿងនេះ ហើយសូមចូលរួមជាមួយគ្នា ក្នុងស្មារតីនៃប្រតិបត្តិការរុករកពីចម្ងាយ។ 

លោកបន្តថា ៖ ខ្ញុំសូមចូលរួមលើកទឹកចិត្ត និងសូមផ្តាំផ្ញើរដល់កងកម្លាំងទាំងអស់ សូមមានការប្រុងប្រយ័ត្នខ្ពស់ ខណៈអាកាសធាតុ និងស្ថានភាពភូមិសាស្ត្រនៅតំបន់នោះ កំពុងមានការលំបាក និងស្មុគស្មាញ និងសូមជូនពរឱ្យបេសកកម្មនេះទទួលបានជោគជ័យក្នុងពេលដ៏ខ្លីខាងមុខ។

ព័ត៌មានផ្លូវការ ពីក្រសួងការពារជាតិ តាមរយៈកងទ័ពជើងអាកាស បានបញ្ជាក់ថា ឧទ្ធម្ភាគចក្រដែលបាត់ការទាក់ទង កាលពីថ្ងៃទី១២ កក្កដា គឺជាជើងហោះហើរ ដឹកនាំ ដោយ ឈ្មោះ ស៊ុន ផ្លា ប្រធានក្រុម និងឈ្មោះ ខេង ឆៃយុទ្ធ ជាអាកាសយានិក ។

តាមរយៈ លិខិត ស្ដីពីផែនការហោះហើរ របស់កងទ័ពអាកាសនៃក្រសួងការពារជាតិ លេខ៤១៧ /២៤ ដែលបានចែកចាយជាសាធារណៈ នាថ្ងៃ១៣ កក្កដានេះ បានបញ្ជាក់ថា ឧទ្ធម្ភាគចក្រZ-9 លេខ MH912 ត្រូវមានជើងហោះហើរ ពីភ្នំពេញ -ថ្មដារ-ពោធិ៍សាតិ – ភ្នំពេញ ក្នុងភារកិច្ចហ្វឹកហ្វឺនផ្លូវឆ្ងាយឱ្យអាកាសយានិក ដែលចេញដំណើរពីម៉ោង១១ថ្ងៃត្រង់ ថ្ងៃទី១២កក្កដា និងត្រូវវិលត្រឡបមកវិញ នៅម៉ោង១៤ រសៀលថ្ងៃដដែល។ ប៉ុន្តែជាអកុសល ឧទ្ធម្ភាគចក្រZ-9 លេខ MH912 ដែលដឹកនាំ ដោយ ឈ្មោះ ស៊ុន ផ្លា ប្រធានក្រុម និងឈ្មោះ ខេង ឆៃយុទ្ធ ជាអាកាសយានិក ត្រូវបានបាត់ការទាក់ទង និងពុំមានការបញ្ជាក់ ពីមូលហេតុឡេីយ ៕

ដោយ ៖ សិលា


ចែករំលែក៖