ខេត្តកំពង់ស្ពឺ៖ ប្រធានមន្ទីរបរិស្ថានខេត្តកំពង់ស្ពឺ លោក ច័ន្ទថេត ថានរៈ បានឱ្យដឹងនៅព្រឹកថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២៤នេះថា៖ រយៈពេល ៣យប់ ៤ថ្ងៃកន្លងមកនេះកម្លាំងនៃមន្ទីរបរិស្ថានចំនួន ៤០នាក់ បានចេញប្រតិបត្តិការស្វែងរកយន្តហោះដែលបានដាច់ទំនាក់ទំនងនៅជួរភ្នំក្រវ៉ាញ ក្នុងនោះកម្លាំងបរិស្ថានបានចែកចេញជា ២ក្រុម ដោយ១ក្រុមល្បាតតាមជ្រលងភ្នំ និងខ្នងភ្នំ ឯមួយ ១ក្រុមទៀតល្បាតនៅតាមព្រុំប្រទល់ខេត្តកំពង់ស្ពឺ និងខេត្តពោធិ៍សាត់ ។
ប្រធានមន្ទីរបរិស្ថានខេត្តកំពង់ស្ពឺ បានបន្តថា កម្លាំងមន្ត្រីឧទ្យានុរក្សទាំងអស់ក្រុមទី១ ដឹកនាំដោយលោក សុន សុខលាង ប្រធានការិយាល័យស្តីទី នៃការិយាល័យដែនជម្រកសត្វព្រៃភ្នំឱរ៉ាល់ មានភារកិច្ចចុះល្បាតឃ្លាំមើល និងរុករកឧទ្ធម្ភាគចក្រដែលបានបាត់ដំណឹង នៅចំណុចដំណាក់យាយរីម, ចំណតសេវា, រង្វង់មូលខ្នងស្រល់ និងចំណុចអន្លង់អង្គញ់ ក្នុងភូមិសាស្ត្រខេត្តកំពង់ស្ពឺ និងខេត្តពោធិ៍សាត់ ។ ចំណែកក្រុមទី២ ដឹកនាំដោយលោក ឡុង ស៊ី និងលោក ខន សាខុន ប្រធានការិយាល័យឧទ្យានជាតិជួរភ្នំក្រវាញ ជាកម្លាំងល្បាតជួរភ្នំខាងលើ និងស្វែងរកក្នុងតំបន់ជ្រៅៗ ។
ប្រធានមន្ទីរបរិស្ថានរូបនេះ បានឱ្យដឹងទៀតថា បើទោះបីការស្វែងរកពុំបានជួបឧទ្ធម្ភាគចក្រដែលបាត់ក៏ដោយ តែក្រុមការងារស្វែងរកនៅបន្តសកម្មភាពរុករកជាប្រចាំ៕
ដោយ៖ តារា