ព័ត៌មានទាន់ហេតុការណ៍៖

អភិបាលខេត្តស្ទឹងត្រែង សូមថ្លែងនូវការកោតសរសើរអស់ពីដួងចិត្តជូនចំពោះ អាជ្ញាធរ សមត្ថកិច្ច តំណាងអយ្យការ បង្រ្កាបបទល្មើសបានជោគជ័យ តាមមូលដ្ឋាន

ចែករំលែក៖

ខេត្តស្ទឹងត្រែង ៖ អភិបាលនៃគណៈអភិបាលខេត្តស្ទឹងត្រែង លោក សរ សុពុត្រា បានសំដែងការអរគុណ សូមថ្លែងនូវការកោតសរសើរអស់ពីដួងចិត្តជូនចំពោះ អាជ្ញាធរ សមត្ថកិច្ច តំណាងអយ្យការ បង្រ្កាបបទល្មើសបានជោគជ័យ តាមមូលដ្ឋាន ដើម្បីសុវត្ថិភាព សន្តិសុខ សណ្តាប់ធ្នាប់ ភាពសុខសាន្តជូនប្រជាពលរដ្ឋ ។ 

លោក សរ សុពុត្រា បានថ្លែងថា ៖ ក្នុងនាមប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តស្ទឹងត្រែង ខ្ញុំសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជាទីបំផុតជូនចំពោះ ឯកឧត្តមព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងខេត្ត និងសូមថ្លែងនូវការកោតសរសើរអស់ពីដួងចិត្តជូនចំពោះមេបញ្ជាការ មេបញ្ជាការរង នាយទាហាន នាយទាហានរង នៃបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្ត ដែលបានអនុវត្តបទបញ្ជា សហការ សម្របសម្រួល និងពន្លាតនីតិវិធី ឈានដល់ការបង្ក្រាបបានទាំងស្រុង និងបំបែកសម្បុកក្រុមកាន់កាប់ ប្រើប្រាស់អាវុធកែច្នៃខុសច្បាប់ (កាំភ្លើងហ្គាស បាញ់គ្រាប់ឃ្លី) លួចកាត់ខ្សែភ្លើង ទទួលផលចោរកម្ម និងរក្សាទុក ជួញដូរ ប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន នៅចំណុចស្រែសំគង់ ភូមិស្រែពោធិ៍ សង្កាត់ស្រះឫស្សី ក្រុង-ខេត្តស្ទឹងត្រែង។ 

 អភិបាលនៃគណៈអភិបាលខេត្តស្ទឹងត្រែង លោក សរ សុពុត្រា បានបញ្ជាក់ថា ៖ ខ្ញុំក៏បានប្រគល់ម៉ូតូ មួយគ្រឿង ដែលក្រុមនេះ ធ្វើសកម្មភាពលួចពីប្រជាពលរដ្ឋ កាលពី ២ថ្ងៃមុន ជូនទៅម្ចាស់ដើមវិញផងដែរ ។

អភិបាលនៃគណៈអភិបាលខេត្តស្ទឹងត្រែង លោក សរ សុពុត្រា បានរម្លឹកថា ៖ គោលនយោបាយរបស់រាជរដ្ឋាភិបាលលេខ០១ តឧប ស្ដីពី-ភូមិ-ឃុំ-សង្កាត់ មានសុវត្ថិភាពរួមមាន៖

១៖ ផ្តល់សេវាសាធារណៈ ជាពិសេសសេវារដ្ឋបាលប្រកបដោយគុណភាព តម្លាភាព និងទទួលបានជំនឿទុកចិត្ត ២៖ គ្មានបទល្មើសលួច ឆក់ ប្លន់ គ្រឿងញៀន ល្បែងស៊ីសងខុសច្បាប់ និងបទល្មើសគ្រប់ប្រភេទ ៣៖ មានសណ្តាប់ធ្នាប់សាធារណៈល្អ ជាពិសេសគ្មានគ្រោះថ្នាក់ចរាចរណ៍ ៤៖ គ្មានអំពើអនាចារ គ្មានការជួញដូរមនុស្ស ជាពិសេសស្ត្រី និងកុមារ គ្មានអំពើហិង្សាក្នុងគ្រួសារ និងគ្មានក្មេងទំនើង ៥៖ ដោះស្រាយវិវាទនៅមូលដ្ឋានក្រៅប្រព័ន្ធតុលាការ ប្រកបដោយគុណភាព និងប្រសិទ្ធភាព ៦៖ មានអនាម័យ មានសោភណភាពល្អ និងមានបរិស្ថានល្អ ៧៖ ឆ្លើយតបបានទាន់ពេលវេលាចំពោះគ្រោះមហន្តរាយ និងរាល់ជំងឺឆ្លងរាតត្បាតកាចសាហាវប្រកបដោយប្រសិទ្ធភាព។

លោករំពឹងថា លោក លោកស្រីទាំងអស់នឹងអាចយកចំណេះដឹង ទៅអនុវត្តការងារនៅអង្គភាពខ្លួនផ្ទាល់ ប្រកបដោយសាមគ្គីភាពផ្ទៃក្នុង គណនេយ្យភាព និងរក្សាបាននូវគុណតម្លៃ ខិតខំបម្រើប្រជាពលរដ្ឋក្នុងមូលដ្ឋានឱ្យបានល្អប្រសើរ សំដៅធានាបាននូវការលើកកម្ពស់គុណភាព៕

ដោយ ៖ សិលា


ចែករំលែក៖