ភ្នំពេញ ៖ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា ផ្ញើសារលិខិតរំលែកទុក្ខ ជូន ឯកឧត្តម To Lam ប្រធានរដ្ឋសាធារណរដ្ឋសង្គមនិយមវៀតណាម ចំពោះមរណភាពរបស់ ឯកឧត្តម Nguyen Phu Trong អគ្គលេខាធិការគណៈកម្មាធិការមជ្ឈឹមបក្សកុម្មុយនីស្តវៀតណាម ។
ឯកឧត្តម តូ ឡឺម ប្រធានរដ្ឋ សាធារណរដ្ឋសង្គមនិយមវៀតណាម រដ្ឋធានីហាណូយ វៀតណាម
ឯកឧត្តមប្រធានរដ្ឋ ជាទីគោរពរាប់អាន!
ខ្ញុំពិតជាមានក្តីក្រៀមក្រំយ៉ាងខ្លាំង នៅពេលបានទទួលដំណឹងអំពីមរណភាពរបស់ ឯកឧត្តម Nguyen Phu Trong អគ្គលេខាធិការគណៈកម្មាធិការមជ្ឈឹមបក្សកុម្មុយនីស្តវៀតណាម កាលពីថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២៤ នៅរដ្ឋធានីហាណូយ ប្រទេសវៀតណាម។ ការទទួលមរណភាពរបស់ឯកឧត្តម គឺជាការ បាត់បង់ដ៏ធំធេងមិនត្រឹមតែ ចំពោះសាធារណរដ្ឋសង្គមនិយមវៀតណាមប៉ុណ្ណោះទេ តែជាការបាត់បង់ ចំពោះបក្សកុម្មុយនីស្តវៀតណាម និងប្រជាជនវៀតណាមទាំងមូល។ សមិទ្ធផលដ៏ឧត្តុងឧត្តម និងស្នាដៃដ៏ ថ្លៃថ្លារបស់ឯកឧត្តម នឹងត្រូវបានចងចាំក្នុងដួងចិត្តរបស់ប្រជាជនវៀតណាមគ្រប់ៗរូបជារៀងរហូត។
ក្នុងឱកាសប្រកដោយក្តីសង្វេគនេះ តាងនាមព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា និងប្រជាជនកម្ពុជា ទាំងមូល ខ្ញុំសូមចូលរួមរំលែកនូវសមានទុក្ខដ៏ក្រៀមក្រំបំផុតជាមួយ ឯកឧត្តម និងជាពិសេស តាមរយៈ ឯកឧត្តម ជាមួយក្រុមគ្រួសាររបស់ ឯកឧត្តម Ngyen Phu Trong ចំពោះការបាត់បង់ដ៏ធំធេងនេះ។ សូមឧទ្ទិសដល់ដួងវិញ្ញាណក្ខន្ធរបស់ ឯកឧត្តម Ngyen Phu Trong សូមបានដល់សុគតិភពកុំបីឃ្លៀង ឃ្លាតឡើយ។
សូម ឯកឧត្តម ទទួលនូវការគោរពរាប់អានដ៏ខ្ពង់ខ្ពស់បំផុតពីខ្ញុំ ៕
ដោយ ៖ សិលា