ព័ត៌មានទាន់ហេតុការណ៍៖

រដ្ឋបាលខេត្តកំពតណែនាំដល់ម្ចាស់អាជីវកម្មឱ្យរុះរើផ្ទាំងប៉ាណូឬស្លាកយីហោ ដែលមានផ្សព្វផ្សាយស្រាបៀរនិងគ្រឿងស្រវឹងគ្រប់ប្រភេទ

ចែករំលែក៖

ខេត្ត​កំពត​៖​ រដ្ឋបាលខេត្តកំពត សូមជម្រាបជូនលោក លោកស្រី អភិបាល នៃគណៈ អភិបាលក្រុង ស្រុក ជ្រាបថា៖​ ការផ្សព្វផ្សាយគ្រឿងស្រវឹងតាមដងផ្លូវ ទីតាំងលក់ភេសជ្ជៈ និងតាមទីតាំងសាធារណៈនានា បានជះឥទ្ធិពលអវិជ្ជមានដល់សង្គម ពិសេសជាការអូសទាញដល់យុវជនឱ្យសេពគ្រឿងស្រវឹងដែលឈានដល់ការបង្កអំពើហឹង្សាផ្សេងៗ និងគ្រោះថ្នាក់ចរាចរណ៍ដែលបង្កឡើងដោយសារសេពគ្រឿងស្រវឹងជាដើម។

ដើម្បីចូលរួមចំណែកការលើកកម្ពស់សីលធម៌សង្គម ការរស់នៅប្រកបដោយសុខដុមនីយកម្មក្នុងគ្រួសារខ្មែរ និងចូលរួមរក្សាសណ្តាប់ធ្នាប់ សោភណភាព នៅតាមផ្លូវ ទីប្រជុំជននានាក្នុងភូមិសាស្ត្រខេត្តកំពត ។

រដ្ឋបាលខេត្តកំពត សូមធ្វើការណែនាំដល់លោក លោកស្រី អភិបាលនៃគណៈអភិបាលក្រុង ស្រុកដូចខាងក្រោម ៖

១-លោក លោកស្រីអភិបាលក្រុង ស្រុក ត្រូវចុះអប់រំផ្សព្វផ្សាយអំពីផលប៉ះពាល់អវិជ្ជមាននៃការផ្សព្វផ្សាយគ្រឿងស្រវឹង តាមរយៈផ្ទាំងរូបភាពពាណិជ្ជកម្មជាដើម ជូនបងប្អូនប្រជាពលរដ្ឋ ម្ចាស់អាជីវកម្ម ដែលមានផ្លាកយីហោផ្សព្វផ្សាយគ្រឿងស្រវឹង ឱ្យធ្វើការរុះរើឬឱ្យធ្វើការផ្លាស់ប្តូរផ្លាកយីហោដែលមានរូបភាពផ្សព្វផ្សាយស្រាបៀរឬគ្រឿងស្រវឹងទៅជាផ្លាកយីហោដែលមានរូបភាពផ្សព្វផ្សាយភេសជ្ជៈវិញ ។

២-លោក លោកស្រី អភិបាលក្រុង ស្រុក ត្រូវធ្វើការណែនាំដល់បងប្អូនប្រជាពលរដ្ឋម្ចាស់អាជីវកម្មម្ចាស់ផ្លាកយីហោឱ្យជូនដំណឹងដល់ក្រុមហ៊ុនដែលផ្សព្វផ្សាយពាណិជ្ជកម្ម មករុះរើប៉ាណូឬផ្លាកពាណិជ្ជកម្ម ដែលមានរូបភាពស្រាបៀរឬគ្រឿងស្រវឹងចេញ ដោយទុករយៈពេល ១សប្តាហ៍មុននឹងអាជ្ញាធរចុះអនុវត្តវិធានការរុះរើ ។

៣-លោក លោកស្រី អភិបាលក្រុង ស្រុក ត្រូវចុះអនុវត្តវិធានការអប់រំផ្សព្វផ្សាយ បំផុសស្មារតីឱ្យមានការចូលរួមសហការពីបងប្អូនប្រជាពលរដ្ឋ ម្ចាស់អាជីវកម្ម ក្នុងការអនុវត្តវិធានការនេះ។ 

៤-លោក លោកស្រី អភិបាលក្រុង ស្រុក ត្រូវណែនាំដល់ប្រធានការិយាល័យច្រកចេញចូលតែមួយ ត្រូវពិនិត្យ សំណើសុំបើកអាជីវកម្មឬលើកផ្លាកយីហោនានា ដោយត្រូវជៀសវាងដាច់ខាតការផ្សព្វផ្សាយគ្រឿងស្រវឹង ឬស្រាបៀរ។

ទទួលការណែនាំនេះ លោក លោកស្រី អភិបាលក្រុង ស្រុក ត្រូវចាត់តាំងអនុវត្តចាប់ពីពេលនេះតទៅ និងធ្វើ របាយការណ៍មករដ្ឋបាលខេត្តជារៀងរាល់ខែ។

អាស្រ័យដូចបានជម្រាបជូនខាងលើ សូមលោក លោកស្រី អភិបាល នៃគណៈអភិបាលក្រុង ស្រុក ចាត់ចែងអនុវត្តឱ្យមានប្រសិទ្ធភាពខ្ពស់៕

ដោយ៖ តារា


ចែករំលែក៖