ព័ត៌មានទាន់ហេតុការណ៍៖

អាជ្ញាធរជាតិអប្សរាបដិសេធព័ត៌មានដែលផ្សាយដោយThe Cambodia Daily

ចែករំលែក៖

ខេត្តសៀមរាប៖ នៅថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២៤ អាជ្ញាធរជាតិអប្សរាបានចេញសេចក្ដីប្រកាសព័ត៌មាន ទាក់ទងនឹងការចោទប្រកាន់របស់ ឧបករណ៍ឃោសនានយោបាយជ្រុលនិយម The Cambodia Daily ដែលបានចុះផ្សាយថា “មន្រ្តីអាជ្ញាធរជាតិអប្សរាម្នាក់បានទម្លាយថា កម្ពុជាកំពុងក្លាយជាទីតាំងប្រព្រឹត្តអំពើចោរកម្មដ៏គួរឱ្យភ័យខ្លាចលើភ្ញៀវទេសចរ” អមដោយខ្លឹមសារបំភ្លៃការពិត និងគ្មានមូលដ្ឋានមួយចំនួន។ ពាក់ព័ន្ធនឹងករណីនេះ អាជ្ញាធរជាតិអប្សរា សូមបញ្ជាក់ជូនសាធារណជនទាំងអស់ មេត្តាជ្រាបដូចខាងក្រោម៖

អាជ្ញាធរជាតិអប្សរា មានកិត្តិយសសូមជម្រាបជូនសាធារណជនទាំងអស់ មេត្តាជ្រាបថា៖ កាលពីថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២៤ ឧបករណ៍ឃោសនានយោបាយជ្រុលនិយម The Cambodia Daily បានចុះផ្សាយថា “មន្ត្រី អាជ្ញាធរជាតិអប្សរាម្នាក់បានទម្លាយថា កម្ពុជាកំពុងក្លាយជាទីតាំងប្រព្រឹត្តអំពើចោរកម្មដ៏គួរឱ្យភ័យ ខ្លាចលើភ្ញៀវ ទេសចរ” អមដោយខ្លឹមសារចោទប្រកាន់ដោយបំភ្លៃ និងគ្មានមូលដ្ឋានមួយចំនួន។ 

ពាក់ព័ន្ធនឹងករណីនេះអាជ្ញាធរជាតិអប្សរាសូមបញ្ជាក់ជូនសាធារណជនទាំងអស់ មេត្តាជ្រាបដូចខាងក្រោម៖ ១- ក្រោមអនុសាសន៍ដឹកនាំដ៏ឈ្លាសវៃ និងស្វាហាប់របស់ សម្តេចមហាបវរធិបតី នាយករដ្ឋមន្ត្រីគ្រប់ស្ថាប័នបាននឹងកំពុងបំពេញភារកិច្ចរួមគ្នា ក្នុងគោលដៅដើម្បីលើកកម្ពស់វិស័យ ទេសចរណ៍ ជាពិសេសគិតគូរដល់ការបដិសណ្ឋារកិច្ច សុខុមាលភាព សុវត្ថិភាព និងសន្តិសុខភ្ញៀវទេសចរជាតិនិងអន្តរជាតិ។

២- អាជ្ញាធរជាតិអប្សរា កន្លងមកបានរៀបចំវគ្គបណ្តុះ បណ្តាលបដិសណ្ឋារកិច្ច និងសង្គ្រោះបឋម ជូនភ្នាក់ងារទេសចរណ៍ ដើម្បីអនុញ្ញាតឱ្យពួកគាត់មានលទ្ធភាពគ្រប់គ្រាន់ ក្នុងការជួយសង្គ្រោះ ភ្ញៀវទេសចរនៅពេលរងគ្រោះថ្នាក់ជាយថាហេតុនានា។

៣- អាជ្ញាធរជាតិអប្សរាបានណែនាំដល់មន្ត្រី បុគ្គលិក ភ្នាក់ងារ ពលករ និងឆ្នាំនៃអាជ្ញាធរជាតិ អប្សរា ឱ្យប្រកាន់ភ្ជាប់នូវក្រមសីលធម៌វិជ្ជាជីវៈ បំពេញភារកិច្ចដោយទំនួលខុសត្រូវខ្ពស់ ចៀសវាងជាដាច់ខាតនូវការប្រព្រឹត្តអំពើអសីលធម៌ និងខុសច្បាប់នានាដែលធ្វើឱ្យប៉ះពាល់ ដល់វិស័យទេសចរណ៍ និងកិត្តិយសជាតិ។

៤- អាជ្ញាធរជាតិអប្សរា ដោយមានកិច្ចសហការល្អពីនគរបាលទេសចរណ៍ នគរបាលការពារ បេតិកភណ្ឌ តែងតែបានប្រទះឃើញនូវវត្ថុ ឬរបស់ប្រើប្រាស់មួយ ចំនួនដែលភ្ញៀវទេសចរភ្លេច ឬជ្រុះ ហើយប្រគល់វត្ថុ ឬរបស់ប្រើប្រាស់នោះជូនភ្ញៀវទេសចរវិញ។ ក្នុងករណី វត្ថុ ឬរបស់ប្រើ ប្រាស់នោះពុំទាន់រកម្ចាស់ឃើញ អាជ្ញាធរជាតិអប្សរាក៏បានប្រកាសតាមប្រព័ន្ធផ្សព្វផ្សាយសង្គម ឬសហការជាមួយផ្នែកឯកជនលើវិស័យទេសចរណ៍ដើម្បីស្វែងរកម្ចាស់ថែមទៀតដែរ។

៥- អាជ្ញាធរជាតិអប្សរា ក៏មិនដែលទទួលបាននូវពាក្យ បណ្ដឹងណាមួយពីភ្ញៀវទេសចរអំពីករណី ឆបោក ឬចោរកម្ម កើតមាននៅរមណីយដ្ឋានអង្គរនោះដែរ។

៦- អាជ្ញាធរជាតិអប្សរា សូមច្រានចោលទាំងស្រុងនូវការផ្សាយដោយគ្មានវិជ្ជាជីវៈរបស់ឧបករណ៍ ឃោសនានយោបាយជ្រុលនិយម The Cambodia Daily នេះ ដែលមានលក្ខណៈបំភ្លៃការពិត ញុះញង់ឱ្យមានការរើសអើង បំភ័ន្ត បំភ្លៃ ដែលនឹងបង្កព័ត៌មានមិនពិតក្នុងសង្គម។ ជាថ្មីម្តងទៀតអាជ្ញាធរជាតិអប្សរាសូមអំពាវនាវដល់សាធារណជនទាំងអស់ បញ្ឈប់ការចែករំលែកព័ត៌មាន បែបនេះ និងចូលរួមចែករំលែកនូវព័ត៌មានដែលមានប្រភពច្បាស់លាស់ និងផ្តល់នូវព័ត៌មានពិត ដើម្បីសេចក្តីសុខសាន្តក្នុងសង្គម៕

ដោយ៖ សូរិយា


ចែករំលែក៖