សារព័ត៌មាន Reuters បានផ្សាយថាយន្ដហោះចម្បាំងអ៉ីស្រាអែលបានបើកការវាយប្រហារលើគោលដៅយោធារបស់ក្រុមហ៊ូទី នៅក្បែរទីក្រុងកំពង់ផែ Hodeidah កាលពីថ្ងៃទី២០ ខែកក្កដា ដោយបានសម្លាប់មនុស្សយ៉ាងហោច ៣នាក់ និង៨៧នាក់ផ្សេងទៀតរងរបួស មួយថ្ងៃបន្ទាប់ពីក្រុមប្រដាប់អាវុធគាំទ្រដោយអ៉ីរ៉ង់មួយនេះប្រើដ្រូនមួយគ្រឿងវាយប្រហារលើទីក្រុង Tel Aviv របស់អ៉ីស្រាអែល។
តាមទូរទស្សន៍ Al-Masirah TV គ្រប់គ្រងដោយក្រុមហ៊ូទី ភាគច្រើននៃអ្នករងរបួសបានរលាកភ្លើងធ្ងន់ធ្ងរ នៅក្នុងការវាយប្រហារតាមផ្លូវអាកាសដែលបានកំណត់គោលដៅលើរោងចក្រប្រេង និងស្ថានីយថាមពលមួយកន្លែង។ ដោយឡែក ខាងអ្នកនាំពាក្យយោធាអ៉ីស្រាអែលបាននិយាយថា កំពង់ផែមួយដែលរងការវាយប្រហារ គឺត្រូវបានប្រើប្រាស់ដោយក្រុមហ៊ូទី ដើម្បីទទួលអាវុធដែលដឹកជញ្ជូនមកពីអ៉ីរ៉ង់។ គោលដៅនៃការវាយប្រហារនេះដែលរួមមានទាំងហេដ្ឋារចនាសម្ព័ន្ធថាមពលមួយកន្លែង គឺស្ថិតនៅចម្ងាយប្រហែលជា១៧០០គីឡូម៉ែត្រពីអ៉ីស្រាអែល។
គួរបញ្ជាក់ថា អ៉ីស្រាអែលបានប្រាប់សម្ព័ន្ធមិត្តរបស់ខ្លួនជាមុន ពីការវាយប្រហារតាមផ្លូវអាកាសរបស់ខ្លួន ជាមួយការប្រើប្រាស់យន្ដហោះចម្បាំង F-15 ជាច្រើនគ្រឿងដែលបានត្រឡប់មកកាន់បន្ទាយវិញដោយសុវត្ថិភាព។ ព្រមពេលជាមួយគ្នា ក្រុមហ៊ូទីបានព្រមានថានឹងធ្វើការសងសឹកចំពោះការវាយប្រហារតាមផ្លូវអាកាសរបស់អ៉ីស្រាអែល ដោយអ្នកនាំពាក្យយោធាក្រុមហ៊ូទី លោក Yahya Saree និយាយថា ហ៊ូទីនឹងមិនស្ទាក់ស្ទើរឡើយក្នុងការវាយប្រហារលើគោលដៅសំខាន់ៗនៅក្នុងប្រទេសអ៉ីស្រាអែល។
ការវាយប្រហារតាមផ្លូវអាកាសរបស់អ៉ីស្រាអែលធ្វើឡើងតែមួយថ្ងៃប៉ុណ្ណោះ បន្ទាប់ពីក្រុមហ៊ូទីបានប្រើដ្រូនរយៈចម្ងាយឆ្ងាយមួយគ្រឿងផលិតដោយអ៉ីរ៉ង់ វាយប្រហារចំកណ្ដាលទីក្រុង Tel Aviv សម្លាប់មនុស្សម្នាក់ និង៤នាក់រងរបួស៕ ដោយ៖ ធីរីណា
រូបថត៖ Reuters