ខេត្តសៀមរាប៖ មេខ្លោងគ្រឿងញៀនម្នាក់ ត្រូវបានកម្លាំងការិយាល័យប្រឆាំងគ្រឿងញៀនចុះស្រាវជ្រាវរហូតឈានដល់កំណត់មុខសញ្ញាបង្រ្កាបនិងឃាត់ខ្លួនពាក់ព័ន្ធករណីរក្សាទុក ដឹកជញ្ជូន ជួញដូរ និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន រួមនឹងវត្ថុតាងគ្រឿងញៀនជិត១០គីឡូក្រាម។ នេះបេីយោងតាមប្រភពព័ត៌មានពីស្នងការដ្ឋាននគរបាលខេត្តសៀមរាបបានឱ្យដឹងកាលពីល្ងាចថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២៤។
ប្រភពដដែលបន្តថា តាមរយៈការយកចិត្តទុកដាក់និងអនុវត្តតាមបទបញ្ជាដ៏មុឺងម៉ាត់របស់លោកឧត្តមសេនីយ៍ទោ ហួត សុធី ស្នងការនគរបាលខេត្ត ដឹកនាំដោយលោកឧត្តមសេនីយ៍ត្រី អ៊ុំ អមរា ស្នងការរងទទួលផែនការងារប្រឆាំងគ្រឿងញៀន និងមានការសម្របសម្រួលនីតិវិធីពី លោក មាស ច័ន្ទពិសិដ្ឋ ព្រះរាជអាជ្ញានៃអយ្យការអមសាលាដំបូងខេត្តសៀមរាប នៅថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២៤ វេលាម៉ោង១០និង៣០នាទី កម្លាំងការិយាល័យប្រឆាំងគ្រឿងញៀន សហការជាមួយមន្ទីរសាធារណការនិងដឹកជញ្ជូនខេត្ត និងកម្លាំងនៃអធិការដ្ឋាននគរបាលស្រុកពួក បានបង្រ្កាបករណីរក្សាទុក ដឹកជញ្ជូន ជួញដូរ និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន នៅត្រង់ចំណុចលើផ្លូវជាតិលេខ៦ ស្ថិតនៅក្នុងភូមិពួកថ្មី ឃុំពួក ស្រុកពួក ខេត្តសៀមរាប ដោយបានឃាត់ខ្លួនជនសង្ស័យម្នាក់ឈ្មោះធន ឆវ័ន្ទ ហៅ ណាត់ ភេទប្រុស អាយុ២៨ឆ្នាំ បច្ចុប្បន្នរស់នៅផ្ទះជួល ស្ថិតនៅភូមិអូរដំបង២ ឃុំអូរដំបង២ ស្រុកសង្កែ ខេត្តបាត់ដំបង។
កម្លាំងនគរបាលជំនាញបានដកហូតវត្ថុតាងរួមមាន៖ ម្សៅមេតំហ្វេតាមីន (ICE) ចំនួន១០ដុំ ស្មើនឹងទម្ងន់ ៩,៩៥៥.៦៥ក្រាម, មេតំហ្វេតាមីនប្រភេទគ្រាប់ ពណ៌ផ្កាឈូកសញ្ញា WY ចំនួន ០៥គ្រាប់។
ក្រោយការសួរនាំនៅថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២៤ ជនសង្ស័យរួមទាំងវត្ថុតាងត្រូវបានកម្លាំងការិយាល័យជំនាញកសាងសំណុំរឿងបញ្ចូនទៅកាន់សាលាដំបូងខេត្តសៀមរាប ដើម្បីចាត់ការតាមនីតិវិធីច្បាប់៕
ដោយ៖ តារា