ភ្នំពេញ ៖ រថយន្តកូរ៉េមួយគ្រឿងដឹកនំបញ្ចុកយកទៅដាក់ឱ្យម៉ូយបានក្រឡាប់ផ្ងារជើង ចាក់នំបញ្ចុកចោលពាសពេញផ្លូវ ខណៈជួបគ្រោះថ្នាក់ចរាចរណ៍ត្រូវបានរថយន្តបើកលឿនបញ្ច្រាសទិសគ្នាវ៉ាជែងជ្រុលទៅបុកពេញទំហឹង។
ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៣និង៣០នាទីទៀបភ្លឺឈានចូលថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២៤ នៅតាមផ្លូវ៣០ម៉ែត្រ ចំណុចភូមិ២៤ សង្កាត់ព្រៃស ខណ្ឌដង្កោ រាជធានីភ្នំពេញ ។
ប្រភពព័ត៌មាននៅកន្លែងកើតហេតុបានឱ្យដឹងថា មុនពេលកើតហេតុ គេឃើញរថយន្តLexus GS300 ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2AM-3289 បើកបរដោយបុរសម្នាក់យ៉ាងលឿនក្នុងទិសដៅពីជើងទៅត្បូង ខណៈមកដល់ចំណុចកើតហេតុបានបើកវ៉ាជែងម៉ូតូកង់បីជ្រុលចូលគន្លងផ្លូវម្ខាងទៀតទៅបុករថយន្តម៉ាកហុីយ៉ាន់ដាយ ពណ៌ខៀវ ពាក់ស្លាកលេខ ភ្នំពេញ 2BJ-5251 បើកដោយបុរសម្នាក់ រួមដំណើរជាមួយប្រពន្ធ ដឹកនំបញ្ចុកដើរដាក់ឱ្យម៉ូយនៅផ្សារទួលពង្រដែលកំពុងបើកពីត្បូងទៅជើងបណ្តាលឱ្យក្រឡាប់ ចាក់នំបញ្ចុកចោលពេញផ្លូវ រីឯអ្នកបើកបររថយន្តLexus បានគេចខ្លួនបាត់ ។
បន្ទាប់ពីកើតហេតុ សមត្ថកិច្ចបានចុះទៅអន្តរាគមន៍ស្ទូចយករថយន្តទៅរក្សាទុកនៅផ្នែកជំនាញខណ្ឌ រង់ចាំភាគីទាំងសងខាងដោះស្រាយគ្នាពេលក្រោយ ៕
ដោយ៖ ជ្រោយពេជ្រ