ព័ត៌មានទាន់ហេតុការណ៍៖

ពលរដ្ឋប្រទះឃើញគ្រាប់មីនស្គររាប់សិបគ្រាប់នៅមាត់អូរព្រំដែនកម្ពុជា-ថៃ

ចែករំលែក៖

ខេត្តបាត់ដំបង៖ ពលរដ្ឋបានប្រទះឃើញនៅមាត់អូរព្រំដែនកម្ពុជា-ថៃគ្រាប់យុទ្ធភ័ណ្ឌមិនទាន់ផ្ទុះសល់ពីសម័យសង្គ្រាមនៅមាត់អូរព្រំដែនកម្ពុជា-ថៃ កាលពីវេលាម៉ោង១១និង២៥នាទី ថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២៤ នៅត្រង់ចំណុចTV230497-1449563 មាត់អូរព្រំដែន ស្ថិតក្នុងក្រុមទី០៧ ភូមិអូរគគីរ ឃុំអូរដា ស្រុកកំរៀង ។

ប្រភពពីសមត្ថកិច្ចប្រាប់ថាៈ គ្រាប់យុទ្ធភ័ណ្ឌមិនទាន់ផ្ទុះដែលពលរដ្ឋប្រទះឃើញខាងលើនេះ ជាប្រភេទគ្រាប់មីនស្គរ ដែលគ្រាប់ទាំងអស់នេះសេសសល់តាំងពីសម័យសង្គ្រាមដែលមានចំនួនសរុបប្រហែល ៥០គ្រាប់។

ប្រភពបន្តថាៈបន្ទាប់ពីពលរដ្ឋប្រទះឃើញគ្រាប់យុទ្ធភ័ណ្ឋមិនទាន់ផ្ទះបានរាយការណ៍ជូនសមត្ថកិច្ចដើម្បីចុះទៅពិនិត្យ និងរាយការណ៍ជូនមន្ត្រីជំនាញដើម្បីរាវរកគ្រាប់យុទ្ធភ័ណ្ឋបន្ថែមទៀតដែលមាននៅទីតាំងខាងលើ ព្រោះកាលពីសម័យសង្គ្រាមទីតាំងដែលពលរដ្ឋប្រទះឃើញនោះគីជាកន្លែងសមរភូមិក្ដៅរវាងកងទ័ពជាតិនិងកងទ័ពខ្មែរក្រហមអំឡុងឆ្នាំ១៩៨៩រហូតដល់ឆ្នាំ១៩៩៤។

ទោះជាយ៉ាងណា ក្រោយពីមន្ត្រីជំនាញត្រួតពិនិត្យរួចរាល់ហើយ គ្រាប់យុទ្ធភ័ណ្ឋទាំងអស់ត្រូវប្រគល់ឱ្យមន្ត្រីជំនាញយកទៅរក្សាទុកដើម្បីកម្ទេចចោល។

មន្ត្រីជំនាញក៏បានអំពាវនាវដល់ពលរដ្ឋដែលដើរប្រមាញ់សត្វតាមព្រំដែន ឫពលរដ្ឋដែលធ្វើស្រែចម្ការមានការប្រុងប្រយ័ត្នខ្ពស់ បើឃើញគ្រាប់យុទ្ធភ័ណ្ឌណាមួយត្រូវរាយការណ៍ជូនដល់មន្ត្រីជំនាញ ចៀសវាងមានគ្រោះថ្នាក់ដល់អាយុជីវិត៕

ដោយ ៖ វណ្ណា


ចែករំលែក៖