ព័ត៌មានទាន់ហេតុការណ៍៖

កិច្ចប្រជុំពិនិត្យវឌ្ឍនភាពការងារប្រចាំខែរបស់ក្រសួងមុខងារសាធារណៈ បានរំលេចបាននូវភាពសកម្ម និងភាពមមាញឹករបស់មន្ត្រីក្រសួងគ្រប់ៗរូប

ចែករំលែក៖

ភ្នំពេញ៖ ជារៀងរាល់ថ្ងៃព្រហស្បតិ៍ ក្នុងសប្តាហ៍ទី៤ នៃខែនីមួយៗ ក្រសួងមុខងារសាធារណៈ តែងតែអនុវត្តរបបប្រជុំប្រចាំខែ។ ជាក់ស្តែង នាព្រឹកថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២៤លោក ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ បានដឹកនាំកិច្ច ប្រជុំពិនិត្យវឌ្ឍនភាពការងារប្រចាំខែកក្កដា និងលើកទិសដៅការ ងារបន្ត របស់ក្រសួងមុខងារសាធារណៈ។ កិច្ចប្រជុំនេះ បានប្រព្រឹត្តទៅ នៅសាលាភូមិន្ទរដ្ឋបាល ដោយមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំ និងមន្ត្រីជំនាញរបស់ក្រសួងមុខងារសាធារណៈ ជាច្រើនរូប ព្រមទាំងថ្នាក់ដឹកនាំ និងមន្ត្រីមន្ទីរមុខងារសាធារណៈ រាជធានី-ខេត្តទាំង២៥ តាមប្រព័ន្ធអនឡាញ។

ក្នុងកិច្ចស្វាគមន៍ និងបើកកិច្ចប្រជុំឧបនាយករដ្ឋមន្ត្រី បានបញ្ចាក់ថា កិច្ចប្រជុំប្រចាំខែនេះ ក្នុងគោលបំណង ដើម្បីត្រួតពិនិត្យ តាមដាននូវវឌ្ឍនភាពការងារសម្រេចបាន និងបន្តវាយតម្លៃលទ្ធផលការងារដែលបានកំណត់ និងផ្សព្វផ្សាយទិសដៅការងារនានាសម្រាប់អនុវត្តបន្ត។ ក្រៅពីរបៀបវារៈជាច្រើន ដែលបានលើកយកចេញពីរបាយការណ៍ដើម្បីពិភាក្សា ផ្លាស់ប្តូរយោបល់ ដោះ ស្រាយ និងសម្រេច កិច្ចប្រជុំប្រចាំខែកក្កដា បានបំផុសការពិភាក្សាមួយសំដៅលើបន្ទុកការងាររបស់មន្ត្រីគ្រប់ជាន់ថ្នាក់របស់ក្រសួងមុខងារសាធារណៈ ទាំងការងារស្នូលប្រចាំថ្ងៃ ការងារគាំទ្រនានា និងការងារកែទម្រង់រដ្ឋបាលសាធារណៈ។

ក្រោយបានស្តាប់របាយកាណ៍ ក៏ដូចជាមតិយោបល់ចូលរួមពីអង្គប្រជុំរួចមក ឧបនាយករដ្ឋមន្ត្រីប្រធានអង្គ ប្រជុំ ក៏បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះ ការខិតខំប្រឹងប្រែងរបស់ថ្នាក់ដឹកនាំ និងមន្ត្រីរាជការទាំង អស់ ទាំងថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ក្នុងការបំពេញតួនាទីភារកិច្ចយ៉ាងសកម្មក្នុងស្មារតីទទួល ខុសត្រូវ ហើយសម្រេចបាននូវសមិទ្ធផលគួរកត់សម្គាល់ក្នុង រយៈពេល ១០ខែកន្លងមក រហូតទទួលបានការសាទរគួរជាទីមោទនៈពីសំណាក់មហាជន និងប្រជាពលរដ្ឋ។ 

នៅក្នុងខែកក្កដា ឆ្នាំ២០២៤ ក្រសួងមុខងារសាធារណៈ ក្រោមការដឹកនាំរបស់ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានដឹកនាំប្រកបដោយឆន្ទៈ និងការប្តេជ្ញាចិត្តយ៉ាងមុតមាំ ឈ្លាសវៃ ហ្មត់ចត់ មានចក្ខុវិស័យ និងទស្សនៈវិស័យច្បាស់លាស់ ក្នុងការគ្រប់គ្រង និងអភិវឌ្ឍវិស័យមុខងារសាធារណៈ និងដោយមានការគាំទ្រអនុវត្តការងារប្រកប ដោយស្មារតីទទួលខុសត្រូវខ្ពស់របស់មន្ត្រីរាជការគ្រប់ជាន់ថ្នាក់ ជាពិសេសការអនុវត្តវិធានការគន្លឹះរបស់រាជ រដ្ឋាភិបាលក្នុងការកែទម្រង់រដ្ឋបាលសាធារណៈដោយសម្រេចបានសមិទ្ធផលសំខាន់ៗ ជាច្រើនរួមមាន៖ 

១)ការរៀបចំ និងកែលម្អរចនាសម្ព័ន្ធក្រសួង-ស្ថាប័ន តាមរយៈការអនុវត្តការវិភាគមុខងារ ២)ការធ្វើបច្ចុប្បន្នភាពមន្ត្រីរាជការស៊ីវិលថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ៣)ការពង្រឹងការគ្រប់គ្រងការវិវឌ្ឍអាជីពរបស់មន្ត្រីរាជការ ៤)ការអភិវឌ្ឍធនធានមនុស្សនិងស្ថាប័ន ៥)ការកែលម្អការផ្តល់សេវាសាធារណៈ ៦)ការកែទម្រង់ប្រព័ន្ធបៀវត្ស ដើម្បីបង្កើនប្រាក់បៀវត្ស ប្រាក់ឧបត្ថម្ភ និងរបបសន្តិសុខសង្គម និង ៧)ការលើកកម្ពស់កិច្ចសហប្រតិបត្តិការជាមួយប្រទេសក្នុងតំបន់ និងក្រៅតំបន់រួមទាំងជាមួយដៃគូអភិវឌ្ឍន៍នានា៕

ដោយ៖ សូរិយា


ចែករំលែក៖