ខេត្តពោធិ៍សាត់ ៖ យ៉ាងហោចណាស់មានផ្ទះសម្បែងប្រពលរដ្ឋចំនួន៤ខ្នង ខ្លោងទ្វារវត្ត និងបង្គោលភ្លើង បានរងការខូចខាតយ៉ាងដំណំ ដោយសារគ្រោះធម្មជាតិភ្លៀងផ្គរ រន្ទះ និងខ្យល់កន្រ្តាក់ នៅស្រុកវាលវែង ។
ផ្ទះសម្បែង ខ្លោងទ្វារវត្ត បង្គោលភ្លើងបានរងការខូចខាតដោយសារគ្រោះធម្មជាតិខាងលើ កាលពីល្ងាចម្សិលមិញ ថ្ងៃព្រហស្បតិ៍ ៥រោច ខែអាសាឍ ឆ្នាំរោង ឆស័ក ព.ស ២៥៦៨ ត្រូវនឹងថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២៤ ស្ថិតនៅឃុំថ្មដា និងឃុំអូរសោម ស្រុកវាលវែង ខេត្តពោធិ៍សាត់។
អាជ្ញាធរមានសមត្ថកិច្ចមូលដ្ឋានស្រុកវាលវែងបានឱ្យដឹងថា នៅភូមិកណ្តាល ឃុំថ្មដា ខ្លោងទ្វារដែក(វត្តគីរីខណ្ឌសីមាវង្សាសែនជ័យថ្មដា)បានដួលរលំទាំងស្រុង ហើយនៅភូមិកណ្តាលដដែលបានរបើកដំបូលផ្ទះប្រក់សង្ក័សីរបស់ប្រជាពលរដ្ឋ០១ខ្នង និងដួលរលំដើមឈើ សង្កត់ផ្ទះបាយរបស់ប្រជាពលរដ្ឋ០១ខ្នងទៀត។ ចំណែកនៅភូមិឯកភាព ឃុំថ្មដាដែរនោះ ក៏បានរបើកដំបូលផ្ទះប្រក់ក្បឿងចំនួន០២ខ្នងដែរ។
ប្រភពព័ត៌មានពីអាជ្ញាធរដដែលឱ្យដឹងទៀតថា នៅត្រង់ចំណុចព្រៃសហគមន៍ ស្ថិតក្នុងភូមិឆាយលូក ឃុំអូរសោម ស្រុកវាលវែង ខេត្តពោធិ៍សាត់ឯណោះវិញក៏មានដើមឈើ១ដើមធំបានបាក់រលំសង្កត់បង្គោលភ្លើង១ដើមផងដែរ ។
ប្រភពបានបញ្ជាក់ទៀតថា បញ្ហាគ្រោះធម្មជាតិបានបង្កឱ្យមានការខូចខាតខាងលើ តែពុំបង្កឱ្យរងរបួសដល់មនុស្សឬសត្វនោះទេ ៕
ដោយ៖ ប៉ឹម ពិន