ព័ត៌មានទាន់ហេតុការណ៍៖

យុវជនម្នាក់ជិះម៉ូតូលឿនជ្រុលទៅបុកខឿនគល់ស្ពានអាកាសចោមចៅបណ្ដាលឱ្យដួលស្របពេលមានរថយន្តធុនធំមកពីក្រោយកិនបែកក្បាលស្លាប់យ៉ាងរន្ធត់

ចែករំលែក៖

ភ្នំពេញ៖ យុវជនម្នាក់បានស្លាប់នៅនឹងកន្លែងកើតហេតុភ្លាមៗបន្ទាប់ពីចេញពីផឹកសុីជួបជុំមិត្តភក្កិ រួចបបួលគ្នាទៅចូលក្លិបបែរជាមកជួបគ្រោះថ្នាក់ចរាចរណ៍ជិះម៉ូតូទៅបុកខឿនគល់ស្ពានអាកាសចោមចៅបណ្តាលឲ្យដួលស្របពេលមានរថយន្តធុនធំមកពីក្រោយក៏កិនពីលើតែម្តង។

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ខាងលើនេះបង្កការភ្ញាក់ផ្អើលកាលពីវេលាម៉ោង៩:៣០នាទីយប់ថ្ងៃទី២៧ខែកក្កដា ឆ្នាំ២០២៤ នៅចំណុចគល់ស្ពានអាកាសចោមចៅខាងលិច ស្ថិតនៅលើផ្លូវជាតិលេខ៤ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ។

សពមានឈ្មោះ រស់ មករា ភេទប្រុស អាយុ១៨ឆ្នាំ មុខរបរកម្មកររោងចក្រ បច្ចុប្បន្ន ស្នាក់នៅបន្ទប់ជួលម្តុំរោងចក្រQMI  មានស្រុកកំណើតនៅភូមិ៧៧ ឃុំស្វាយទាប ស្រុកចំការលើ ខេត្តកំពង់ចាម។

បើយោងតាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានប្រាប់ឱ្យដឹងថា នៅមុនពេលកើតហេតុគេឃើញយុវជនរងគ្រោះបានជិះម៉ូតូមួយគ្រឿងម៉ាកហុងដាឌ្រីមសេ១២៥ ពណ៌ខ្មៅ ពាក់ផ្លាកលេខភ្នំពេញ 1KV-6967 ជិះម្នាក់ឯងតាមបណ្តោយផ្លូវជាតិលេខ៤ ក្នុងទិសដៅពីលិចទៅកើតក្នុងល្បឿនលឿន ខណៈពេលជិះមកដល់ចំណុចកើតហេតុខាងលើស្រាប់តែរេចង្កូតទៅបុកខឿនគល់ស្ពានអាកាសចោមចៅយ៉ាងពេញទំហឹងបណ្ដាលឱ្យដួលខ្ទាតជនរងគ្រោះទៅកណ្តាលផ្លូវស្របពេលមានរថយន្តធុនធំមួយគ្រឿងពាក់ផ្លាកលេខ ព្រះសីហនុ 3A-1655បើកដោយបុរសម្នាក់ធ្វើដំណើរស្របគ្នាក្នុងទិសដៅពីលិចទៅកើតក្នុងល្បឿនលឿន ជាន់ហ្រ្វ័ងមិនទាន់ក៏កិនជនរងគ្រោះចំក្បាលស្លាប់យ៉ាងរន្ធត់ ចំណែកអ្នកបើករថយន្តក៏បានបើកទ្វារគេចពីកន្លែងកើតហេតុបាត់ស្រមោលទៅ។

ក្រោយកើតហេតុខាងលើសមត្ថកិច្ចមូលដ្ឋានសហការជាមួយនឹងជំនាញចរាចរណ៍បានមកវាស់វែងធ្វើកំណត់ហេតុយករថយន្តនិងម៉ូតូទៅរក្សាទុករង់ចាំឱ្យភាគីទាំងសងខាងដោះស្រាយគ្នានៅពេលក្រោយ៕

ដោយ ៖ រ៉ារ៉ា


ចែករំលែក៖