ព័ត៌មានទាន់ហេតុការណ៍៖

Update៖​ ក្រសួងការពារជាតិ៖​ ពេលនេះក្រុមការងាររុករក និងសង្គ្រោះមិនទាន់អាចទាន់បញ្ជូនសាកសពតាមឧទ្ធម្ភាគចក្រមកកាន់ទីបញ្ជាការស្រាលបានទេ ដោយសារមេឃកំពុងភ្លៀងខ្លាំងនៅតំបន់នោះ

ចែករំលែក៖

ភ្នំពេញ​៖​ ក្រសួងការពារជាតិ​ នៅថ្ងៃត្រង់ថ្ងៃទី​៣០​ ខែកក្កដា​ ឆ្នាំ​២០២៤នេះ​ សូមជូនដំណឹងដល់សាធារណៈជនជ្រាបថា៖​ ព្រឹកនេះវេលាម៉ោង១០​ និង៣០នាទី ក្រុមការងាររុករក និងសង្រ្គោះ របស់ក្រសួងការពារជាតិ បានរកឃើញសាកសពអាកាសយានិកទី២ គឺអាកាសយានិក ស៊ុន ផល្លា ដែលនៅចម្ងាយ២១០ម៉ែត្រ ពីឧទ្ធម្ភាគចក្រ ដែលបានបាត់ការទាក់ទងកាលពីថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២៤ ក្នុងបេសកកម្មហ្វឹកហ្វឺន នៅចំណុចឃុំថ្មដា ស្រុកវាលវែង ខេត្តពោធិ៍សាត់។

 ក្រសួង​ការពារ​ជាតិ​ បានបញ្ជាក់ថា​ ពេលនេះក្រុមការងាររុករក និងសង្គ្រោះមិនទាន់អាចទាន់បញ្ជូនសាកសពតាមឧទ្ធម្ភាគចក្រមកកាន់ទីបញ្ជាការស្រាលបានទេ ដោយសារមេឃកំពុងភ្លៀងខ្លាំងនៅតំបន់នោះ។ 

សូមអរគុណ និងកោតសរសើរដល់ ក្រុមការងាររុករក និងសង្រ្គោះ របស់ក្រសួងការពារជាតិ អគ្គបញ្ជាការ កងទ័ពជើងអាកាស កងទ័ពជើងគោក យោធភូមិភាគទី៥ គណៈបញ្ជាការខេត្ត ដែលបានបំពេញភារកិច្ច ក្នុងប្រតិបត្តិការរុករក និងសង្រ្គោះនេះ ប្រកបដោយការទទួលខុសត្រូវខ្ពស់ និងមានភាពអង់អាច។

ជាមួយការជូនដំណឹងនេះ ក្រសួងការពារជាតិសូមចូលរួមរំលែកទុក្ខយ៉ាងក្រៀមក្រំបំផុតជាមួយក្រុមគ្រួសារសព។ ការពលីជីវិតរបស់អាកាសយានិក ទាំង២រូបនេះ គឺជាការបាត់បង់នូវធនធានមនុស្ស របស់កងយោធពលខេមរភូមិន្ទជា ពិសេសកងទ័ពជើងអាកាស ដែលគួរឲ្យសោកស្តាយបំផុត៕

ដោយ​៖ តារា​


ចែករំលែក៖