ព័ត៌មានទាន់ហេតុការណ៍៖

រថយន្ត​សង្គ្រោះ​មន្ទីរពេទ្យឯក​ជន​បេីក​លឿន​ជ្រុល​ទៅបុក​រថយន្ត​តូយ៉ូតា​ព្រូស​រង​ការ​ខូចខាត​យ៉ាងធ្ងន់ធ្ងរ​

ចែករំលែក៖

ភ្នំពេញ​៖​ រថយន្ត​សង្គ្រោះ​មន្ទីរពេទ្យឯក​ជន​បេីក​ដឹក​អ្នក​ជំងឺជ្រុល​ទៅបុក​រថយន្ត​តូយ៉ូតា​ព្រូស​នៅ​ចំណុចភ្លើង​ស្តុប បណ្តាល​ឱ្យរង​ការ​ខូចខាត​​យ៉ាងធ្ងន់ធ្ងរ​ កាល​ពី​វេលាម៉ោង​២រំលង​អធ្រាត្រឈាន​ចូល​ថ្ងៃ​ទី​ ៣១ខែ​កក្កដា​ឆ្នាំ​២០២៤​នៅតាម​បណ្តោយ​ផ្លូវ​ ណតប្រ៊ីដ កែង​ផ្លូវ​លេខ២០០៤​ដែល​ស្ថិត​នៅ​សង្កាត់​អូរបែក​ក្អម ខណ្ឌ​សែនសុខ រាជធានី​ភ្នំពេញ​ ។ 

តាម​ប្រភព​ព័ត៌មាន​ពី​កន្លែង​កើត​ហេតុ​បាន​និយាយ​ប្រាប់​ថា នៅមុន​ពេល​កេីត​ហេតុ​គេឃើញ​រថយន្ត​តូយ៉ូតា​ព្រូស ពណ៌​ស​ ពាក់​ស្លាក​លេខភ្នំពេញ​2BD-2191​ បេីក​បរ​ដោយ​បុរស​ម្នាក់​និង​មានអ្នក​រួម​ដំណើរ​២នាក់​ទៀត​ ធ្វើ​ដំណើរ​តាម​បណ្ដោយ​ផ្លូវ​លេខ២០០៤​ ក្នុង​ទិស​ដៅ​ពី​លិច​ទៅ​កេីត​ លុះ​បេីក​មក​ដល់​ចំណុច​កេីត​ហេតុ​ ក៏​ស្រាប់​តែ​មានរថយន្ដ​សង្គ្រោះ​ឯក​ជន​មួយ​គ្រឿង​ពាក់​ស្លាក​លេខ​បន្ទាយមានជ័យ​2D-7229បេីក​បរ​តាម​បណ្ដោយ​ផ្លូវ​ណតប្រ៊ីត​ ក្នុង​ទិសដៅ​ពី​ជេីង​ទៅ​ត្បូង​ ក្នុង​ល្បឿន​យ៉ាង​លឿន​លុះបេីក​មក​ដល់​ចំណុច​ស្តបណតប្រ៊ីដក៏​ស្រាប់​តែ​មានរថយន្ត​តូយ៉ូតា​ព្រូស​បេីក​ឆ្លង​ភ្លើងស្តុប​ជិត​ផុត​ហើយត្រូវរថយន្ត​សង្គ្រោះ​ឯក​ជន​ខាង​លេី​ដែល​បេីក​ដឹក​អ្នក​ជំងឺ​មិន​បាន​បេីកសុីរ៉ែន​ជ្រុល​ទៅ​បុក​រថយន្ត​តូយ៉ូតា​ព្រូស​ពេញ​ទំហឹង​បណ្តាល​ឱ្យរង​ការ​ខូចខាត​យ៉ាង​ធ្ងន់ធ្ងរ​ គឺ​រថយន្ត​តូយ៉ូតា​ព្រូស​បែក​កង់​និង​ដាច់​កាង​ផ្នែក​ខាង​ក្រោយ​យ៉ាង​ធ្ងន់ធ្ងរ​ ចំណែក​ឯរថយន្ត​សង្គ្រោះ​ឯក​ជន​វិញ​រង​ការ​ខូចខាត​ផ្នែក​ខាង​មុខ​ ។ បេីតាម​ប្រភព​ព័ត៌មាន​ពី​អ្នក​បេីក​រថយន្ត​សង្គ្រោះ​ឯក​ជន​គាត់​បាន​និយាយប្រាប់​ថា​ គាត់​ដឹក​ជន​រង​គ្រោះ​ចាស់​ជរា​មក​ពី​មន្ទីរ​ពេទ្យ​ឯ​ប្រទេស​ថៃ​ មក​ស្រុក​កំណើត​នៅ​ខេត្ត​តាកែវ​ ដោយ​បេីក​ឆ្លង​កាត់​រាជធានី​ភ្នំពេញ​ដោយ​មិន​បាន​បេីក​សុីរ៉ែន​នោះឡើយ​ ហេីយ​ភាគី​ទាំង​សងខាង​និយាយ​យក​ត្រូវ​រៀង​ៗ​​ ។ ចំណែក​ជន​រងគ្រោះ​ចាស់​ជរា​ត្រូវ​បាន​រថយន្ត​សង្គ្រោះ​ឯក​ជន​ហៅ​រថយន្ត​ឈ្នួល​មួយ​គ្រឿង​ដឹក​សាង​ចេញ​ទៅ​មុន​បាត់​ទៅ។ 

ក្រោយ​ពេល​កេីត​ហេតុ​សមត្ថកិច្ច​នគរបាល​ប៉ុស្តិ៍​បាន​ទាក់​ទង​ទៅ​សមត្ថកិច្ច​ជំនាញ​ចរាចរណ៍​ខណ្ឌ​សែនសុខ​ភ្លាមៗ​ដេីម្បី​ធ្វើ​ការវាស់​វែង​និង​យក​រថយន្ត​ទាំង​២គ្រឿង​ខាង​លើទៅ​រក្សា​ទុក​ដេីម្បី​រង់ចាំ​ការ​ដោះ​ស្រាយ​នៅពេលក្រោយ​៕

ដោយ៖ ចន្ទ លីហ្សា


ចែករំលែក៖