ខេត្តស្វាយរៀង៖ ប្រជាពលរដ្ឋដែលរស់នៅ ចំនួន៤ភូមិក្នុងឃុំត្រស់ ស្រុករមាសហែកបានអបអរសាទរ និងមានចិត្តសប្បាយរីករាយយ៉ាងខ្លាំងខណៈបានសមិទ្ធផលថ្មី ផ្លូវក្រាលកៅស៊ូប្រវែង៦៤០០ម៉ែត្រ ងាយស្រួលដល់ពួកគាត់ក្នុងការធ្វើដំណើរឆ្លងកាត់និងដឹកកសិផលផ្សេងៗ។
ជាក់ស្ដែង នាព្រឹកថ្ងៃទី១ខែសីហាឆ្នាំ២០២៤ លោកវង់ វិសាល អនុប្រធាននាយកដ្ឋានស្ថាបនានិងវិស្វកម្មនៃអគ្គនាយកដ្ឋានភស្តុភារនិងហិរញ្ញវត្ថុក្រសួងមហាផ្ទៃ លោកសៅ ច័ន្ទគ្រឹះស្នា អនុប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះជួយឃុំត្រស់ និងលោកស៊ូ ម៉ុល អភិបាលស្រុក បានអញ្ជើញចូលរួមបើកការដ្ឋានស្ថាបនាផ្លូវក្រាលកៅស៊ូប្រវែង៦៤០០ម៉ែត្រឆ្លងកាត់៤ភូមិមានដូចជាភូមិសេរីអោ ភូមិពពេល ភូមិបឹង និងភូមិតាសួស ស្ថិតក្នុងឃុំត្រស់ ស្រុករមាសហែក។
ក្នុងឱកាសនោះក៏មានការចូលរួមពីសំណាក់លោក អ៊ុក ហាន ទីប្រឹក្សាក្រសួងអធិការកិច្ច លោកហ៊ុល សុថា ក្រុមការងារថ្នាក់កណ្តាលចុះមូលដ្ឋានឃុំត្រស់ លោកអភិបាលរងស្រុក លោកនាយក នាយករង រដ្ឋបាលសាលាស្រុក លោកមេបញ្ជាការកងកម្លាំងទាំង៣, លោកប្រធានការិយាល័យប្រជាពលរដ្ឋលោកស្រីមេឃុំ ស្មៀនឃុំ និងលោកតាលោកយាយបងប្អូនប្រជាពលរដ្ឋប្រមាណ២០៣នាក់ ស្រី៨៤នាក់។
លោក ស៊ូ ម៉ុល អភិបាលស្រុករមាសហែក បានលើកឡើងពីការផ្ដាំផ្ញើសាកសួរសុខទុក្ខពីសំណាក់លោកសៅ សុខា ប្រធានក្រុមការងារចុះមួលដ្ឋានស្រុករមាសហែក ក៏ដូចជាលោកប៉េង ពោធ៏សា អភិបាលខេត្តស្វាយរៀងដល់លោកតាលោកយាយបងប្អូនប្រជាពលរដ្ឋដែលបានចូលរួមក្នុងពិធីបើកការដ្ឋាននេះផងដែរ។
លោកអភិបាលស្រុកបន្តថា ថ្ងៃនេះជាថ្ងៃដើមខែថ្មីហើយក៏មានសមិទ្ធផលថ្មីមួយទៀតដែលយើងបានបើកការដ្ឋាន
ផ្លូវក្រាលកៅស៊ូប្រវែង ៦ ៤០០ម៉ែត្រឆ្លងកាត់៤ភូមិ មានដូចជា ភូមិសេរីអោ ភូមិពពេល ភូមិបឹងនិងភូមិតាសួសស្ថិតក្នុងឃុំត្រស់ នាពេលនេះក៏ដូចជាមានសមិទ្ធផល ជាច្រើនបន្តទៀតក្នុងស្រុករមាសហែក។
លោកក៏បានថ្លែងអំណរគុណដល់ នាយកដ្ឋានស្ថាបនានិងវិស្វកម្មនៃអគ្គនាយកដ្ឋានភស្តុភារនិងហិរញ្ញវត្ថុក្រសួងមហាផ្ទៃដែលបានស្ថាបនាផ្លូវក្រាលកៅស៊ូនាពេលនេះ ហើយលោកអភិបាលស្រុកសំណូមពរដល់ប្រជាពលរដ្ឋពេលដែលបានផ្លូវនេះហើយ សូមចូលរួមគ្នាថែរក្សាអោយបានគង់វង្ស ទាំងអស់គ្នា ព្រោះវាជាផលប្រយោជន៍រួមមិនមែនជារបស់បុគ្គលណាម្នាក់នោះទេ។
ក្នុងឱកាសនោះ លោកវង់ វិសាលអនុប្រធាននាយកដ្ឋានស្ថាបនានិងវិស្វកម្មនៃអគ្គនាយកដ្ឋានភស្តុភារនិងហិរញ្ញវត្ថុក្រសួងមហាផ្ទៃបានបញ្ជាក់ថា កត្តាសុខសន្តិភាពនិងការអភិវឌ្ឍលើគ្រប់វិស័យជាចរន្តដ៏ប្រសើរថ្លៃថ្លានាំមកនូវការរីកចម្រើនទាំងផ្នែកពុទ្ធចក្រនិងអាណាចក្រ ហើយព្រះពុទ្ធសាសនាបានចូលរួមចំណែកយ៉ាងសំខាន់ក្នុងការអភិវឌ្ឍប្រទេសជាតិ និងជាមាគ៌ានាំមកឱ្យសង្គមនិងប្រជាជាតិទាំងមូលកាន់តែមានការរីកចម្រើន ជាបន្តបន្ទាប់ ពិសេសនៅក្នុងឃុំត្រស់ស្រុករមាសហែក ដែលត្រូវធ្វើពិធីបើកការដ្ឋានស្ថាបនាផ្លូវក្រាលកៅស៊ូប្រវែង៦៤០០ម៉ែត្រនាពេលនេះតែម្ដង។
លោកបានជំរុញដល់ប្រជាពលរដ្ននៅក្នុងឃុំត្រស់ ចូលរួមគ្រប់រូបភាព ក្នុងការគោះជួង ទូងស្គរព្រមៗគ្នានៅថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៤ សម្រាប់ថ្ងៃបើកការដ្ឋាន គម្រោងព្រែកជីកហ្វូណនតេជោនៅរយៈពេលប៉ុន្មានថ្ងៃខាងមុខនេះ តបតាមការអំពាវនាវរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា ក្រោមគំនិតផ្តួចផ្តើមប្រកបដោយ ចក្ខុវិស័យវែងឆ្ងាយរបស់សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជាប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ។
បន្ទាប់មក លោកសៅ ច័ន្ទគ្រឹះស្នា អនុប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះជួយឃុំត្រស់និងក្រុមគ្រួសារ លោក ស៊ូម៉ុល អភិបាលស្រុក លោកអ៊ុក ហាន បានអញ្ជើញចូលរួមប្រគេនទៀនព្រះវស្សាគ្រឿងឧបភោគបរិភោគនិងថវិកាមួយចំនួនដល់វត្តចំនួន៤ក្នុងឃុំត្រស់ ស្រុករមាសហែក ដែលពិធីនេះធ្វើឡើងនៅក្នុងវត្តតាសួស ផងដែរ៕
ដោយ៖ សុថាន