ព័ត៌មានទាន់ហេតុការណ៍៖

សមត្ថកិច្ចបន្តចម្រុះចុះពិនិត្យ និងអនុវត្តកិច្ចសន្យា ទីតាំងស្ងោរកែច្នៃលៀស

ចែករំលែក៖

ខេត្តពោធិ៍សាត់ ៖ ក្រុមការងារចម្រុះខណ្ឌរដ្ឋបាលជលផលខេត្តពោធិ៍សាត់ គណៈបញ្ជាឯកភាពរដ្ឋបាលស្រុកក្រគរ សហការជាមួយអាជ្ញាធរឃុំ.ភូមិ ដើម្បីពិនិត្យ និងអនុវត្តទីតាំងស្ងោរកែច្នៃលៀស បន្ទាប់ជាប់កិច្ចសន្យាឲ្យរុះរើដោយខ្លួនឯង គ្រាដែលលោកព្រះរាជអាជ្ញានៃអយ្យការអមសាលាដំបូងខេត្តពោធិ៍សាត់ ដឹកនាំចុះបង្រ្កាបកាលពីថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២៤ កន្លងទៅ ។

ករណីសមត្ថកិច្ចសហការចុះពិនិត្យ និងអនុវត្តទីតាំងស្ងោរកែច្នៃលៀសខាងលើ ធ្វើឡើងនាព្រឹកថ្ងៃសុក្រ ១៣រោច ខែអាសាឍ ឆ្នាំរោង ឆស័ក ព.ស ២៥៦៨ ត្រូវនឹងថ្ងៃទី២ ខែសីហា ឆ្នាំ២០២៤ ស្ថិតនៅឃុំក្បាលត្រាច និងឃុំអន្លង់ត្នោត ស្រុកក្រគរ ខេត្តពោធិ៍សាត់ ។

លោក ភុន សុវណ្ណា នាយផ្នែករដ្ឋបាលជលផលក្រគរ បានឲ្យដឹងថា ជាក់ស្ដែង ចំពោះទីតាំងទី-១ របស់ឈ្មោះ ឡេ យ៉ាំងទៀង ស្ថិតនៅភូមិទួលម្កាក់ ឃុំអន្លង់ត្នោត ស្រុកក្រគរ ខេត្តពោធិ៍សាត់ បានរុះរើតាមកិច្ចសន្យាបានចំនួន៩០ភាគរយ ។ ទីតាំងទី-២ របស់ឈ្មោះ ហ៊ិន សៀម ស្ថិតនៅភូមិក្រឡាញ់ ឃុំក្បាលត្រាច ស្រុកក្រគរ ខេត្តពោធិ៍សាត់ បានរុះរើតាមកិច្ចសន្យាបានចំនួន៧០ភាគរយ ។ និងទីតាំងទី-៣ របស់ឈ្មោះ លឿង សំខាន់ ស្ថិតនៅភូមិក្រឡាញ់ ឃុំក្បាលត្រាច ស្រុកក្រគរ ខេត្តពោធិ៍សាត់ បានរុះរើតាមកិច្ចសន្យាបានចំនួន៩៥ភាគរយ ។

លោក ភុន សុវណ្ណា បញ្ជាក់ទៀតថា ដូច្នេះ ទីតាំងស្ងោរកែច្នៃយកសាច់លៀស របស់ឈ្មោះ ឡេ យ៉ាំងទៀង និងឈ្មោះ ហ៊ិន សៀម បានរុះរើចង្រ្កានទាំងអស់នៅតែរោង ដោយឡែក ទីតាំងរបស់ឈ្មោះ លឿង សំខាន់ គាត់បានវាយរុះរើចង្រ្កាន និងរោង នៅសល់តែចង្រ្កានចំនួន៦ ដោយម្ចាស់គាត់ប្រាប់ទុកស្ងោរកន្ទក់ធ្វើចំណីត្រី ។

លោក បញ្ជាក់បន្ថែមទៀតថា ជាចុងក្រោយក្រុមការងារដែលបានសហការគ្នា ប្រាប់ដល់ម្ចាស់ទីតាំង(ស្ងោរកែច្នៃលៀស)ត្រូវអនុវត្តតាមបទបញ្ជារបសលោកព្រះរាជអាជ្ញានៃអយ្យការអមសាលាដំបូងខេត្តពោធិ៍សាត់ ជាកំហិត ៕ ដោយៈ ប៉ឹម ពិន


ចែករំលែក៖