ព័ត៌មានទាន់ហេតុការណ៍៖

សម្ដេចធិបតី​ ហ៊ុន​ ម៉ាណែត​ ថ្លែង​ប្រសាសន៍សំខាន់ៗនាឱកាសអញ្ជើញជាអធិបតី “បើកការដ្ឋានសាងសង់ព្រែកជីកហ្វូណនតេជោ”

ចែករំលែក៖

ភ្នំពេញ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នៅព្រឹកថ្ងៃចន្ទ ទី៥ សីហា ២០២៤ បានមានប្រសាសន៍សំខាន់ៗ​នាឱកាស​បានអញ្ជើញជាអធិបតី “បើកការដ្ឋានសាងសង់ព្រែកជីកហ្វូណនតេជោ” ។

សូមអាន​ប្រសាសន៍សំខាន់ៗរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា​ មានដូចខាងក្រោម​៖

-សម្ដេចធិបតី ថ្លែង​ថា ការប្ដេជ្ញាចិត្តរបស់យើង រួមជាមួយភាពច្បាស់លាស់ និងសមត្ថភាពក្នុងការចាត់ចែង គម្រោងប្រវត្តិសាស្រ្ដ «ព្រែកជីកហ្វូណនតេជោ» គឺយើងត្រូវតែធ្វើឱ្យបាន និងធ្វើឱ្យបានល្អបំផុតសម្រាប់ប្រជាជាតិយើងទាំងមូល។

-សម្ដេចធិបតី ជឿជាក់ថា ដោយសារឆន្ទៈមុះមុត និងសាមគ្គីភាព ទើបបុព្វបុរសខ្មែរអាចកសាងនូវមហានគរមួយសម្រាប់ជាប្រវត្តិសាស្រ្ដដល់កូនចៅជំនាន់ក្រោយមកដល់សព្វថ្ងៃនេះ។នៅក្នុងន័យនេះ យើងជាកូនចៅជំនាន់ក្រោយមានការប្ដេជ្ញាចិត្តយើងមុះមុតក្នុងការកសាងកម្ពុជាឱ្យមានការរីកចម្រើនឡើងវិញ។ ហើយការកសាងព្រែកជីកហ្វូណនតេជោថ្ងៃនេះ ក៏ជាការបង្ហាញនូវឯកភាពក្នុងការអភិវឌ្ឍប្រទេសជាតិកម្ពុជាផងដែរ។

-សម្ដេចធិបតី ថ្លែង​ថា ព្រែកជីកហ្វូណនតេជោ បញ្ជាក់ឱ្យឃើញ ច្បាស់ថា កម្ពុជាមានសុខសន្តិភាព និងសេរីភាពពេញលេញនៅក្នុងការសម្រេចជោគវាសនាខ្លួនឯង។

-សម្ដេចធិបតី ថ្លែង​ថា ព្រែកជីកហ្វូណនតេជោ មិនត្រឹមតែបម្រើឱ្យពាណិជ្ជកម្មអន្តរជាតិប៉ុណ្ណោះតែ ក៏បានផ្ដល់ផលប្រយោជន៍ជាច្រើនដល់ប្រព័ន្ធធារាសាស្រ្ដ និងផលប្រយោជន៍ជាច្រើនលើសលប់ថែមទៀតដល់បងប្អូនប្រជាពលរដ្ឋដែលកំពុងរស់នៅតាមបណ្ដោយព្រែកជីកនេះ។

-សម្ដេចធិបតី ថ្លែង​ថា ការកសាងព្រែកជីកហ្វូណនតេជោ គឺមិនខុសពីចក្ខុវិស័យរបស់កម្ពុជា កាលពី ២ពាន់ឆ្នាំមុននោះទេ ដែលកាលនោះ កម្ពុជា គឺអាណាចក្រហ្វូណន មានភាពរុងរឿងរីកចម្រើន។

-សម្ដេចធិបតី ថ្លែង​ថា​ តាមរយៈការស្រាវជ្រាវបានបង្ហាញឱ្យឃើញថា អង្គរបុរីនៃអាណាចក្រហ្វូណន ក្នុងសម័យកាលនគរភ្នំ មានព្រែកជីកចំនួន ៥ ដែលភ្ជាប់តទៅកំពង់ផែអន្តរជាតិអូរកែវ សម្រាប់ការធ្វើពាណិជ្ជកម្មជាមួយប្រទេសនានា និងព្រែកជីកធំមួយទៀតភ្ជាប់មកទន្លេមេគង្គទៅកំពង់ផែចិន។ ចំពោះព្រែកជីកចំនួន ៣ ទៀតតភ្ជាប់ការដឹកជញ្ជូនទៅតំបន់ផ្សេងៗ។

-សម្ដេចធិបតី ថ្លែង​បញ្ជាក់ជាថ្មីជូនប្រជាពលរដ្ឋ និងជនរួមជាតិថា ការកសាង «ព្រែកជីកហ្វូណនតេជោ» គឺមិនខុសអ្វីពីគំនិតរបស់បុព្វបុរសខ្មែរយើងកាលពី២ពាន់ឆ្នាំមុននោះទេ គឺធ្វើឡើងដើម្បីជំរុញកំណើនសេដ្ឋកិច្ចជាតិ ធ្វើឱ្យប្រទេសជាតិមានការរីកចម្រើន។

-សម្ដេចធិបតី​ ថ្លែងថា​ កាលណាខ្មែរកាន់តែខ្វះសាមគ្គីភាព ខ្វះឯកភាពជាតិខ្មែរនឹងកាន់តែទន់ខ្សោយ។ ប៉ុន្ដែបើកាលណាខ្មែរកាន់តែមានសាមគ្គីភាព និងឯកភាពគ្នាជាធ្លុងមួយនោះខ្មែរកាន់តែខ្លាំង និងរីកចម្រើនរុងរឿង។

-សម្ដេចធិបតី ថ្លែងថា​ ព្រែកជីកហ្វូណតេជោ ៥ឆ្នាំទៀតនឹងក្លាយទៅជាទីតាំងសក្ដានុពលដ៏សំខាន់បំផុតសម្រាប់ប្រជាពលរដ្ឋ ជាពិសេសប្រជាពលរដ្ឋរស់នៅតាមបណ្ដោយព្រែកជីកនេះ ដោយបានផ្ដល់ផលទាំងវិស័យកសិកម្ម ដឹកជញ្ជូន និងទេសចរណ៍ជាដើម។

-សម្ដេចធិបតី ប្រកាស​ប្ដេជ្ញាបន្តនូវគំរូវីរភាពរបស់បុព្វបុរស និងថ្នាក់ដឹកនាំជំនាន់មុន កសាងព្រែកជីកហ្វូណនតេជោឱ្យបានល្អបំផុត សម្រាប់ទុកជាផលប្រយោជន៍ និងមោទនភាពជូនជាតិមាតុភូមិ និងបង្ហាញដល់ដួងព្រលឹងដូនតាថា កូនចៅជំនាន់ក្រោយបានកសាងព្រែកជីកហ្វូណនតេជោនេះ ឡើងជាប្រត្តិសាស្រ្ដថ្មីមួយទៀតរបស់កម្ពុជា។

-សម្ដេចធិបតី ថ្លែង​បញ្ជាក់ជាថ្មីម្តងទៀតថា សម្ដេចនឹងបន្តធ្វើអ្វីគ្រប់យ៉ាង ដើម្បីបន្តរក្សាឯករាជភាព សន្ដិភាព បូរណភាពទឹកដីរបស់កម្ពុជា។

-សម្ដេចធិបតី ថ្លែង​បញ្ជាក់ថា គ្មានបរទេសណាដែលអាចមករំលោភអធិបតេយ្យភាពរបស់កម្ពុជាបានដាច់ខាត។ ហើយគម្រោង ស្ថាបនាព្រែកជីកហ្វូណនតេជោនេះ គឺជាគំនិតផ្ដួចផ្ដើមរបស់ខ្មែរ ក្នុងនោះវិនិយោគិនក្នុងស្រុកមានភាគហ៊ុនច្រើនជាងគេ ហើយក្រុមហ៊ុនខ្មែរ ១០០% ជាអ្នកអនុវត្តសាងសង់គម្រោងព្រែកជីកហ្វូណនតេជោនេះ។

-សម្ដេចធិបតី ថ្លែងថា​ ទោះក្នុងតម្លៃណាក៏ដោយ យើងត្រូវតែធ្វើព្រែកជីកហ្វូណនតេជោនេះឱ្យខាងតែបាន គឺដើម្បីពង្រឹងអធិបតេយ្យភាពនៃវិស័យដឹកជញ្ជូនកម្ពុជា។ គម្រោងនេះវិនិយោគដោយខ្មែរភាគច្រើន និងមានការចូលរួមពីក្រុមហ៊ុនបរទេសមួយចំណែកតូច ដែលបញ្ជាក់ថា ខ្មែរមានសិទ្ធិនៅក្នុងការសម្រេចភាគច្រើន។ គម្រោងនេះជាការវិនិយោគ BOT(សាងសង់ ប្រតិបត្តិការ និងផ្ទេរមកវិញ)។

-សម្ដេចធិបតី ប្រកាស​ប្ដេជ្ញាចិត្តធ្វើយ៉ាងណាស្ថាបនាព្រែកជីកហ្វូណនតេជោឱ្យបាន ហើយឱ្យបានល្អបំផុត ខណៈគម្រោងព្រែកជីកហ្វូណនតេជោនេះ គឺបង្ហាញពីសាមគ្គីភាព និងឯករាជភាពរបស់កម្ពុជា មិនដូចក្រុមប្រឆាំងមួយក្ដាប់តូចថា គម្រោងនេះធ្វើឱ្យបាត់បង់អធិបតេយ្យភាពរបស់កម្ពុជានោះទេ។

-សម្ដេចធិបតី ថ្លែង​ថា គម្រោងព្រែកជីកហ្វូណនតេជោ ត្រូវបានរំកិលពីការគ្រោងអនុវត្តនៅខែធ្នូ ឆ្នាំ២០២៤ មកខែសីហា ឆ្នាំ២០២៤ វិញ គឺដើម្បីជំរុញល្បឿននៅក្នុងការសាងសង់។

-សម្ដេចធិបតី​ ថ្លែង​បញ្ជាក់បន្ថែមថា ក្រោយបញ្ចប់ការសាងសង់ ព្រែកជីកហ្វូណនតេជោនឹងមិនធ្វើឱ្យបាត់បង់ទឹកដីកម្ពុជានៅចំណុចណាទាំងអស់។ គម្រោងនេះក៏នឹងមិនធ្វើឱ្យបាត់បង់អធិបតេយ្យភាពនៃវិស័យដឹកជញ្ជូនរបស់កម្ពុជានោះដែរ។ សម្ដេចធិបតីបញ្ជាក់បន្ថែមថា សម្ដេចធានាលើបណ្ដាចំណុចទាំងអស់នេះ។ 

គួរបញ្ជាក់ថា​ គម្រោង “ព្រែកជីកហ្វូណនតេជោ” គឺជាគម្រោងមួយដ៏ធំមហិមា និង មានលក្ខណៈជាយុទ្ធសាស្រ្តពិសេស ដែលសាងសង់ឡើងក្នុងគោលដៅលើកកម្ពស់សកម្មភាពដឹកជញ្ជូនទំនិញ កសិផល និងភ្ញៀវទេសចរ គ្រប់គ្រងទឹកជំនន់ និង គរោះរាំងស្ងួត រួមទាំងពង្រឹងឯករាជ្យភាព អធិបតេយ្យភាព និងពង្រីកឧត្តមភាពនៃការដឹកជញ្ជូនតាមផ្លូវទឹករបស់កម្ពុជាផ្ទាល់។

ក្នុងនីតិកាលទី ៧ នេះ រាជរដ្ឋាភិបាលបានដាក់ឱ្យអនុវត្ត យុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី១ ដោយបានកំណត់ចក្ខុវិស័យប្រែក្លាយកម្ពុជាជាប្រទេសចំណូលខ្ពស់នៅឆ្នាំ២០៥០ ។ ក្នុងនោះ ការលើកកម្ពស់ការតភ្ជាប់ និងការបង្កើនប្រសិទ្ធភាពនៃវិស័យដឹកជញ្ជូន និងភស្តុភារកម្ម ជាពិសេសការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធផ្លូវទឹក និងគម្រោងផ្លូវនាវាចរណ៍ ត្រូវបានចាត់ទុកជាអាទិភាពគន្លឹះមួយក្នុងចំណោមវិស័យសំខាន់ៗជាច្រើនទៀត នៅក្នុងយុទ្ធសាស្ត្របញ្ចកោណ៕

ដោយ​៖ តារា​


ចែករំលែក៖