ខេត្តកំពង់ចាម៖ ប្រជាកសិករ ស្រុកកោះសូទិន ខេត្តកំពង់ចាម កំពុងមមាញឹកក្នុងការប្រមូលផលផ្លែសណ្តាន់ ចិតហាលឱ្យក្រៀម ដើម្បីលក់ឈ្មួញ ។ ផ្លែសណ្តាន់មានរសជាតិជូរ យើងតែងតែឃើញដុំខ្មៅៗនៅក្នុងសម្លម្ជូរ សម្លម្ជូរយួន សម្លម្ជូរគ្រឿងជាដើម ចំណែកស្លឹកសណ្តាន់ក៏យើងយកទៅធ្វើម្ជូរបានដូចគ្នាផងដែរ ។ ភាគច្រើនសព្វថ្ងៃយើងតែងតែឃើញប្រជាពលរដ្ឋក្នុងស្រុកកោះសូទិន ចាប់ពីខែ៥-៨ នៅរដូវសណ្តាន់ផ្លែ ពួកគាត់ចិតច្រណិតៗក្រាស់ល្មមៗ រួចដាក់ហាលឱ្យក្រៀម រួចវិចខ្ចប់ ដើម្បីទុកលក់ឈ្មួញ។
យ៉ាងណាមិញលោកយាយ ម៉េង អាយុ៨០ឆ្នាំទៅហើយ រស់នៅភូមិទី៥ ឃុំកោះសូទិន ស្រុកកោះសូទិន ខេត្តកំពង់ចាម ។ លោកយាយ ដៃកំពុងអង្គុយចិតផ្លែសណ្តាន់ជាច្រណិតៗ មាត់កំពុងនិយាយលេងសើចឆ្លើយឆ្លង ជាមួយសំនួរអ្នកសារព័ត៌មានផងនោះ គាត់បានប្រាប់ថាសណ្តាន់ក្រៀមនៅខែនេះ ចាប់ផ្តើមសម្បូរ ដូច្នេះហើយតម្លៃចុះថោក លក់បាន ១១០០០រៀល ក្នុង១គីឡូក្រាមប៉ុណ្ណោះ៕