សារព័ត៌មាន Reuters នៅថ្ងៃពុធ ទី៧ ខែសីហា ឆ្នាំ២០២៤ បានផ្សាយថា មជ្ឈមណ្ឌលតាមដានព្យុះហឺរីខេន (NHC) បានឱ្យដឹងថា ព្យុះត្រូពិក Debby បានបង្កការជន់លិច នៅតំបន់ឆ្នេរសមុទ្រ Georgia និងរដ្ឋ South Carolina នៅថ្ងៃអង្គារសប្តាហ៍នេះ និងនាំឱ្យមានទឹកជំនន់ធ្ងន់ធ្ងរក្នុងទីក្រុង Charleston រដ្ឋ Savannah រួមទាំងទីក្រុងផ្សេងទៀតនៅភាគអាគ្នេយ៍សហរដ្ឋអាមេរិក។
NHC បានឱ្យដឹងថា ព្យុះ Debby អាចបង្កើតបរិមាណទឹកភ្លៀងច្រើន មិនធ្លាប់មានក្នុងប្រវត្តិសាស្ត្រ គឺជាមធ្យម ២៥សង់ទីម៉ែត្រ និងនាំឱ្យមានគ្រោះទឹកជំនន់ធ្ងន់ធ្ងរនៅទូទាំងភាគខាងកើតនៃរដ្ឋ South Carolina និងភាគអាគ្នេយ៍រដ្ឋ North Carolina រហូតដល់ថ្ងៃសុក្រនេះ។ ព្យុះនេះមានកម្លាំងខ្យល់៦៤គីឡូម៉ែត្រក្នុងមួយម៉ោង ហើយបក់បោកសន្សឹមៗនៅក្នុងល្បឿន ៨គីឡូម៉ែត្រក្នុងមួយម៉ោងឆ្ពោះទៅភាគឦសាន និងស្ថិតនៅចម្ងាយប្រហែល ៨០គីឡូម៉ែត្រភាគខាងកើតនៃ Savannah រដ្ឋ Georgia កាលពីយប់ថ្ងៃអង្គារ (ម៉ោងក្នុងតំបន់)។
ភ្លៀងធ្លាក់ខ្លាំងអាចបណ្តាលឱ្យមានទឹកជំនន់នៅផ្នែកខ្លះនៃតំបន់ mid-Atlantic រហូតដល់ថ្ងៃអាទិត្យ។ ទីភ្នាក់ងារឧតុនិយមជាតិបានឱ្យដឹងថា ភ្លៀងកម្រិត២០សង់ទីម៉ែត្របានចុះមកលើទីក្រុង Savannah និង Valdosta នៃរដ្ឋ Georgia។ មកទល់ពេលនេះ ទីក្រុង Charleston និងទីក្រុង Hilton Head រដ្ឋ South Carolina បានទទួលទឹកភ្លៀងកម្រិតពី ២៥សង់ទីម៉ែត្រទៅ៣០សង់ទីម៉ែត្រ។ អភិបាលនៃតំបន់រងគ្រោះទាំងអស់បានចេញការប្រកាសអាសន្នរដ្ឋ។
ព្យុះ Debby ត្រូវបានចាត់ថ្នាក់ជាប្រភេទព្យុះទី១ នៅពេលបោកបក់លើតំបន់ Big Bend ឈូងសមុទ្រនៃរដ្ឋ Florida កាលពីដើមសប្តាហ៍។ មនុស្ស ៦នាក់បានស្លាប់នៅឯរដ្ឋ Florida និងរដ្ឋ Georgia ដោយសារតែព្យុះដែលត្រូវបានគេព្យាករថា អូសបន្លាយលើឆ្នេរសមុទ្រភាគអាគ្នេយ៍ និងតំបន់ mid-Atlantic រយៈពេលជាច្រើនថ្ងៃ៕
ដោយ៖ ធីរីណា(រូបថត៖ AP)