ព័ត៌មានទាន់ហេតុការណ៍៖

អ៉ីស្រាអែល ប្រកាសបន្តកម្ចាត់មេដឹកនាំហាម៉ាស់ថ្មី

ចែករំលែក៖

សារព័ត៌មាន AFP នាថ្ងៃពុធ ទី៧ ខែសីហា ឆ្នាំ២០២៤ បានផ្សាយថា រដ្ឋមន្រ្តីការបរទេសនៃប្រទេសអ៉ីស្រាអែល កាលពីថ្ងៃអង្គារសប្តាហ៍នេះ បានអំពាវនាវឱ្យកម្ចាត់លោក Yahya Sinwar ជាបន្ទាន់ ខណៈរូបលោកត្រូវបានក្រុមហាម៉ាស់ប៉ាឡេស្ទីនតែងតាំងជាមេដឹកនាំនយោបាយថ្មី ជំនួសលោក Ismail Haniyeh ដែលត្រូវបានគេធ្វើឃាតនៅឯទីក្រុងតេហេរ៉ង់នៃប្រទេសអ៉ីរ៉ង់ កាលពីសប្តាហ៍មុន។
ប្រមុខការទូតអ៉ីស្រាអែល លោក Israel Katz បាននិយាយដូច្នេះថា «ការតែងតាំងលោក Yahya Sinwar ជាមេដឹកនាំថ្មីរបស់ក្រុមហាម៉ាស់ ជំនួសលោក Ismail Haniyeh គឺជាហេតុផលដ៏ប្រសើរមួយទៀតដែលតម្រូវឱ្យពួកយើងត្រូវតែកម្ចាត់រូបលោកចោលជាបន្ទាន់ ហើយលុបបំបាត់ក្រុមនេះចេញពីផ្ទៃផែនដី»។
ការប្រកាសពីការតែងតាំងលោក Yahya Sinwar កើតមានឡើង ចំពេលតំបន់មជ្ឈិមបូព៌ា កំពុងប្រឈមមុខនឹងហានិភ័យផ្ទុះសង្រ្គាមទ្រង់ទ្រាយធំ ខណៈអ៉ីរ៉ង់និងសម្ព័ន្ធមិត្តរបស់ខ្លួន បានសន្យាសងសឹកអ៉ីស្រាអែល ជុំវិញការសម្លាប់លោក Haniyeh។ អ៉ីរ៉ង់ និងហាម៉ាសបានចោទប្រកាន់ថា អ៉ីស្រាអែលជាអ្នកសម្លាប់លោក Haniyeh រីឯក្រុមហេសបូឡាវិញក៏បាន ប្ដេជ្ញាសងសឹកដែរ បន្ទាប់ពីអ៉ីស្រាអែល បានសម្លាប់មេបញ្ជាការជាន់ខ្ពស់ម្នាក់របស់ខ្លួន គឺលោក Fuad Shukr នៅក្នុងការវាយប្រហារតាមផ្លូវអាកាសមួយលើទីក្រុងបេរូត ប្រទេសលីបង់ កាលពីសប្ដាហ៍មុន។
លោក Yahya Sinwar ត្រូវបានអ៉ីស្រាអែលចោទថាជាមេគំនិតនៅពីក្រោយការវាយប្រហារកាលពីថ្ងៃទី៧ ខែតុលា លើភាគខាងត្បូងអ៉ីស្រាអែល។ លោក Sinwar បានក្លាយជាមេដឹកនាំក្រុមហាម៉ាស់នៅក្នុងតំបន់ហ្កាហ្សា ចាប់តាំងពីឆ្នាំ២០១៧មក ហើយបន្ទាប់ពីការវាយប្រហារលើអ៉ីស្រាអែល លោកមិនដែលបង្ហាញខ្លួននោះទេ៕

ដោយ៖ ធីរីណា(រូបថត​៖ Getty)


ចែករំលែក៖