ភ្នំពេញ ៖ ក្រោយពីបានចូលរួមកិច្ចប្រជុំសហប្រតិបត្តិការអាស៊ាន ស្តីពីកិច្ចការមុខងារសាធារណៈ លើកទី២២ (22nd ASEAN Cooperation on Civil Service Matters – ACCSM) និងកិច្ចប្រជុំសហប្រតិបត្តិការអាស៊ានបូក៣ ស្តីពីមុខងារសាធារណៈ លើកទី៧ (7th ACCSM+3) ចាប់ពីថ្ងៃទី០៥ ដល់ថ្ងៃទី០៧ ខែសីហា ឆ្នាំ២០២៤ នៅរាជធានីបង់ដាសេរីបេកាវ៉ាន់ ប្រទេសប្រ៊ុយណេដារូហ្សាឡាម ប្រកបដោយជោគជ័យ។
លោក ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ នៃព្រះរាជាណាចក្រកម្ពុជា បានដឹកនាំគណៈប្រតិភូក្រសួងមុខងារសាធារណៈកម្ពុជា អញ្ជើញធ្វើមាតុភូមិនិវត្តន៍មកប្រទេសវិញ ដោយបាននាំយកនូវលទ្ធផលល្អៗជាច្រើនចេញពីកិច្ចប្រជុំសហប្រតិបត្តិការអាស៊ានលើកទី២២ និងកិច្ចប្រជុំសហប្រតិបត្តិការអាស៊ានបូក៣ លើកទី៧ រួមទាំងការនាំយកភាពជាប្រធានប្តូរវេននៃ ACCSM មកកាន់កម្ពុជា សម្រាប់អាណត្តិឆ្នាំ២០២៤-២០២៦ ផងដែរ។
ថ្នាក់ដឹកនាំ និងមន្ត្រីរាជការនៃក្រសួងមុខងារសាធារណៈ សូមគោរពចូលរួមអបអរសាទរ និងសូមគោរពជូនពរឯកឧត្តមឧបនាយករដ្ឋមន្ត្រី និងគណៈប្រតិភូ ប្រកបដោយសុខសុវត្ថិភាពក្នុងដំណើរត្រឡប់មកកាន់មាតុប្រទេសវិញ ៕
ដោយ ៖ សិលា