ព័ត៌មានទាន់ហេតុការណ៍៖

តុលាការ សម្រេចឃុំខ្លួន ជនសង្ស័យម្នាក់ ជាបណ្ដោះអាសន្ន នៅពន្ធនាគារខេត្តស្វាយរៀងពាក់ព័ន្ធគាស់ផ្ទះប្រជាពលរដ្ឋនៅស្រុកស្វាយជ្រំ

ចែករំលែក៖

ខេត្តស្វាយរៀង៖ យោងតាម លោក សោម សុភ័ណ្ឌ អធិការនគរបាលស្រុកស្វាយជ្រំបានឱ្យដឹងនារសៀលថ្ងៃទី៩ ខែសីហា ឆ្នាំ២០២៤នេះថា តុលាការ សម្រេចឃុំខ្លួន ជនសង្ស័យ ជាបណ្ដោះអាសន្ន នៅពន្ធនាគារខេត្តស្វាយរៀងពាក់ព័ន្ធគាស់ផ្ទះប្រជាពលរដ្ឋយកទ្រព្យសម្បត្តិ ។

លោក អធិការស្រុក បន្តថា កាលពីវេលាម៉ោង១១និង៣៥នាទីថ្ងៃទី០៦ ខែសីហា ឆ្នាំ២០២៤  កម្លាំងជំនាញ នៃអធិការដ្ឋានគរបាលស្រុកស្វាយជ្រំ ដឹកនាំដោយរូបលោក សហការជាមួយ កងកម្លាំងមូលដ្ឋានកងរាជអាវុធហត្ថស្រុក និងប៉ុស្តិ៍នគរបាលរដ្ឋបាលគ្រួស ចេញល្បាតចល័ត តាមមូលដ្ឋានរហូតដល់ចំណុចក្យូស លក់ដូរ ស្ថិតនៅភូមិល្វា ឃុំគ្រួស ស្រុកស្វាយជ្រំ 

ប្រភពបន្តថា ដោយមានការសង្ស័យមុខសញ្ញាលួចដែលធ្លាប់ជិះម៉ូតូម៉ាកហុងដា សេ១២៥ស៊េរី២០២២ ពណ៌ខ្មៅ ធ្លាប់ជិះធ្វើសកម្មភាព ពេលនោះ កម្លាំងអធិការដ្ឋាននគរបាលស្រុក និងកងកម្លាំងមូលដ្ឋានកងរាជអាវុធហត្ថស្រុក ក៏ឃាត់ខ្លួន មកអធិការដ្ឋានគរបាលស្រុកស្វាយជ្រំ ដើម្បីសួរនាំ ។

នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យ  ភេទប្រុស អាយុ២៥ឆ្នាំជនជាតិខ្មែរ មុខរបរមិនពិតប្រាកដមានទីលំនៅភូមិតាធំ ឃុំចាម ស្រុកកំពង់ត្របែក ខេត្តព្រៃវែង បានឆ្លើយសារភាពថា រូបគេ ពិតជាបានលួចគោះផ្ទះប្រជាពលរដ្ឋជាច្រើនដង នៅក្នុងស្រុកស្វាយជ្រំប្រាកដមែន។

ក្រោយពីបានស្តាប់ចម្លើយសារភាពរបស់ជនសង្ស័យរួចហើយ លោកអធិការនគរបាលស្រុកស្វាយជ្រំ បានរាយការណ៍ជូនលោកស្នងការ និង បានសុំយោបល់ លោក ខាំ សុផារី ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តស្វាយរៀង ដើម្បី ឃាត់ខ្លួនជនសង្ស័យ ចាត់ការតាមច្បាប់៕

ដោយ៖ សុថាន


ចែករំលែក៖