ក្រុមយុវជនជម្រើសជាតិអេស្ប៉ាញបានបន្តការគ្រប់គ្រងបាល់ទាត់អន្តរជាតិរបស់ខ្លួនជាថ្មីមួយទៀតដោយបានវាយបកទៅលើក្រុមម្ចាស់ផ្ទះបារាំងដែលបានវាយបកតាមស្មើ៣ទល់៣ក្នុងម៉ោងធម្មតា ដើម្បីឈានដល់ម៉ោងបន្ថែម ហើយអេស្ប៉ាញបានឈ្នះមេដាយមាសអូឡាំពិកលើវិញ្ញាសាបាល់ទាត់បុរសនៅទីក្រុងប៉ារីសឆ្នាំ២០២៤។
ក្រុមម្ចាស់ផ្ទះបាននាំមុខមុន១គ្រាប់ ប៉ុន្តែក្នុងការប្រកួតដ៏ស្វិតស្វាញ ក្នុងតង់ទី១ ធ្វើឲ្យអេស្ប៉ាញដាក់សម្ពាធ ដោយបាននាំមុខវិញមិនគួរឲ្យជឿក្នុងលទ្ធផល៣ទល់១ ត្រឹមតង់ទី១ប៉ុណ្ណោះ។ ទោះបីជាយ៉ាងណាក៏ដោយ ក្រុមរបស់លោក Thierry Henry មិនអាចតាមស្មើក្នុងតង់ទី១ និងដើមតង់ទី២បានវិញទេ រហូតដល់នាទីទី៧៩ កីឡាករបារាំង Akliouche រកបានគ្រាប់ទី២ ហើយនៅនាទីទី៩០+៣ បារាំងបានរកគ្រាប់បាល់១គ្រាប់ទៀតដែលជាការស៊ុតបាល់ពិន័យ១១ម៉ែត្រដោយកីឡាករ Mateta ។
លទ្ធផលស្មើគ្នារវាងក្រុមទាំង២ បានឈានចូលដល់ម៉ោងបន្ថែម បន្ទាប់ពីលទ្ធផល៣ទល់៣ ត្រឹម៩០នាទី។ ក្រុមទាំង២បានព្យាយាមស្វែងរកគ្រាប់បាល់ដូចគ្នា ប៉ុន្តែអ្វីដែលគួរឲ្យភ្ញាក់ផ្អើលនោះក្រុមជម្រើសជាតិអេស្ប៉ាញបានរកគ្រាប់បាល់២គ្រាប់ក្នុងម៉ោងបន្ថែមដោយកីឡាករ Sergio Camello នៅនាទីទី១០០ និងនៅនាទីទី១២០ ដែលធ្វើឲ្យអេស្ប៉ាញទទួលបានជ័យជម្នះ ៥ទល់៣ ឈ្នះមេដាយមាសក្នុងព្រឹត្តិការណ៍អូឡាំពិកឆ្នាំ២០២៤នេះ។
ជ័យជម្នះដ៏គួរឱ្យរំភើបនេះបានបន្តជោគជ័យរបស់អេស្ប៉ាញ ក្នុងរយៈពេលជាងមួយខែបន្ទាប់ពីពួកគេបានឈ្នះជើងឯកទ្វីបអឺរ៉ុប (យូរ៉ូ) ផ្នែកបុរស ដោយបានផ្តួលក្រុមអង់គ្លេសនៅវគ្គផ្តាច់ព្រ័ត្រ។ អេស្ប៉ាញក៏បានឈ្នះជើងឯកទ្វីបអឺរ៉ុបបុរសអាយុក្រោម១៩ឆ្នាំផងដែរកាលពីខែមុន ខណៈដែលក្រុមនារីអេស្ប៉ាញបានលើកពាន World Cup កាលពីឆ្នាំមុន។
ចំណែកម្ចាស់ផ្ទះបារាំងវិញក្រោយពីចាញ់អេស្ប៉ាញគឺទទួលបានមេដាយប្រាក់ ខណៈដែលក្រុមបាល់ទាត់ម៉ារ៉ុកទទួលបានមេដាយសំរិទ្ធក្រោយយកឈ្នះ អេហ្សុីប ។ ដោយបារាំងមិនអាចដណ្តើមយកជ័យជម្នះបាន គិតត្រឹមថ្ងៃទី១០ សីហានេះបារាំងបានធ្លាក់មកឈរលេខ៦ប៉ុណ្ណោះអាសន្នក្នុងតារាងមេដាយ។
គិតត្រឹមវេលាម៉ោង៩ព្រឹកថ្ងៃទី១០ ខែសីហានេះ សហរដ្ឋអាមេរិកនៅតែជាប្រទេសនាំមុខគេក្នុងតារាងមេដាយមាស ដោយទទួលបានមេដាយសរុប១១១មេដាយ ក្នុងនោះមានមេដាយមាស៣៣, មេដាយប្រាក់៣៩ និងសំរិទ្ធិ៣៩។ ប្រទេសចិនឈរនៅលេខរៀងទី២ មាន៨៣មេដាយ ក្នុងនោះមានមាស៣៣, ប្រាក់២៧ និងសំរិទ្ធិ២៣ ខណៈអូស្ត្រាលីឈរលេខ៣ មានមាស១៨, ប្រាក់១៦, សំរិទ្ធិ១៤ និងជប៉ុនឈរលេខ៤ មានមាស១៦, ប្រាក់៨, សំរិទ្ធិ១៣ ហើយអង់គ្លេសឈរលេខ៥ មានមាស១៤, ប្រាក់២០ និងសំរិទ្ធិ២៣៕
ដោយ៖ ភារៈ(រូបភាព ៖ BBC Sport)