ព័ត៌មានទាន់ហេតុការណ៍៖

ឃាត់ខ្លួនជនសង្ស័យចំនួន០៤នាក់ ពាក់ព័ន្ធករណីលួចម៉ូតូ, ក្លែងឯកសារសាធារណៈ (ប្រើផ្លាកលេខម៉ូតូក្លែងក្លាយ) និងកាន់កាប់រក្សាទុក ប្រើប្រាស់អាវុធដោយខុសច្បាប់

ចែករំលែក៖

ភ្នំពេញ​៖​ ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ​ បានឱ្យដឹងថា​ កម្លាំងការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់ សហការជាមួយកម្លាំងអធិការដ្ឋាននគរបាលខណ្ឌទាំង១៤ បានធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យជាបន្តបន្ទាប់ចំនួន០៤នាក់ ពាក់ព័ន្ធករណីលួចម៉ូតូ, ក្លែងឯកសារសាធារណៈ (ប្រើផ្លាកលេខម៉ូតូក្លែងក្លាយ) និងកាន់កាប់រក្សាទុក ប្រើប្រាស់អាវុធដោយខុសច្បាប់​ យកមកសាកសួរ​ដេីម្បីចាត់ការតាមច្បាប់​។ 

ប្រភពដដែលបន្តថា​ ដោយអនុវត្តតាមបទបញ្ជារបស់លោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ និងដោយមានការសម្របសម្រួលនីតិវិធីពីលោក សេង ហៀង ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ នៅថ្ងៃទី០៨ ខែសីហា ឆ្នាំ២០២៤ កម្លាំងការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់ សហការជាមួយកម្លាំងអធិការដ្ឋាននគរបាលខណ្ឌទាំង១៤ បានធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យជាបន្តបន្ទាប់ចំនួន០៤នាក់ នៅចំណុចបន្ទប់ជួលលេខ1Z ផ្លូវ113 ភូមិ៤ សង្កាត់បឹងកេងកងទី២ ខណ្ឌបឹងកេងកង  ពាក់ព័ន្ធករណីលួចម៉ូតូ, ក្លែងឯកសារសាធារណៈ (ប្រើផ្លាកលេខម៉ូតូក្លែងក្លាយ) និងកាន់កាប់រក្សាទុក ប្រើប្រាស់អាវុធដោយខុសច្បាប់ ប្រព្រឹត្តល្មើសកាលពីថ្ងៃទី០៣ ខែសីហា ឆ្នាំ២០២៤ វេលាម៉ោងប្រហែល០៦:០០នាទីព្រឹក នៅចំណុចមុខបន្ទប់ជួលលេខ២៥៨  ផ្លូវលេខ៣៩BT ស្ថិតនៅភូមិសន្សំកុសល២ សង្កាត់បឹងទំពុនទី១ ខណ្ឌមានជ័យ។

ជនសង្ស័យដែលត្រូវឃាត់ខ្លួនមានឈ្មោះដូចខាងក្រោម៖

១-ឈ្មោះ ឆាយ រតនា ហៅ ម៉ាប់ ភេទប្រុស ជនជាតិខ្មែរ មុខរបរ មិនពិតប្រាកដ មានទីលំនៅ ផ្ទះគ្មានលេខ ផ្លូវលំ ភូមិសន្សំកុសល១ សង្កាត់បឹងទំពុនទី១ ខណ្ឌមានជ័យ។

២-ឈ្មោះ សៅ សម្បត្តិ ភេទប្រុស ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ មានទីលំនៅ បន្ទប់ជួលលេខ១Z ផ្លូ១១៣ ភូមិ៤ សង្កាត់បឹងកេងកងទី២ ខណ្ឌបឹងកេងកង។

៣-ឈ្មោះ ស៊ឹម សុខហេង ហៅ រ៉ូត ភេទប្រុស ជនជាតិខ្មែរ មុខរបរ មិនពិតប្រាកដ មានទីលំនៅ ផ្ទះលេខ១៤៤ ផ្លូវលំ ភូមិសន្សំកុសល១ សង្កាត់បឹងទំពុនទី១ ខណ្ឌមានជ័យ។

៤-ឈ្មោះ ជា ស័ក្ករាជ្យ ភេទប្រុស ជនជាតិខ្មែរ មុខរបរ មិនពិតប្រាកដ មានទីលំនៅ ផ្ទះមិនចាំលេខ ផ្លូវលំ សង្កាត់វាលវង់ ខណ្ឌ៧មករា។

សម្ភារបាត់បង់៖ ម៉ូតូម៉ាក SUZUKI NEX ស៊េរីឆ្នាំ២០១៩ ពណ៌ទឹកក្រូច ពាក់ផ្លាកលេខ ភ្នំពេញ 1HO-9651។ វត្ថុតាងចាប់យក៖ ម៉ូតូម៉ាក SUZUKI NEX ស៊េរីឆ្នាំ២០១៩ ពណ៌ទឹកក្រូច ពាក់ផ្លាកលេខ កំពង់ស្ពឺ 1W-4872 (ប្រើប្រាស់ផ្លាកលេខម៉ូតូក្លែងក្លាយ) ជាម៉ូតូជនរងគ្រោះ, ម៉ាក XR ពណ៌ខ្មៅ ពាក់ផ្លាកលេខ ស្វាយរៀង 1S-5378 (ប្រើប្រាស់ផ្លាកលេខម៉ូតូក្លែង) ជារបស់ជនសង្ស័យ កាំភ្លើងខ្លី០១ដើម, គ្រាប់ ចំនួន០៤គ្រាប់, ដាវ ០១ដើម, កាំបិតបុ័ងតោ ០១ដើម, កាំបិតចុងស្រួច ០១ដើម, ឧបករណ៍សម្រាប់ប្រើប្រាស់សារធាតុញៀនមួយចំនួន,.សម្ភារផ្សេងៗមួយចំនួនទៀត។

បច្ចុប្បន្នជនសង្ស័យខាងលើ កម្លាំងការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់ កំពុងកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការតាមនីតិវិធី៕

ដោយ៖ តារា


ចែករំលែក៖