ព័ត៌មានទាន់ហេតុការណ៍៖

រដ្ឋមន្ត្រីក្រសួងសុខាភិបាល និងគណៈប្រតិភូបានធ្វើមាតុភូមិនិវត្តន៍ពី ទីក្រុងវៀងចន្ទន៍ នៃសាធារណៈរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ បន្ទាប់ពីបានចូលរួមកិច្ចប្រជុំរដ្ឋមន្ត្រីសុខាភិបាលអាស៊ានលើកទី១៦ និងកិច្ចប្រជុំពាក់ព័ន្ធនានា

ចែករំលែក៖

ភ្នំពេញ៖ នារសៀលថ្ងៃសៅរ៍ ៦កើត ខែអាសាឍ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី១០ ខែសីហា ឆ្នាំ២០២៤ ដោយទទួលបានគោលការណ៍អនុញ្ញាតដ៏ខ្ពង់ខ្ពស់ពី សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា លោកសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល និងគណៈប្រតិភូក្រសួងសុខាភិបាលកម្ពុជា បានធ្វើមាតុភូមិនិវត្តន៍ពីទីក្រុងវៀងចន្ទន៍ នៃសាធារណៈរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ បន្ទាប់ពីបានចូលរួមកិច្ចប្រជុំរដ្ឋមន្ត្រីសុខាភិបាលអាស៊ានលើកទី១៦ និងកិច្ចប្រជុំពាក់ព័ន្ធនានា ដែលបានប្រព្រឹត្តិទៅពីថ្ងៃទី៥ ដល់ថ្ងៃទី៩ ខែសីហា ឆ្នាំ២០២៤ នៅទីក្រុងវៀងច័ន្ទ នៃសាធារណរដ្ឋប្រជាធិបតេយ្យ ប្រជាមានិតឡាវ ដែលជាប្រធានប្តូរវេន និងជាម្ចាស់ផ្ទះ។

កិច្ចប្រជុំរដ្ឋមន្រ្តីសុខាភិបាលអាស៊ាន លើកទី១៦ និងកិច្ចប្រជុំពាក់ព័ន្ធ គឺជាកិច្ចប្រជុំថ្នាក់ខ្ពស់បំផុតក្នុងវិស័យសុខាភិបាល ត្រូវបានរៀបចំឡើងរៀងរាល់២ឆ្នាំម្តង ក្នុងគោលបំណងពិនិត្យវឌ្ឍនភាពនៃការអនុវត្តផែនការសកម្មភាពរបស់ក្រុមការងារសុខាភិបាលទាំង៤ កំណត់កត្តាប្រឈម និងលើកទិសដៅ ដើម្បីធានាបាននូវសុខភាព សុខុមាលភាព របស់ប្រជាជនទាំងអស់ក្នុងតំបន់អាស៊ាន ឈានទៅសម្រេចការគ្របដណ្តប់សុខភាពជាសកល ដែលមានប្រទេសសមាជិកអាស៊ានទាំង១០ បូកនឹងប្រទេសដៃគូសន្ទនាបន្ថែមចំនួន៤គឺ សាធារណរដ្ឋប្រជាមានិតចិន ជប៉ុន សាធារណរដ្ឋកូរ៉េ សហរដ្ឋអាមេរិក និងប្រទេស ទីម័រឡេស្តេរ៍ ដែលជាប្រទេសសង្កេតការ ព្រមទាំងមានការចូលរួមរបស់នាយកអង្គការសុខភាពពិភពលោកប្រចាំតំបន់ ប៉ាស៊ីហ្វិកខាងលិច និងតំបន់អាស៊ីអគ្នេយ៍។

ក្នុងពេលធ្វើមាតុភូមិនិវត្តន៍មកដល់ព្រះរាជាណាចក្រកម្ពុជា លោកសាស្រ្តាចារ្យរដ្ឋមន្រ្តី បានលើកឡើងពីលទ្ធផលនៃកិច្ចប្រជុំរដ្ឋមន្រ្តីសុខាភិបាលអាស៊ាន លើកទី១៦ និងកិច្ចប្រជុំពាក់ព័ន្ធ ពីការពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការបន្ថែមក្នុងភាពជាដៃគូ មិនត្រឹមតែក្នុងចំណោមប្រទេសជាសមាជិកអាស៊ានប៉ុណ្ណោះទេ តែក៏ជាមួយដៃគូសន្ទនាផ្សេងទៀត ដូចជាការប្តេជ្ញាចិត្តបន្តអនុស្សរណៈនៃការយោគយល់គ្នារវាងអាស៊ាន-ចិន ការគាំទ្ររបស់ជប៉ុនក្នុងការបង្កើតមជ្ឈមណ្ឌលអាស៊ានសម្រាប់ការឆ្លើយតបនឹងគ្រោះអាសន្នសុខភាពសាធារណៈនិងជំងឺឆ្លងសកល កិច្ចសហប្រតិបត្តិការជាមួយសាធារណរដ្ឋកូរ៉េក្នុងការប្រើប្រាស់បច្ចេកវិទ្យាឌីជីថលក្នុងសេវាសុខាភិបាល ព្រមទាំងការលើកកម្ពស់កិច្ចសន្ទនា និងកិច្ចសហប្រតិបត្តិការជាទៀងទាត់ រវាងអាស៊ាន-សហរដ្ឋអាមេរិក ដែលការណ៍នេះនឹងនាំប្រជាជនទូទាំងពិភពលោកមានសុខភាព សុខុមាលភាព ជាពិសេសប្រជាជនកម្ពុជា ក្នុងដំណើរឆ្ពោះទៅសម្រេចបានការគ្របដណ្តប់សុខភាពជាសកល នាឆ្នាំ២០៣៥៕

ដោយ ៖ សិលា


ចែករំលែក៖