ព័ត៌មានទាន់ហេតុការណ៍៖

ទំនប់អាងទឹកតាសាល ស្ថិតក្នុងឃុំតាសាល ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ មានសមត្ថភាពស្តុកទឹកបានប្រមាណ ១៥០ លានម៉ែត្រគូប

ចែករំលែក៖

ខេត្តកំពង់ស្ពឺ ៖ ទំនប់អាងទឹកតាសាល ស្ថិតក្នុងឃុំតាសាល ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ ត្រូវបានសាងសង់ឡើងកាលពីឆ្នាំ២០១១-២០១៤ មានសមត្ថភាពស្តុកទឹកបានប្រមាណ ១៥០ លានម៉ែត្រគូប ដែលជាទំនប់អាងទឹកដ៏មានសក្តានុពលមួយ ដើរតួនាទីជួយកាត់បន្ថយទឹកជំនន់ស្ទឹងព្រែកត្នោតផង រក្សាទឹកទុកបម្រើឱ្យវិស័យកសិកម្ម និងជួយប្រព័ន្ធអេកូឡូស៊ី ព្រមទាំងផ្តល់ទឹកសម្រាប់ការប្រើប្រាស់ក្នុងជីវភាពរស់នៅប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋនៅតាមដងស្ទឹងព្រែកត្នោត។ នេះជាការលើកឡើងពី លោក ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម នៅព្រឹកថ្ងៃទី១១ ខែសីហា ឆ្នាំ២០២៤ ។ 

លោករដ្ឋមន្ត្រីបន្តថា ៖ ក្រៅពីតួនាទីដ៏មានសារសំខាន់ខាងលើ ទំនប់អាងទឹកតាសាល ក៏បានក្លាយជារមណីយដ្ឋានធម្មជាតិដ៏ពេញនិយមមួយនាពេលបច្ចុប្បន្នផងដែរ។

ដោយឡែក ការដ្ឋានសាងសង់ទំនប់ទឹកកំពង់គោ និងការដ្ឋានសាងសង់ទំនប់ស្ទាក់ទឹកស្ទឹងស្លាប់ នៅឃុំត្បូងក្រពេី ស្រុកសន្ទុក ខេត្តកំពង់ធំ។  ទំនប់ស្ទាក់ទឹកទាំងពីរនេះ ពេលសាងសង់រួចរាល់អាចនឹងធានាទឹកសម្រាប់ការស្រោចស្រពផ្ទៃដីស្រែចំការរបស់ប្រជាពលរដ្ឋប្រមាណជាង១២ ម៉ឺនហិចតានៅរដូវប្រាំង។ 

ទំនប់ស្ទាក់ទឹកស្ទឹងស្លាប់ ក៏នឹងដេីរតួនាទីក្នុងការពង្វាងទឹកធ្លាក់ពីស្ទឹងជីនិតប៉ែកខាងលេីនៃខេត្តព្រះវិហារចូលទៅស្ទឹងសែន ដែលនឹងជួយកាត់បន្ថយហារនិភ័យនៃការលិចលង់ក្រុងស្ទឹងសែន និងតំបន់ជុំវិញ ៕

ដោយ ៖ សិលា


ចែករំលែក៖