ភ្នំពេញ ៖ លោក ប្រាក់ សុខុន អនុប្រធានទី១ព្រឹទ្ធសភា ព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យលោក វ៉ាង វិនពីន (Wang Wenbin) ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋប្រជាមានិតចិន ប្រចាំព្រះរាជាណាចក្រកម្ពុជា ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ។
ជំនួបខាងលើនេះ ប្រព្រឹត្តទៅនៅសាលប្រជុំពិសេស៣ វិមានព្រឹទ្ធសភា នាព្រឹកថ្ងៃចន្ទ ៨កើត ខែស្រាពណ៍ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី១២ ខែសីហា ឆ្នាំ២០២៤…។
ខ្លឹមសារជំនួបរវាង លោក ប្រាក់ សុខុន អនុប្រធានទី១ ព្រឹទ្ធសភា ជាមួយ លោក WANG Wenbin ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋប្រជាមានិតចិនប្រចាំកម្ពុជា
នាព្រឹកថ្ងៃទី១២ ខែសីហា ឆ្នាំ២០២៤ លោក ប្រាក់ សុខុន អនុប្រធានទី១ ព្រឹទ្ធសភា បាន អនុញ្ញាតឱ្យ លោក វ៉ាង វិនពីន (WANG Wenbin) ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋប្រជាមានិតចិន ប្រចាំព្រះរាជាណាចក្រកម្ពុជា ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នៅវិមានព្រឹទ្ធសភា។
ជាកិច្ចចាប់ផ្តើម លោក ប្រាក់ សុខុន បានសម្តែងនូវការស្វាគមន៍យ៉ាងកក់ក្តៅ និងអបអរសាទរដល់ លោក វ៉ាង វិនពីន ដែលត្រូវបានតែងតាំងជាឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជា ហើយបានមានប្រសាសន៍ថា ការតែងតាំងឯកអគ្គរដ្ឋទូតថ្មីក្នុងរយៈពេលដ៏ខ្លីនេះ គឺបានបង្ហាញពីការយកចិត្តទុកដាក់ខ្ពស់ពីសំណាក់មិត្តចិនចំពោះទំនាក់ទំនង មិត្តភាព និងកិច្ចសហប្រតិបត្តិការដ៏រឹងមាំជាមួយកម្ពុជា។
លោក អនុប្រធានទី១ ក៏បានអរគុណ លោក ឯកអគ្គរដ្ឋទូតចិន ដែលបានជួយផ្សព្វផ្សាយពត៌មានល្អនិងពិតពីកម្ពុជាតាមរយៈវីឌីអូឃ្លីបខ្លីៗរបស់ ឯកឧត្តម ផងដែល។ ឯកឧត្តម បានសម្តែងសេចក្តីរីករាយចំពោះទំនាក់ទំនងកម្ពុជា-ចិន ដែលឈានដល់កម្រិតខ្ពស់បំផុតក្នុងប្រវត្តិសាស្ត្រ រួមមានកិច្ចសហប្រតិបត្តិការនៃភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ ជាមិត្តភាពដែកថែប ការរួមគ្នាកសាងសហគមន៍វាសនារួម និងការបង្កើតនូវក្របខណ្ឌកិច្ចសហប្រតិបត្តិការត្បូងពេជ្រជាដើម។ លោក អនុប្រធានទី១ បានគូសបញ្ជាក់ផងដែរថា ទំនាក់ទំនងទ្វេភាគីក៏ត្រូវបានពង្រឹងនិងពង្រីកថែមទៀតតាមរយៈការផ្លាស់ប្តូរទស្សនកិច្ចទៅវិញទៅមកជាញឹកញាប់រវាងថ្នាក់ដឹកនាំជាន់ខ្ពស់នៃប្រទេសទាំងពីរ។
ឆ្លៀតក្នុងឱកាសនេះ លោក ក៏បានថ្លែងអំណរគុណចំពោះមិត្តចិនដែលបានយកចិត្តទុកដាក់ថែព្រះរាជសុខភាពរបស់ ព្រះករុណា ព្រះមហាក្សត្រ និង សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ កន្លងមក។ ក្នុងនាមជាប្រធានក្រុមមិត្តភាពទ្វេភាគីព្រឹទ្ធសភាកម្ពុជាជាមួយសភាប្រឹក្សានយោបាយប្រជាជនចិន លោក ប្រាក់ សុខុន ក៏បានសម្តែងនូវគារវកិច្ចចំពោះ លោកស្រី ខាំ ពឹង ដែលជាសមភាគីខាង
ភាគីមិត្ត និងសូមផ្តាំផ្ញើការសួរសុខទុក្ខនិងក្តីនឹករលឹកជូនចំពោះ លោក វ៉ាង យី រដ្ឋមន្ត្រីការបរទេសចិន ផងដែរ។
ក្នុងឱកាសនៃជំនួបនេះ លោក ឯកអគ្គរដ្ឋទូត បានថ្លែងអំណរគុណចំពោះ លោក អនុប្រធានទី១ ដែលបានអនុញ្ញាតិឱ្យ លោកនិងសហការីចូលជួបសម្តែងការគួរសមនាវេលាព្រឹកនេះនិងបានសង្កត់ធ្ងន់ថា ឯកឧត្តម ប្រាក់ សុខុន គឺជាមិត្តចាស់និងជាមិត្តល្អរបស់ប្រជាជនចិន។ លោកឯកអគ្គរដ្ឋទូត មានប្រសាសន៍ថា លោក ប្រាក់ សុខុន បានរួមចំណែកយ៉ាងធំធេងក្នុងការជម្រុញនិងលើកកម្ពស់ទំនាក់ទំនងទ្វេភាគីកម្ពុជា-ចិនកន្លងមក ដែលធ្វើឱ្យចំណងមិត្តភាពរវាងប្រទេសទាំងពីរ ឆ្ពោះទៅកម្រិតថ្មីមួយប្រកបដោយសក្តានុពលខ្ពស់។ ក្នុងនាមជាឯកអគ្គរដ្ឋទូត លោក ប្តេជ្ញានឹងជម្រុញទំនាក់ទំនងឱ្យកាន់តែប្រសើរឡើងថែមទៀត។
លោក អនុប្រធានទី១ និង លោក ឯកអគ្គរដ្ឋទូត បានឯកភាពគ្នាវាយតម្លៃខ្ពស់ចំពោះកិច្ច សហប្រតិបត្តិការល្អរវាងប្រទេសទាំងពីរលើគ្រប់វិស័យ ក្នុងនោះទំហំពាណិជ្ជកម្មទ្វេភាគីសម្រេចបាន ជាង១៤ពាន់លានដុល្លារក្នុងឆ្នាំ២០២៣កន្លងទៅនេះ។ លោក អនុប្រធានទី១ បានបន្តថាចិនគឺជា ប្រទេសឈានមុខគេក្នុងនាមជាដៃគូវិនិយោគ ជាដៃគូពាណិជ្ជកម្ម និងជាអ្នកផ្តល់ជំនួយខាងអភិវឌ្ឍ ដែលទាំងនេះបានរួមចំណែកពង្រឹងឯករាជ្យភាពកម្ពុជាទាំងផ្នែកសេដ្ឋកិច្ចនិងនយោបាយ។ បន្ថែមពី លើក្របខណ្ឌកិច្ចសហប្រតិបត្តិការត្បូងពេជ្រ ប្រទេសទាំងពីរក៏បានឯកភាពគ្នាក្នុងការបង្កើតឱ្យមាន ច្រករបៀង២គឺ ច្រករបៀងឧស្សាហកម្មនិងបច្ចេកវិទ្យា និងច្រករបៀងមច្ឆានិងអង្ករ ដើម្បីជម្រុញទំហំ ពាណិជ្ជកម្មសរុបឱ្យសម្រេចបាន១៥ពាន់លានដុល្លារនៅឆ្នាំ២០២៥ ដូចដែលបានគ្រងទុក។ ឯកឧត្តម ក៏បានលើកឡើងអំពីវិស័យទេសចរណ៍ ដែលទេសចរចិនមកកម្ពុជាធ្លាប់ឈរនៅលំដាប់លេខរៀងទី១ មុនពេលវិបត្តិកូវីដ-១៩ ហើយឆ្នាំនេះផងដែរក៏ជាឆ្នាំនៃការផ្លាស់ប្តូររវាងប្រជាជននិងប្រជាជននៃ ប្រទេសទាំងពីរ ដូចនេះសង្ឃឹមថាចំនួនទេសចរចិនមកកម្ពុជានឹងកើនឡើងជាលំដាប់ ជាពិសេស បន្ទាប់ពីការចេញផ្សាយវីឌីអូឃ្លីបខ្លីៗរបស់ លោក ឯកអគ្គរដ្ឋទូត ដែលនឹងជួយផ្សព្វផ្សាយសារ វិជ្ជមានបន្ថែមទៀតដល់ប្រជាជនចិន។
លោក អនុប្រធានទី១ ក៏បានគូសបញ្ជាក់អំពីកិច្ចសហប្រតិបត្តិការល្អនិងការគាំទ្ររបស់ចិនក្នុងវិស័យសំខាន់ៗដូចជាវិស័យសន្តិសុខនិងការពារជាតិ ក៏ដូចជាក្នុងផ្នែកសង្គម-វប្បធម៌ជាដើម។
លោក បានបន្តថាកម្ពុជាប្រកាន់ខ្ជាប់គោលការណ៍ ចិនតែមួយ» និងចាត់ទុកបញ្ហាផ្ទៃក្នុងផ្សេងៗទៀតស្ថិតនៅក្រោមដែនអធិបតេយ្យភាពរបស់ចិន ហើយនឹងបន្តគាំទ្រគំនិតផ្តួចផ្តើមនានារបស់ចិន រួមមាន គំនិតផ្តួចផ្តើមសន្តិសុខសកល (GSI), គំនិតផ្តួចផ្តើមអភិវឌ្ឍន៍សកល (GDI), គំនិតផ្តួចផ្តើមអរិយធម៌សកល (GCI)។
ជាកិច្ចឆ្លើយតប លោក ឯកអគ្គរដ្ឋទូត បានសង្កត់ធ្ងន់ថាទំនាក់ទំនងរវាងប្រទេសទាំងពីរនឹង ពង្រឹងនិងពង្រីកបន្ថែមទៀត មិនអាចថមថយបានឡើយ ហើយប្តេជ្ញាបន្តគាំទ្រកម្ពុជាក្នុងការជ្រើស រើសមាគ៌ាអភិវឌ្ឍន៍ស្របតាមលក្ខខណ្ឌជាតិរបស់ខ្លួន ក៏ដូចជាក្នុងការសម្រេចបាននូវគោលដៅឱ្យក្លាយ ជាប្រទេសមានចំណូលខ្ពស់មធ្យមកម្រិតខ្ពស់នៅឆ្នាំ២០២៣ និងជាប្រទេសមានចំណូលខ្ពស់នៅឆ្នាំ ២០៥០ផងដែរ។
មុននឹងបញ្ចប់ តាងនាមលោករដ្ឋមន្ត្រីក្រសួងទំនាក់ទំនងអន្តរជាតិរបស់បក្សកុម្មុយនិស្តចិន លោក ឯកអគ្គរដ្ឋទូត ក៏បានគោរពអញ្ជើញ លោក អនុប្រធានទី១ ទៅបំពេញទស្សនកិច្ចនៅ ប្រទេសចិនក្នុងពេលវេលាសមស្របណាមួយ។ លោក ប្រាក់ សុខុន អនុប្រធានទី១ ព្រឹទ្ធសភា បាន ទទួលការអញ្ជើញបំពេញទស្សនកិច្ចដោយរីករាយ ហើយក៏បានជូនពរ លោក ឯកអគ្គរដ្ឋទូត សូមឱ្យ ទទួលបានជោគជ័យក្នុងការបំពេញបេសកកម្មការទូតនៅកម្ពុជា៕
ដោយ ៖ សិលា