ខេត្តកំពង់ចាម៖ ក្រសួងកសិកម្ម រុក្ខាប្រមាញ់និងនេសាទ នៅរសៀលថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២៤នេះ បានឱ្យដឹងថា លោក ទឹម បូរក្ស អនុរដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានដឹកនាំក្រុមការងារចម្រុះ ចុះពិនិត្យបទល្មើសនេសាទ នៅរដូវបិទនេសាទ កាលពីម្សិលមិញនេះ ស្ថិតនៅចំណុចបឹងបេ៦ ស្រុកកងមាស ខេត្តកំពង់ចាម។
ក្នុងប្រតិបត្តិការនោះ លោកអនុរដ្ឋលេខាធិការ បានដឹកនាំកម្លាំងអធិការដ្ឋានរដ្ឋបាលជលផលមេគង្គ កម្លាំងខណ្ឌរដ្ឋបាលជលផលកំពង់ចាម និងសហការជាមួយអាជ្ញាធរស្រុកកងមាស កងកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំព្រែកកុយ ក្រោមការសម្របសម្រួលពីឯកឧត្តម វង្ស ប៊ុនវិសុទ្ធ ព្រះរាជអាជ្ញាអយ្យការអមសាលាដំបូងកំពង់ចាម បានចុះបង្ក្រាបបទល្មើសជលផលបានចំនួន០១ករណី ស្ថិតនៅចំណុចបឹងបេ៦ ឃុំព្រែកកុយ ស្រុកកងមាស ខេត្តកំពង់ចាម។
ក្នុងប្រតិបត្តិការចុះបង្ក្រាបនោះ វត្ថុតាងដែលក្រុមការងារជំនាញបានរុះរើ និងកាប់បំផ្លាញចោលនៅនឹងកន្លែង រួមមាន៖ ឧបករណ៍លូស្បៃមុងចំនួន ១៨មាត់ របាំងស្បៃមុងប្រវែង ៨៩៥ម៉ែត្រ បង្គោលចម្រឹងចំនួន ២៧០ដើម ព្រមទាំងលែងកូនត្រីចម្រុះចំនួន ៦០គីឡូចូលទៅក្នុងបឹងធម្មជាតិវិញ៕
ដោយ៖ តារា