ខេត្តសៀមរាប៖ ទំនប់អាងទឹកសួង៧៨ ស្ថិតនៅក្នុងភូមិស្ដៅ ឃុំអន្លង់សំណរ ស្រុកជីក្រែង ខេត្តសៀមរាប មានចម្ងាយប្រមាណ ២៨០ គីឡូម៉ែត្រពីរាជធានីភ្នំពេញ។ ទំនប់នេះបានកសាងឡើងតាំងពីឆ្នាំ១៩៧៨ ដែលមានតួនាទីទទួលទឹកពីផ្ទៃរងទឹកភ្លៀងក្នុងតំបន់ និងពីស្ទឹងជីក្រែង ដើម្បីស្រោចស្រពបន្ថែមលើផ្ទៃបង្កបង្កើនផលកសិកម្មប្រមាណជាង ១០០០ហិកតា និងសម្រាប់ការប្រើប្រាស់ក្នុងជីវភាពរស់នៅប្រចាំថ្ងៃ។
កន្លងមក ទំនប់អាងទឹកសួង៧៨ បានជួបនូវស្ថានភាពទឹកជំនន់រដូវវស្សាហូរច្រោះដាច់តួទំនប់ស្ទើរតែទាំងស្រុង ខណៈសំណង់នៅលើទំនប់មិនអាចគ្រប់គ្រង និងបញ្ជាទឹកបាន ដែលបណ្តាលឱ្យមានការខ្វះខាតទឹកសម្រាប់ការងារបង្កបង្កើនផល និងការប្រើប្រាស់ប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋក្នុងតំបន់។
នៅក្នុងឆ្នាំ២០២៤នេះ នាយកដ្ឋានវិស្វកម្មនៃក្រសួងធនធានទឹក និងឧតុនិយម បានអនុវត្តគម្រោងជួសជុលទំនប់អាងទឹកសួង៧៨ ឡើងវិញ ក្នុងគោលបំណងដើម្បីជួយដោះស្រាយកង្វល់របស់បងប្អូនប្រជាកសិករ ដែលកំពុងជួបការលំបាកខ្វះទឹកសម្រាប់ការងារបង្កបង្កើនផល និងការប្រើប្រាស់ក្នុងជីវភាពរស់ប្រចាំថ្ងៃ។
បើតាមលោក ប៊ុន ថន ប្រធានគ្រប់គ្រងការដ្ឋាន បានបញ្ជាក់ឱ្យដឹងថា គម្រោងជួសជុលទំនប់អាងទឹកសួង៧៨ បានចាប់ផ្ដើមអនុវត្តនៅក្នុងខែមីនា ឆ្នាំ២០២៤ ហើយការងារសំខាន់ៗរួមមាន៖ ជួសជុលទំនប់ប្រវែង ៤២០០ម៉ែត្រ និងសាងសង់សំណង់សិល្បការ្យលើទំនប់ចំនួន ៨កន្លែង ក្នុងនោះសំណង់ទ្វារទឹក (ទ្វារ១) ចំនួន ២កន្លែង សំណង់ទ្វារទឹក(ទ្វារ២) ចំនួន ៥កន្លែង និងសំណង់ទ្វារទឹក(ទ្វារ៤) ចំនួន ១កន្លែង។ បើគិតមកដល់ពេលនេះវឌ្ឍនភាពការងារសម្រេចបានប្រមាណជាង ៩០% ។
តំណាងប្រជាពលរដ្ឋ លោក កង ស៊ីជឿន ប្រធានក្រុមប្រឹក្សាឃុំអន្លង់សំណរបានបញ្ជាក់ថា កន្លងមក បងប្អូនប្រជាកសិករបានជួបការលំបាកដោយសារទំនប់បាក់ តែពេលនេះបានទទួលសមិទ្ធផលថ្មីដែលធ្វើឱ្យពួកគាត់មានសេចកី្ដសប្បាយរីករាយត្រេកអរ និងបានថ្លែងអំណរគុណដល់ថ្នាក់ដឹកនាំក្រសួងធនធានទឹក និងឧតុនិយម និងសម្តេចធិបតី ដែលតែងតែយកចិត្តទុកដាក់គិតគូរដល់សុខទុក្ខប្រជាពលរដ្ឋនៅតាមជនបទដាច់ស្រយាល ដែលជួបប្រទះនឹងការលំបាក។
លោកស្រី ស៊ឹម ចាន់ថន ប្រជាពលរដ្ឋនៅក្នុងភូមិស្ដៅ ឃុំអន្លង់សំណរ ស្រុកជីក្រែង ខេត្តសៀមរាប បានបង្ហាញនូវអារម្មណ៍រីករាយត្រេកអរ និងបានថ្លែងអំណរគុណដល់ឯកឧត្ដម ថោ ជេដ្ឋា រដ្ឋមន្រ្តីក្រសួងធនធានទឹក និងឧតុនិយម និងសម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដែលបានជួយដោះស្រាយនូវបញ្ហាក្នុងឃុំរបស់ពួកគាត់។
បន្ទាប់ពីការជួសជុលទំនប់អាងទឹក និងការសាងសង់សំណង់សិល្បការ្យនានាបានបញ្ចប់រួចរាល់តាមលក្ខណៈបច្ចេកទេស បងប្អូនប្រជាពលរដ្ឋប្រមាណ ១១៩០គ្រួសារ ក្នុងភូមិចំនួន៦ នៃឃុំអន្លង់សំណរ ស្រុកជីក្រែង ខេត្តសៀមរាប នឹងមានប្រភពទឹកទុកស្រោចស្រពបន្ថែមលើផ្ទៃដីបង្កបង្កើនផលកសិកម្មដែលមានស្រាប់ ដំណាំរួមផ្សំ និងការប្រើប្រាស់សម្រាប់ជីវភាពរស់នៅប្រចាំថ្ងៃ។ ជាមួយគ្នានេះ ខ្នងទំនប់នឹងក្លាយជាផ្លូវគមនាគមន៍ដ៏សំខាន់សម្រាប់ចរាចរណ៍ដឹក កសិផលទៅកាន់ទីផ្សារ ព្រមទាំងជារមណីយដ្ឋានអេកូទេសចរណ៍ដ៏ទាក់ទាញមួយនៅក្នុងតំបន់ផងដែរ៕
ដោយ៖ តារា