ខេត្តបាត់ដំបង៖ អ្នកនាំពាក្យសាលាដំបូងខេត្តបាត់ដំបង នៅរសៀលថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២៤នេះ មានកិត្តិយសសូមជម្រាបជូនសាធារណជនជ្រាបថា៖ នៅថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២៤ សាលាដំបូងខេត្តបាត់ដំបង បានទទួលចាត់ការលើសំណុំរឿងព្រហ្មទណ្ឌ លេខ ១២៤០ ចុះថ្ងៃទី១០ ខែសីហា ឆ្នាំ២០២៤ ពាក់ព័ន្ធនឹងករណី ជួញដូរគ្រឿងញៀន ប្រភេទយ៉ាម៉ា (WY) សរុបចំនួន ១៥៩៦៥ គ្រាប់ មានទម្ងន់ ១៥៧១,៦៩ ក្រាម ដែលប្រព្រឹត្តដោយជនត្រូវចោទចំនួន ៤នាក់។ ក្នុងនោះឃាត់ខ្លួនបានម្នាក់ ឈ្មោះ ឈួម សុខវណ្ឌី ហៅ ឃ្លោក ភេទប្រុស អាយុ៣៧ឆ្នាំ។ ជនត្រូវចោទចំនួន ៣នាក់ ដែលរត់គេចខ្លួនមានឈ្មោះ ១.ឈ្មោះ បារាំង ប៊ុនឈាន ២.ឈ្មោះ សួស វិសាល ហៅ ចេកស៊ីន និង ៣.ឈ្មោះ ម៉ាប់។
ជនត្រូវចោទឈ្មោះ ឈួម សុខវណ្ឌី ត្រូវបានចោទប្រកាន់ពីបទ រក្សាទុក និងជួញដូរដោយខុស ច្បាប់នូវសារធាតុញៀន និងកាន់កាប់អាវុធដោយគ្មានការអនុញ្ញាត ប្រព្រឹត្តនៅចំណុចភូមិអូរតាគាំ១ សង្កាត់ ទួលតាឯក ក្រុងបាត់ដំបង ខេត្តបាត់ដំបង និងនៅចំណុចភូមិកគោ ឃុំជ្រៃ ស្រុកថ្មគោល ខេត្តបាត់ដំបង កាលពី ថ្ងៃទី០៧ ទី០៨ ខែសីហា ឆ្នាំ២០២៤ និងអំឡុងខែមិថុនា ឆ្នាំ២០២៤ បទល្មើសព្រហ្មទណ្ឌដែលត្រូវបានបញ្ញត្តិ ឱ្យផ្តន្ទាទោសតាមមាត្រា ៤០ កថាខណ្ឌ១ កថាខណ្ឌ៣ កថាខណ្ឌ៧ ចំណុចទី៤ នៃច្បាប់ស្តីពីការត្រួតពិនិត្យ គ្រឿងញៀន និងមាត្រា ២០ នៃច្បាប់ស្តីពីការគ្រប់គ្រងអាវុធជាតិផ្ទុះ និងគ្រាប់រំសេវ។ ជនត្រូវចោទឈ្មោះ បារាំង ប៊ុនឈាន ឈ្មោះ សួស វិសាល និងឈ្មោះ ម៉ាប់ ត្រូវបានចោទប្រកាន់ពីបទ ជួញដូរដោយខុសច្បាប់នូវ សារធាតុញៀន ប្រព្រឹត្តនៅចំណុចភូមិកគោ ឃុំជ្រៃ ស្រុកថ្មគោល ខេត្តបាត់ដំបង និងនៅចំណុចក្នុងខេត្ត បាត់ដំបង កាលពីអំឡុងខែមិថុនា និងខែកក្កដា ឆ្នាំ២០២៤ បទល្មើសព្រហ្មទណ្ឌដែលត្រូវបានបញ្ញត្តិឱ្យ ផ្តន្ទាទោសតាមមាត្រា ៤០ កថាខណ្ឌ ៣ កថាខណ្ឌ ៧ ចំណុចទី ៤ នៃច្បាប់ស្តីពីការត្រួតពិនិត្យគ្រឿងញៀន។
បន្ទាប់ពីបានសួរចម្លើយជនត្រូវចោទ ពិនិត្យភស្តុតាង និងបានពិចារណាលើមូលហេតុនៃការឃុំខ្លួនរួចមក ចៅក្រមស៊ើបសួរបានសម្រេចឃុំខ្លួនជនត្រូវចោទ ឈ្មោះ ឈួម សុខវណ្ឌី ជាបណ្តោះអាសន្ន។
ដោយ ឡែកជនត្រូវចោទផ្សេងទៀត ចៅក្រមស៊ើបសួរកំពុងបន្តចំណាត់ការស៊ើបសួរតាមនីតិវិធីច្បាប់។ ចំពោះករណីប្រព្រឹត្តអំពើជួញដូរនូវសារធាតុញៀនខុសច្បាប់ ដែលបង្កឱ្យកើតជាបញ្ហាវឹកវរដល់ សង្គមជាតិ តុលាការ នឹងអនុវត្តច្បាប់ដោយម៉ឺងម៉ាត់ និងតឹងរឹងបំផុត៕
ដោយ៖ តារា