ភ្នំពេញ៖ អគ្គនាយកដ្ឋានពន្ធដារ បានឱ្យដឹងនៅថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២៤នេះថា៖ ការធ្វើប្រតិបត្តិការពាណិជ្ជកម្ម រួមទាំងប្រតិបត្តិករថ្នាលអេឡិចត្រូនិក (Electronic platform Operator) ចូលមកក្នុងព្រះរាជាណាចក្រកម្ពុជា ត្រូវមានកាតព្វកិច្ចប្រមូលនិងបង់អាករលើតម្លៃបន្ថែម ស្របតាមច្បាប់និងលិខិតបទដ្ឋានគតិយុត្តស្តីពីពន្ធដារជាធរមាន។
ជាក់ស្ដែងក្នុងរយៈពេល ៧ខែ ឆ្នាំ២០២៤ អគ្គនាយកដ្ឋានពន្ធដារប្រមូលអាករលើតម្លៃបន្ថែមពីប្រតិបត្តិការពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក បានចំនួន ១៧៦,៦៩ ប៊ីលានរៀល ស្មើនឹង ៤៣,៦៣ លានដុល្លារ ក្នុងនោះ ចំណូលដែលប្រមូលបានពីអនិវាសនជនដែលបានចុះបញ្ជីអាករ លើតម្លៃបន្ថែមសាមញ្ញ (Simplified VAT Registration) មានចំនួន ៥៥,១០ ប៊ីលានរៀល ស្មើនឹង ១៣,៦១ លានដុល្លារ និងចំណូលប្រមូល បានពីនិវាសនជនតាមវិធីសាស្ត្រគិតអាករជំនួស (VAT Reverse Charge) មានចំនួន ១២១,៥៩ ប៊ីលានរៀល ស្មើនឹង ៣០,០២ លានដុល្លារ។
ដោយឡែកចំណូលដែលប្រមូលបានពីវិស័យនេះក្នុងខែកក្កដា មានចំនួន ២៤,៤៥ ប៊ីលានរៀល ស្មើនឹង ៦,០៤ លានដុល្លារ។ គួររំលឹកផងដែរថា អគ្គនាយកដ្ឋានពន្ធដារ បានចាប់ផ្តើមប្រមូលអាករលើតម្លៃបន្ថែមពីប្រតិបត្តិការពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក (e-Commerce) ចាប់ពីខែមេសា ឆ្នាំ២០២២ ហើយគិតមកដល់បច្ចុប្បន្ននេះមានក្រុមហ៊ុនធំៗបានមកចុះបញ្ជីអាករលើតម្លៃបន្ថែមសាមញ្ញ នៅអគ្គនាយកដ្ឋានពន្ធដារ ដែលមានជាអាទិ៍ META, GOOGLE, YOUTUBE, TIK TOK, NETFLIX… ជាដើម៕
ដោយ៖ តារា