ភ្នំពេញ ៖ កម្លាំងនគរបាលការិយាល័យព្រហ្មទណ្ឌកម្រិតស្រាលរាជធានីភ្នំពេញ កាលពីថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២៤ បានធ្វើការឃាត់ខ្លួនមន្ត្រីយោធាពាក់ស័ក្តិ៤កន្លះម្នាក់បញ្ជូនទៅតុលាការ ដោយជាប់ពាក់ព័ន្ធលើពាក្យបណ្តឹងពីបទឆបោក ករណីស៊ីដាច់ប្រាក់គេជិត៣ម៉ឺនដុល្លារអាមេរិក រឿងយកទៅរត់ការចូលក្របខ័ណ្ឌកងទ័ព ។ មន្ត្រីយោធានោះមានឈ្មោះ សេក សេងហុង ភេទប្រុស អាយុ៤៩ឆ្នាំ មានទីលំនៅផ្ទះលេខ២៤ សេ ភូមិត្រពាំងពោធិ៍ សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។ ការចាប់ឃាត់ខ្លួនមន្ត្រីយោធាខាងលើ សមត្តកិច្ចនគរបាលព្រហ្មទណ្ឌ បានអនុវត្តតាមដីកាបង្គាប់ឱ្យនាំខ្លួនរបស់ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ ពីបទឆបោក ប្រព្រឹត្តនៅផ្ទះលេខ១១៩ ផ្លូវ១១១កា ភូមិក្បាលដំដី សង្កាត់កាកាបទី១ ខណ្ឌពោធិសែនជ័យ រាជធានីភ្នំពេញ កាលពីអំឡុងខែកក្កដា ឆ្នាំ២០២១ ដែលបទល្មើសមានចែងឱ្យផ្តន្ទាទោសតាមបញ្ញតិមាត្រា ៣៧៧ និងមាត្រា៣៧៨ នៃក្រមព្រហ្មទណ្ឌ ។ ដោយយល់ឃើញថា តាមដីកាបង្គាប់ឱ្យជនសង្ស័យចូលខ្លួន ចុះថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០២៤ របស់សាលាដំបូងរាជធានីភ្នំពេញ ជនត្រូវចោទមិនព្រមចូលខ្លួនតាមដីកាកោះហៅរបស់តុលាការទេ ដូច្នោះដើម្បីធានាដល់ការស៊ើបសួរឱ្យបានពេញលេញ គប្បីសម្រេចនាំខ្លួនឈ្មោះ សេក សេងហុង មកចំពោះមុខចៅក្រមស៊ើបសួរ ដើម្បីបំភ្លឺការណ៍ពិត ។ សូមបញ្ជាក់ថា មន្ត្រីយោធាពាក់ស័ក្តិ៤កន្លះម្នាក់នេះ ត្រូវបានកម្លាំងសមត្តកិច្ចនគរបាលព្រហ្មទណ្ឌកម្រិតស្រាលធ្វើការឃាត់ខ្លួនកាលពីព្រឹកថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២៤ នៅចំណុចសង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ខណៈជនសង្ស័យកំពុងធ្វើដំណើរទៅកន្លែងធ្វើការ ។ យោងតាមពាក្យបណ្តឹង
របស់ជនរងគ្រោះបានឱ្យដឹងថា ឈ្មោះ សេក សេងហុង បានប្រើល្បិចកលទុច្ចរិត បញ្ចុះបញ្ចូល និងធ្វើការលួងលោមឱ្យក្រុមគ្រួសារជនរងគ្រោះរត់ការចូលក្របខ័ណ្ឌកងទ័ព ដោយអួតអាងថា រូបគេមានសមត្តភាពគ្រប់គ្រាន់ស្គាល់អ្នកមានអំណាច អាចរត់ការចូលក្របខ័ណ្ឌកងទ័ពបាន ហើយជនសង្ស័យបានតម្រូវក្នុងមួយនាក់ត្រូវចំណាយទឹកប្រាក់១៣.០០០ ដុល្លារអាមេរិក នឹងអាចទទួលបានស័ក្តិ២ ហើយបើសិនជាត្រូវចំណាយអស់ទឹកប្រាក់ ១៤.០០០ ដុល្លារវិញ នឹងអាចទទួលបានស័ក្តិ៣ពាក់លើស្មា ដោយជនសង្ស័យបានបញ្ចុះបញ្ចូលឱ្យក្រុមគ្រួសារជនរងគ្រោះបំពេញបែបបទដើម្បីសុំចូលក្របខ័ណ្ឌកងទ័ព ។ ដោយចាញ់បោកការលួងលោម ជនរងគ្រោះបានជឿជាក់លើឈ្មោះ សេក សេងហុង ហើយបានប្រគល់ទឹកប្រាក់សរុបចំនួន ២៧.០០០ ដុល្លារអាមេរិកឱ្យទៅជនសង្ស័យ ដោយជនសង្ស័យបានធានាថា នឹងយកទៅរត់ការចូលក្រមខ័ណ្ឌកងទ័ពលើឈ្មោះ២នាក់ ម្នាក់ពាក់ស័ក្តិ២ នឹងម្នាក់ពាក់ស័ក្តិ៣ ។ ពាក្យបណ្តឹងរបស់ជនរងគ្រោះបញ្ជាក់ទៀតថា បើគិតមកដល់ពេលនេះគឺមានរយៈពេល៣ឆ្នាំហើយ ជនសង្ស័យមិនមានការឆ្លើយតបនូវអ្វីដូចដែលគេបានសន្យានោះទេ ផ្ទុយទៅវិញជនសង្ស័យតែងតែយកការដោះសាមិនឈប់នោះឡើយ ទើបជនរងគ្រោះសម្រេចដាក់ពាក្យបណ្តឹងទៅអយ្យការអមសាលាដដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការតាមផ្លូវច្បាប់៕
ដោយ ៖ រ៉ារ៉ា