ព័ត៌មានទាន់ហេតុការណ៍៖

សម្រង់ខ្លឹមសារសំខាន់ៗ របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ក្នុងពិធីសំណេះសំណាលជាមួយអាចារ្យ អាចារិនី ទូទាំងប្រទេសលើកទី៩ នៅវិទ្យាស្ថានជាតិអប់រំ

ចែករំលែក៖

ភ្នំពេញ​៖​ ក្នុងឱកាសដ៏មហោឡារិកនោះ សម្តេចធិបតីនាយករដ្ឋមន្ត្រី បានកោតសរសើរ និង វាយតម្លៃខ្ពស់ ចំពោះក្រសួងធម្មការ និង សាសនា ដែលបានរៀបចំ បើកវគ្គបណ្តុះបណ្តាលតម្រង់ទិស អាចារ្យ អាចារិនី ស្តីពី តួនាទី ភារកិច្ច និង ក្រមសីលធម៌អាចារ្យខ្មែរ ដើម្បីឈានឆ្ពោះទៅរកការឯកភាពទាំងទស្សនៈ គោលជំហរ និង ការប្រតិបត្តិក្នុងការដឹកនាំពិធីកម្មសាសនា និង ទំនៀមទម្លាប់ប្រពៃណីរបស់យើង។ សម្តេចធិបតី បានគូស បញ្ជាក់នូវចំណុចសំខាន់ៗចំនួន៣ ដើម្បីចូលរួម អភិរក្សវប្បធម៌ខ្មែរ តាមរយៈ ទី១)ការស្រាវជ្រាវចងក្រងទៅតាម ក្បួនខ្នាតដែលរក្សាបាននូវ អត្តសញ្ញាណជារបស់ខ្មែរ។ ទី២) ការផ្សព្វផ្សាយ តាមរយៈធ្វើការបោះពុម្ពផ្សព្វផ្សាយ និងបណ្តុះបណ្តាលឱ្យបានទូលំទូលាយ និងទី៣)ការប្រតិបត្តិ ដែលសំដៅយដល់ការប្រតិបត្តិឱ្យបានត្រឹមត្រូវ តាមក្បួនខ្នាត ហើយត្រូវធ្វើដោយមានការឯកភាពគ្នា។

សម្តេចធិបតីនាយករដ្ឋមន្ត្រី បានផ្តល់នូវអនុសាសន៍ចំនួន៧ ដើម្បីចូលរួមដល់ការលើកកម្ពស់ និង ការពង្រឹងវិស័យធម្មការ និង សាសនាឱ្យកាន់តែប្រសើរ ដោយរួមមាន ៖

ទី១. ក្រសួងធម្មការ និង សាសនា ត្រូវបន្តរៀបចំវគ្គបណ្តុះបណ្តាលអំពីតួនាទី ភារកិច្ច និងក្រមសីលធ៌ម អាចារ្យខ្មែរ សម្រាប់អាចារ្យ អាចារិនី ដើម្បីបំពេញតម្រូវការរបស់ប្រជាជននៅទូទាំងប្រទេសចំពោះវិស័យ ដ៏សំខាន់នេះ ។

ទី២. សូម អាចារ្យ អាចារិនី បង្កើនសាមគ្គីភាពល្អជាមួយ ពុទ្ធបរិស័ទ ព្រះសង្ឃ និង អាជ្ញាធរគ្រប់លំដាប់ថ្នាក់ហើយប្រកាន់ខ្ជាប់នូវក្រមសីលធម៌របស់ខ្លួន, ជួយទប់ស្កាត់សកម្មភាពការយកសាសនាធ្វើអាជីវកម្ម, បម្រើ ព្រះពុទ្ធសាសនា ប្រជាជនគ្រប់មជ្ឈដ្ឋាន, រក្សាឱ្យបាននូវប្រពៃណីវប្បធម៌ដ៏ល្អផូរផង់របស់ខ្មែរយើង និង ចូលរួម ចំណែកអប់រំ សំដៅលុបបំបាត់ការប្រើប្រាស់ និងការជួញដូរគ្រឿងញៀន អំពើហិង្សាក្នុងគ្រួសារ ការជួញដូរ មនុស្ស ក្មេងទំនើងជាដើម ។ 

ទី៣. លើកទឹកចិត្តដល់ អាចារ្យ អាចារិនី ដែលមានតួនាទីជាគណៈកម្មការ អាចារ្យវត្ត សូមបង្កើនកិច្ចសហការល្អជាមួយព្រះសង្ឃ ហើយប្រកាន់ភ្ជាប់ស្មារតីជានិច្ចថា អាចារ្យ អាចារិនី គឺជាសេនាធិការ ឬជាវេយ្យាវច្ចករ (អ្នកបម្រើព្រះសង្ឃ) ដូច្នេះមិនត្រូវសម្តែងសកម្មភាពណាមួយមិនថាដោយកាយក្តី វាចាក្តី ចិត្តក្តី ដែលមិនសមរម្យ ចំពោះព្រះសង្ឃ ដែលជាហេតុនាំឱ្យកើតមាននូវវិវាទធ្វើឱ្យប៉ះពាល់ដល់គុណតម្លៃ និងសេចក្តីថ្លៃថ្នូររបស់វត្ត ក៏ដូចជាកិត្យានុភាពនៃព្រះពុទ្ធសាសនាជាតិយើងឡើយ ។

ទី៤. សូម អាចារ្យ អាចារិនី រក្សាឱ្យបាននូវគុណធម៌ខ្ពស់ ចៀសវាងការប្រព្រឹត្តខុសឆ្គងដោយប្រការណាមួយ ការប្រកាន់បក្សពួក និន្នាការនយោបាយ រើសអើងវណ្ណៈ ដែលធ្វើឱ្យប៉ះពាល់ដល់សេចក្តីថ្លៃថ្នូររបស់អាចារ្យ អាចារិនី ។ 

ទី៥. ក្រសួងធម្មការ និង សាសនា ត្រូវធ្វើបច្ចុប្បន្នភាពលើឯកសារសម្រាប់បង្រៀនធ្វើយ៉ាងណាឱ្យ ការប្រតិបត្តិ នៅក្នុងសាសនពិធី និង ពិធីអាពាហ៍ពិពាហ៍មានការឯកភាពគ្នា។ ទន្ទឹមនេះ ក្រសួងធម្មការ និងសាសនា ត្រូវសហការជាមួយគ្រប់ភាគីពាក់ព័ន្ធក្នុងការបណ្តុះបណ្តាល និងតម្រង់ទិស ដល់តួអង្គប្រតិបត្តិករ ក្នុងការអនុវត្ត នូវពិធីកម្មសាសនា និង ពិធីផ្សេងៗ ។

ទី៦. ក្រសួងធម្មការ និង សាសនា ត្រូវរៀបចំឡើងវិញឱ្យមានសមាគមអាចារ្យខ្មែរ ដើម្បីធ្វើយ៉ាងណា ធានានិរន្តរភាព ក្នុងការកសាងបាននូវមូលធនអាចារ្យប្រកបដោយសមត្ថភាព និង ចំណេះដឹងខ្ពស់ ចូលរួម ថែរក្សា ការពារ ព្រះពុទ្ធសាសនា ប្រពៃណី ទំនៀមទម្លាប់ដ៏ល្អផូរផង់របស់ជាតិឱ្យបានគង់វង្សជានិច្ចនិរន្តរ៍ ។ ទី៧. អាចារ្យ អាចារិនី បន្តប្រព្រឹត្តឱ្យបានត្រឹមត្រូវទៅតាមធម៌វិន័យសាសនា និងសីលធម៌សង្គម កសាងខ្លួន ឱ្យក្លាយទៅជាបុគ្គលដែលទទួលបាននូវការគោរព ស្រឡាញ់ និង ការជឿទុកចិត្តពីប្រជាជន មហាជននៅមូលដ្ឋាន ។ ក្នុងនាមជា អាចារ្យ អាចារិនី ក្រៅពី មានតួនាទីដឹកនាំ រៀបចំពិធីកម្មផ្សេងៗ, សូមចូលរួមសកម្មភាពសង្គមនានា តាមរយៈការផ្តល់ការអប់រំប្រជាជន យុវជន កូនចៅរបស់ប្រជាពលរដ្ឋ ឱ្យវៀរចាកអំពើអបាយមុខផ្សេងៗ, ដូចជា គ្រឿងញៀន សកម្មភាពក្មេងទំនើង ល្បែងស៊ីសង អំពើហិង្សា និងការជួញដូរមនុស្សជាដើម ដើម្បីរួមចំណែក ដល់ការពង្រឹង ភូមិ-ឃុំ-សង្កាត់មានសុវត្ថិភាព ។

ពាក់ព័ន្ធនឹងកិច្ចសហប្រតិបត្តិការតំបន់ត្រីកោណអភិវឌ្ឍន៍ កម្ពុជា-ឡាវ-វៀតណាម (CLV-DTA) សម្តេចធិបតី នាយករដ្ឋមន្ត្រី បានស្នើដល់ប្រជាពលរដ្ឋគ្រប់មជ្ឈដ្ឋានធ្វើការបញ្ចេញទស្សនៈប្រកបដោយភាពថ្លៃថ្នូរ និង ត្រូវប្រកាន់ខ្ជាប់នូវអភិក្រមនៃការបញ្ចេញមតិដែលមិនឈានទៅដល់ការបែកបាក់ឯកភាពជាតិ។ សម្តេចធិបតី បានលើកឡើងថា រាជរដ្ឋាភិបាលបានទទួលស្តាប់នូវកង្វល់របស់ប្រជាពលរដ្ឋគ្រប់មជ្ឈដ្ឋានចំពោះបញ្ហាទឹកដី និងអធិបតេយ្យភាពរបស់កម្ពុជា។ សម្តេចធិបតី បានកត់សំគាល់ឃើញថា កិច្ចសហប្រតិបត្តិការតំបន់ត្រីកោណ អភិវឌ្ឍន៍ កម្ពុជា-ឡាវ-វៀតណាម មានក្រុមមនុស្សចំនួន៣ក្រុម ដែលមានទស្សនៈផ្សេងគ្នា ដែលក្នុងនោះ ក្រុមទី១ ជាក្រុមអ្នកទាមទារឱ្យដកកិច្ចសសហប្រតិបត្តិការចេញ, ក្រុមទី២ ជាក្រុមយល់ពីតម្លៃ និងឱ្យបន្តអភិវឌ្ឍ និងក្រុមទី៣ ជាក្រុមដែលធំបំផុតនោះគឺជាក្រុមនៅស្ងាត់ស្ងៀម មាននិន្នាការកណ្តាល ហើយចង់បានការធានា ពីរាជរដ្ឋាភិបាលថាកិច្ចសហប្រតិបត្តិការនេះ ទី១) ខេត្តទាំង៤មិនបាត់បង់ទឹកដី, ទី២) មិនបាត់បង់អធិបតេយ្យភាព, ទី៣) ធានាអភិវឌ្ឍខេត្តទាំង៤នេះ និងទី៤) មិនចង់ឃើញខ្មែរត្រូវបែកបាក់ដូចអតីតកាល។

សម្តេចធិបតីនាយករដ្ឋមន្ត្រី បានគូសបញ្ជាក់ថា រាជរដ្ឋាភិបាលនឹងទទួលស្តាប់តាមមតិភាគច្រើនបំផុត។ បន្ថែមលើនេះក្នុងនាមរាជរដ្ឋាភិបាល សូមយកការអះអាងចំពោះមុខប្រជាពលរដ្ឋថានឹងការពារឱ្យបានដាច់ខាត ចំពោះជាតិ ទឹកដី និងអធិបតេយ្យភាព ហើយដើម្បីឱ្យការអះអាងនេះអាចជឿទុកចិត្តបាន គឺមានតែជំរុញ ការអភិវឌ្ឍទៅតំបន់នោះឱ្យបានកាន់ឆាប់ ព្រោះថាដើម្បីកិច្ចការពារបូរណភាពទឹកដី និងអធិបតេយ្យជាតិឱ្យរឹងមាំ គឺត្រូវរួមគ្នាអភិវឌ្ឍ និងលើកកម្ពស់ជីវភាពពលរដ្ឋ នៅតំបន់ខេត្តជាប់ព្រំដែននេះ ក៏ដូចជាទូទាំងប្រទេស ឱ្យកាន់តែរីកចម្រើនបន្ថែមទៀត។

ជាចុងក្រោយ សម្តេចធិបតី អំពាវនាវដល់ប្រជាពលរដ្ឋគ្រប់និន្នាការសូមធ្វើការបញ្ចេញមតិដោយសេចក្តីថ្លៃថ្នូរ និងដោយសន្តិវិធី ហើយអ្វីដែលល្អបំផុត គឺរួមគ្នាការពារទឹកដីតាមរយៈការរួមគ្នាការពារ ឯកភាពជាតិ ការពារ សន្តិភាព នៅកម្ពុជាឱ្យបានគង់វង្សទាំងបច្ចុប្បន្ន និងសម្រាប់កូនចៅជំនាន់ក្រោយបន្តទៅទៀត៕

ដោយ៖ តារា


ចែករំលែក៖