ខេត្តស្ទឹងត្រែង ៖ ក្នុងកំឡុងដើមសប្តាហ៍ទី៤ នៃកក្កដា ឆ្នាំ២០២៤ លោក សរ សុពុត្រា អភិបាល នៃគណៈអភិបាលខេត្តស្ទឹងត្រែង បានបង្ហោះលើផេកការ សូមគោរពជម្រាបជូនពុកម៉ែ មាមីង បងប្អូនទាំងអស់ ដែលរស់នៅក្នុងក្រុងស្ទឹងត្រែង ខេត្តស្ទឹងត្រែង ជាទីគោរពស្រឡាញ់រាប់អាន មេត្តាជ្រាបថា៖ ចាប់ពីថ្ងៃនេះតទៅ (ចន្ទ ២២ កក្កដា ២០២៤) នៅរៀងរាល់ម៉ោង៥ល្ងាច បទ «ពង្សាវតាខ្មែរ» នឹងបន្លឺចេញពីសាលាខេត្តស្ទឹងត្រែង ជារៀងរាល់ថ្ងៃ ។
លោក សរ សុពុត្រា អភិបាល នៃគណៈអភិបាលខេត្តស្ទឹងត្រែង បានបន្តថា ៖ ខ្ញុំមានជំនឿជឿជាក់ថា តាមរយៈ ស្មារតីជាតិនិយម និងស្របតាមបំណងប្រាថ្នារបស់ប្រជាជនយើង នៅពេលដ៏ខ្លីខាងមុខនេះ បទ «ពង្សាវតាខ្មែ» ក៏នឹងត្រូវបានបន្លឺចេញពីសាលាក្រុងស្រុក ឃុំសង្កាត់ នៅទូទាំងខេត្តស្ទឹងត្រែង ប្រកបដោយមោទកភាពជាតិ ព្រមជាមួយនឹងកិត្យានុភាពជាតិផងដែរ។
លោក សរ សុពុត្រា អភិបាល នៃគណៈអភិបាលខេត្តស្ទឹងត្រែង លើកឡើងថា ៖ ខ្ញុំសង្ឃឹមយ៉ាងមុតមាំថា ពុកម៉ែ មាមីង បងប្អូន នឹងគាំទ្រនូវស្មាតីមួយនេះ ទាំងអស់គ្នា ជាក់ជាមិនខានដោយសេចក្តីគោរពពីខ្ញុំ ។
ទីបំផុត ! ចាប់ពីថ្ងៃនោះមក ប្រជាពលរដ្ឋ អាជីវករ អ្នកដំណើរ មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ ។ល។ បានអនុវត្តតាមសំណូមពររបស់លោកអភិបាលខេត្តបានខ្ជាប់ខ្ជួន ។
ជាក់ស្តែងនៅព្រឹកថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២៤ បងប្អូនអាជីវករ និងប្រជាពលរដ្ឋនៅក្នុងផ្សារសាមគ្គី ខេត្តស្ទឹងត្រែង តែងតែក្រោកឈរគ្រប់ៗគ្នា ដេីម្បីគោរពទង់ជាតិ រៀងរាល់ព្រឹកម៉ោង៧ ដែលបង្ហាញអំពីស្មារតីគោរព ផ្តល់តម្លៃ និងស្នេហាជាតិ ។
លោក សរ សុពុត្រា អភិបាល នៃគណៈអភិបាលខេត្តស្ទឹងត្រែង ទើបទៅកាន់តំណែងប៉ុន្មានខែនេះ តែងចុះជាប់តាមមូលដ្ឋាន សិក្សាពីការរស់នៅរបស់ប្រជាពលរដ្ឋ ជួបសួរសុខទុក្ខ ដោះស្រាយបញ្ហានានា និង អភិវឌ្ឃន៍ ហេដ្ឋារចនាសម្ព័ន្ធក្នុងខេត្តបានច្រើន និងមានការគាំទ្រខ្លាំងពីប្រជាពលរដ្ឋ ៕
ដោយ ៖ សិលា