ព័ត៌មានទាន់ហេតុការណ៍៖

យុវជន យ៉ុន សុប៊ែរ នៅ ស្រុកស្រីសន្ធរ ខេត្តកំពង់ចាម បានភ្ញាក់រលឹក និងយល់ច្បាស់ពីល្បិចកលញុះញង់នាំឱ្យមានចលនាបដិវត្តពណ៌ បានចេញមកសារភាពកំហុសជាសាធារណៈ

ចែករំលែក៖

ភ្នំពេញ ៖ យុវជន យ៉ុន សុប៊ែរ នៅភូមិស្យាបឹងវែង ឃុំបារាយ ណ៍ ស្រុកស្រីសន្ធរ ខេត្តកំពង់ចាម បានភ្ញាក់រលឹក និងយល់ច្បាស់ពីល្បិចកលញុះញង់នាំឲ្យមានចលនាបដិវត្តពណ៌ បានចេញមកសារភាពកំហុសជាសាធារណៈ។

តាមរយៈវីដេអូដែលសារព័ត៌មាន ទទួលបាននៅថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២៤នេះ យុវជន យ៉ុន សុប៊ែរ បានសុំទោសជាសាធារណៈទៅកាន់ថ្នាក់ដឹកនាំ ដែលធ្លាក់ជឿតាមការញុះញង់របស់ក្រុមប្រឆាំងជ្រុលនិយម។

លោក ជិន ម៉ាលីន អ្នកនាំពាក្យ និងជារដ្ឋលេខាធិការប្រចាំការ ក្រសួងយុត្តិធម៌ បានបញ្ជាក់ថា ៖ កន្លងទៅថ្មីៗនេះ មានក្រុមប្រឆាំងជ្រុលនិយមនៅក្រៅប្រទេសមួយចំនួនបានបំភ្លៃការពិតពាក់ព័ន្ធនឹងគម្រោងកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍តំបន់ត្រីកោណកម្ពុជា-ឡាវ-វៀតណាម ដោយបានចោទប្រកាន់មួលបង្កាច់លើរាជរដ្ឋាភិបាលថា បានកាត់ដីចំនួន៤ ខេត្តឱ្យទៅបរទេស ឬធ្វើឱ្យបាត់បង់អធិបតេយ្យលើខេត្តឥសាន្តទាំង៤ នៅក្នុងគម្រោងកិច្ចសហប្រតិបត្តិការតំបន់ត្រីកោណអភិវឌ្ឍន៍ កម្ពុជា-ឡាវ-វៀតណាម។ ក្រុមប្រឆាំងក៏បានប្រើប្រាស់ការចោទប្រកាន់ ដោយបំភ្លៃការពិតនេះ ធ្វើសកម្មភាពអំពាវនាវ បំផុសបំផុល ញុះញង់ និងអូសទាញប្រជាពលរដ្ឋស្លូតត្រង់ក្នុងស្រុក ឱ្យធ្វើបាតុកម្មប្រឆាំងនឹងកិច្ចសហប្រតិបត្តិការតំបន់ត្រីកោណអភិវឌ្ឍន៍ កម្ពុជា-ឡាវ-វៀតណាម។

ផែនការអូសទាញប្រមូលប្រជាជនក្នុងស្រុកដើម្បីធ្វើបាតុកម្មប្រឆាំងនឹងគម្រោងកិច្ចសហប្រតិបត្តិការតំបន់ត្រីកោណអភិវឌ្ឍន៍កម្ពុជា-ឡាវ-វៀតណាម ពុំមែនធ្វើឡើងដើម្បីជាការសម្តែងមតិតាមច្បាប់នោះទេ ប៉ុន្តែ គឺជាផែនការប៉ុនប៉ងធ្វើបដិវត្តន៍ពណ៌ដើម្បីផ្តួលរំលំរាជរដ្ឋាភិបាល តាមរយៈការប្រើប្រាស់នូវវិធីញុះញង់អុជអាល បំផុសបំផុល និងការប្រើឧបាយកលនយោបាយបោកបញ្ឆោតអូសទាញប្រមូលកម្លាំងប្រជាជនស្លូតត្រង់ ឱ្យធ្វើបាតុកម្មបះបោរផ្តួលរំលំរាជរដ្ឋាភិបាលស្របច្បាប់របស់កម្ពុជា។ សកម្មភាពជុំវិញផែនការនេះ គឺជាអំពើវិទ្ធង្សនា ដែលជាឧក្រិដ្ឋកម្មធ្ងន់ធ្ងរបំផុតប៉ះពាល់ដល់សន្តិសុខនៃរដ្ឋ ៕

ដោយ ៖ សិលា


ចែករំលែក៖