ព័ត៌មានទាន់ហេតុការណ៍៖

សមត្ថកិច្ចឃាត់ខ្លួនស្ត្រីជនសង្ស័យ ១រូប ឆបោកប្រាក់តាមរូបភាពទិញ-លក់គ្រឿងក្រអូបតាមបណ្ដាញទំនាក់ទំនងសង្គម 

ចែករំលែក៖

ភ្នំពេញ៖ នាព្រលប់ថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២៤ អង្គភាព នាយកដ្ឋាននគរបាលប្រឆាំងបទល្មើសបច្ចេកវិទ្យា នៃអគ្គស្នងការនគរបាលជាតិ បានឱ្យដឹងថា ៖ នៅថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២៤ ដោយមានការសម្របសម្រួលពីអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា បានធ្វើការស្រាវជ្រាវបង្រ្កាប លើបទល្មើសឆបោកប្រាក់តាមរូបភាពទិញ-លក់គ្រឿងក្រអូបតាមបណ្ដាញទំនាក់ទំនងសង្គម និងបានឃាត់ខ្លួនជនសង្ស័យ ១រូប ឈ្មោះ ហ.ធ.រ ភេទស្រី ជនជាតិខ្មែរ។

ក្រោយការសួរចម្លើយ ជនសង្ស័យរូបនេះបានសារភាពថា ខ្លួនបានប្រើប្រាស់បណ្ដាញទំនាក់ទំនងសង្គម ដើម្បីផ្សព្វផ្សាយ អូសទាញ ជនរងគ្រោះឲ្យទិញទំនិញរបស់ខ្លួន ប៉ុន្ដែនៅពេលជនរងគ្រោះព្រមព្រៀងទិញទំនិញ និងបានផ្ទេរប្រាក់ឲ្យខ្លួន គឺខ្លួនពុំបានប្រគល់ទំនិញនោះឲ្យជនរងគ្រោះឡើយ។

បច្ចុប្បន្នជនសង្ស័យខាងលើត្រូវបាននាយកដ្ឋានកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់នីតិវិធីបន្ត។

នាយកដ្ឋានសូមក្រើនរំលឹកដល់ប្រជាពលរដ្ឋ ជាពិសេសអ្នកនិយមទិញទំនិញអនឡាញ តាមបណ្ដាញទំនាក់ទំនងសង្គម សូមធ្វើការត្រួតពិនិត្យ និងវិភាគឲ្យច្បាស់លាស់ទៅលើគណនី ឬគេហទំព័រនានា ដែលផ្សព្វផ្សាយពីការលក់ទំនិញនានា មុននឹងជឿជាក់ និងសម្រេចចិត្ដទិញទំនិញទាំងនោះតាមរយៈអនឡាញ ជៀសវាងខាតបង់ផលប្រយោជន៍ផ្សេងៗនៅពេលក្រោយ ៕

ដោយ ៖ សិលា


ចែករំលែក៖