ភ្នំពេញ៖ លោកឧត្តមសេនីយ៍ឯក ប៊ុនប៉ា ម៉ារីលុច អគ្គស្នងការរងនគរបាលជាតិ តំណាងលោកនាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ កាលពីរសៀលថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២៤ បានជួបពិភាក្សាការងារជាមួយ លោកឧត្តមសេនីយ៍ទោ ង្វៀង វ៉ាន់វៀន ប្រធាននាយកដ្ឋានតម្រួតស៊ើបអង្កេតបទល្មើសគ្រឿងញៀន នៃសាធារណរដ្ឋសង្គមនិយមវៀតណាម និងសហការី ដើម្បីបន្តពង្រឹងកិច្ចសហប្រតិបត្តិការ ទប់ស្កាត់ និងបង្ក្រាបបទល្មើសគ្រឿងញៀនតាមខ្សែបន្ទាត់ព្រំដែនកម្ពុជា-វៀតណាម ដោយមានការអញ្ជើញចូលរួមពី លោកឧត្តមសេនីយ៍ឯក ឃឹង សារ៉ាត់ នាយកមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន និងលោកឧត្តមសេនីយ៍ វរសេនីយ៍ នាយករងមន្ទីរប្រឆាំងគ្រឿងញៀន នៅអគ្គស្នងការដ្ឋាននគរបាលជាតិ។
ជាកិច្ចចាប់ផ្តើម លោកឧត្តមសេនីយ៍ឯក ឃឹង សារ៉ាត់ នាយកមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន ក៏បានបង្ហាញអំពីលទ្ធផលកិច្ចសហប្រតិបត្តិការបង្ក្រាបបទល្មើសគ្រឿងញៀនឯកតោភាគី ចាប់ពីឆ្នាំ២០២៣ ដល់ខែកក្កដា ឆ្នាំ២០២៤ ភាគីកម្ពុជា បង្ក្រាបករណីចរាចរឆ្លងដែនពីកម្ពុជាទៅវៀតណាម និងពាក់ព័ន្ធនឹងជនជាតិវៀតណាម សរុបចំនួន ៣៣ករណីធំៗ ដោយឃាត់ខ្លួនជនសង្ស័យចំនួន ១៥៩នាក់ (ស្រី៣៣នាក់) ក្នុងនោះ ជនជាតិខ្មែរចំនួន ១៣នាក់ (ស្រី២នាក់), ជនជាតិវៀតណាម ចំនួន ១១៤នាក់ (ស្រី២៩នាក់), ជនជាតិចិន ៣២នាក់(ស្រី២នាក់) និងរឹបអូសគ្រឿងញៀងរួមមាន ៖ មេតំហ្វេតាមីន (ICE), មេតំហ្វេតាមីន (WY), កេតាមីន (Ketamine), អ៊ិចស្តាស៊ី (MDMA) , ហេរ៉ូអ៊ីន (Heroin) , សរុបរួមទឬម្ងន់ ៣៦៤គីឡូក្រាម ៣៦៥.០៧ក្រាម។
បន្ទាប់មកលោកឧត្តមសេនីយ៍ទោ អ៊ិន សុង នាយករងមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន ក៏បានធ្វើបទបង្ហាញពាក់ព័ន្ធកិច្ចប្រតិបត្តិការ ទប់ស្កាត់ និងបង្ក្រាបបទល្មើសគ្រឿងញៀនតាមខ្សែបន្ទាត់ព្រំដែន និងស្ថានភាពគ្រឿងញៀននៅប្រទេសកម្ពុជា ដោយប្រទេសកម្ពុជា ទទួលរងឥទ្ធពលគ្រឿងញៀនជាសកល ប្រទេសកម្ពុជា នៅជិតតំបន់ត្រីកោណមាស ការចរាចរគ្រឿងញៀនចូលប្រទេសកម្ពុជា តាម ព្រំដែនឡាវ និងថៃ
និងតាមបញ្ញើប្រៃសណីយ៍ ពីសហគមន៍អឺរ៉ុបចូលមកកម្ពុជា ហើយបន្តចរាចរ បន្តទៅប្រទេសទី៣ ។
ក្នុងឱកាសនោះ លោកឧត្តមសេនីយ៍ទោ ង្វៀង វ៉ាន់វៀន ប្រធាននាយកដ្ឋានតម្រួតស៊ើបអង្កេតបទល្មើសគ្រឿងញៀន នៃក្រសួងនគរបាលវៀតណាម បានថ្លែងអំណរគុណ ដល់ លោកនាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ ក៏ដូចជា លោកឧត្តមសេនីយ៍ឯក ប៊ុនប៉ា ម៉ារីលុច អគ្គស្នងការរងនគរបាលជាតិ និង លោកឧត្តមសេនីយ៍ឯក ឃឹង សារ៉ាត់ នាយកមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន ក្នុងការជួបពិភាក្សាការងារ និងបានយល់ដឹងអំពីដំណើរការ នៃកិច្ចសហប្រតិតបត្តិការ ទប់ស្កាត់ និងបង្ក្រាបបទល្មើសគ្រឿងញៀននាពេលកន្លងមក និងគាំទ្រកម្ពុជា បន្តកិច្ចសហប្រតិតបត្តិការ ទប់ស្កាត់និងបង្ក្រាបបទល្មើសគ្រឿងញៀននេះកាន់តែទទួលបានលទ្ធផលល្អបន្ថែមទៀត។ តាងនាមឲ្យស្ថានតំណាង ក្រសួងនគរបាលវៀតណាម ក៏ដូចជាឯកឧត្តមផ្ទាល់ ក៏សូមថ្លែងអំណរគុណដល់ថ្នាក់ដឹកនាំប្រទេសកម្ពុជា ដែលបានសហការ ជួយទប់ស្កាត់និងបង្ក្រាបបទល្មើសគ្រឿងញៀននេះបានទាន់ពេលវេលា ។
មុននឹងបញ្ចប់ ភាគីទាំងពីរ បានឯកភាពគ្នា ប្តេជ្ញាចិត្ត បន្តកិច្ចសហការ រួមគ្នា បង្ការ ទប់ស្កាត់ និងបង្ក្រាបបណ្ដាញជួញដូរគ្រឿងញៀនឆ្លងដែន ឲ្យកាន់តែមានប្រសិទ្ធភាពបន្ថែមទៀត ៕
ដោយ៖ តារា