ខេត្តពោធិ៍សាត់ ៖ ស្ពានឆ្លងកាត់ស្ទឹងអាតៃ ជាស្ពានក្លាយជាស្ពានខ្ពស់ជាងគេនៅកម្ពុជា តភ្ជាប់រវាងខេត្តពោធិ៍សាត់ និងខេត្តកោះកុង បានដំណើរការសាសង់សម្រេចការសាងសង់ជាង៤០ភាគរយ ហើយគ្រោងនឹងបញ្ចប់នៅខែមិថុនា ឆ្នាំ២០២៥។ គ្រាដែលការស្ថាបនាផ្លូវជាតិលេខ១០ ភ្ជាប់ពីស្រុកសំឡូត ខេត្តបាត់ដំបង ឆ្លងកាត់ខេត្តពោធិ៍សាត់ រហូតដល់ខេត្តកោះកុង ប្រវែងជាង១៩៧គីឡូម៉ែត្រ សម្រេចបានលទ្ធផលចំនួន៨៩,៥៦ភាគរយហើយ បើគិតត្រឹមចុងខែកក្កដា ឆ្នាំ២០២៤។
ក្រុមហ៊ុនទទួលបានសិទ្ធិសាងសង់កំពុងពន្លឿនការស្ថាបនា បញ្ចប់នាខែមិថុនា ឆ្នាំ២០២៥ បន្ទាប់ពីយឺតជាងផែនការដែលបានគ្រោងទុក។ ផ្លូវជាតិលេខ១០ ត្រូវបានបើកការដ្ឋានសាងសង់កាលពី ខែមីនា ឆ្នាំ២០២០ ដោយក្នុងផែនការ គឺបញ្ចប់នៅចុងឆ្នាំ២០២៣ ប៉ុន្តែមានភាពយឺតយ៉ាវដោយសារវិបត្តិជំងឺរាតត្បាតកូវីដ១៩ និងវិបត្តិសេដ្ឋកិច្ចសកល។
គម្រោងកសាងផ្លូវថ្មីនេះ មានទទឹងតួផ្លូវ៩ម៉ែត្រ ជាប្រភេទផ្លូវកៅស៊ូពីរស្រទាប់ (DBST) និងសាងសង់ស្ពានចំនួន២៨កន្លែង ដែលក្នុងនោះមានស្ពានខ្ពស់ជាងគេមួយ មានកម្ពស់៧៥ម៉ែត្រ បណ្តោយ ៥៣០ម៉ែត្រ និងទទឹង១០ម៉ែត្រ ព្រមទាំងមានបំពាក់ផ្លាកសញ្ញាចរាចរណ៍ គំនូសចរាចរណ៍ បង្គោលគីឡូម៉ែត្រ និងបង្គោលសុវត្ថិភាព ដើម្បីសម្រួលដល់ការធ្វើដំណើរឆ្លងកាត់របស់អ្នកទេសចរ និងការដឹកជញ្ជូនទំនិញភ្ជាប់ទៅកាន់ច្រកទ្វារព្រំដែនភាគខាងលិចប្រទេសកម្ពុជា និងប៉ូលសេដ្ឋកិច្ចនានា។
បើតាមលោក ខូយ រីដា អភិបាលខេត្តពោធិ៍សាត់ ក្នុងឱកាសផ្តល់បទសម្ភាសជាមួយក្រុមអ្នកសារព័ត៌មាន ក្នុងពេលដឹកនាំដំណើរទស្សនកិច្ចទៅកាន់ការដ្ឋានសាងសង់ស្ពាន នៅក្នុងភូមិសាស្ត្រភូមិឆាយលូក ឃុំអូសោម ស្រុកវាលវែង ខេត្តពោធិ៍សាត់ បានឱ្យដឹងថា ក្រុមហ៊ុនទទួលបានសិទ្ធិសាងសង់កំពុងពន្លឿនការស្ថាបនា ក្នុងនោះស្ពានខ្ពស់ជាងគេស្ថិតនៅក្នុងឃុំអូរសោម ស្រុកវាលវែង កំពុងពន្លឿនការសាងសង់ឱ្យចប់រួចរាល់នៅត្រឹមខែមិថុនាឆ្នាំ២០២៥ បច្ចុប្បន្នសម្រេចវឌ្ឍនភាពបាន៤៣ភាគរយហើយ។
លោកអភិបាលខេត្តបានលើកឡើងថា ផ្លូវនេះមិនត្រឹមតែនាំមកនូវការដឹកជញ្ជូនទំនិញកសិកម្ម និងទំនិញគ្រប់ប្រភេទភ្ជាប់ពីខេត្តបាត់ដំបង ពោធិ៍សាត់ ទៅកាន់ខេត្តកោះកុង ដែលមានកំពង់ផែទឹកសមុទ្រប៉ុណ្ណោះទេ ប៉ុន្តែក៏ជាផ្លូវដែលបម្រើដល់ផ្នែកទេសចរណ៍ ដោយសារនៅតាមបណ្ដោយនៃផ្លូវនេះពោរពេញទៅដោយធម្មជាតិតំបន់ព្រៃភ្នំជ្រោះជ្រងដងអូរដ៏ស្រស់បំព្រង។
គម្រោងសាងសង់ផ្លូវនេះ ត្រូវបានរាជរដ្ឋាភិបាលបន្ថែមខ្ទង់ចំណាយ ៥៧លានដុល្លារទៀត លើគម្រោងចាស់ដែលមានចំនួន១៨៨លានដុល្លារអាមេរិក ក្រោមហិរញ្ញប្បទានពីប្រទេសចិន និងថវិកាបដិភាគរបស់រាជរដ្ឋាភិបាលកម្ពុជា ដើម្បីបញ្ចៀសពីការពុះកាត់ភ្នំក្រវាញជាពីរផ្នែក ដែលធ្វើឱ្យខូចខាតប្រព័ន្ធបរិស្ថាន និងទីជម្រករបស់ពពួកសត្វព្រៃ ខណៈបច្ចុប្បន្នព្រៃឈើនៅតំបន់ជួរភ្នំក្រវាញ ត្រូវបានទាញយកចំណូលពីការលក់ឥណទានកាបូន។
ផ្លូវជាតិថ្មីមួយខ្សែនេះ នឹងជួយសម្រួលបានច្រើនក្នុងការជួយដឹកជញ្ជូនកសិផលរបស់ប្រជាពលរដ្ឋ និងការដឹកជញ្ជូនទំនិញផ្សេងៗ តាមរយៈការកាត់បន្ថយលើការចំណាយពេលវេលា ចំណេញថវិកាបានច្រើន ដោយយើងអាចដឹកទំនិញបានពីខេត្តបាត់ដំបង បន្ទាយមានជ័យ និងប៉ៃលិន ទៅកាន់ខេត្តកោះកុង ចុះទៅកំពង់ផែទឹកជ្រៅត្រង់តែម្តង ដោយមិនចាំបាច់ធ្វើដំណើរឆ្លងកាត់រាជធានីនៅភ្នំពេញទៀតនោះទេ។
អរគុណ សន្តិភាព ! ធ្វើឱ្យកម្ពុជាមានការ អភិវឌ្ឃ កាន់តែរីកចម្រើន ជាមោទនភាពជាតិ៕
ដោយ ៖ សិលា