ព័ត៌មានទាន់ហេតុការណ៍៖

នគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចខេត្តពោធិ៍សាត់ ដុតកម្ទេចចោលសាច់ជ្រូកបង្កកជាងមួយពាន់គីឡូក្រាម

ចែករំលែក៖

ខេត្តពោធិ៍សាត់៖ ស្នងការដ្ឋាននគរបាលខេត្តពោធិ៍សាត់ បានឱ្យដឹងនៅព្រឹកថ្ងៃទី២០ ខែសីហា ឆ្នាំ២០២៤នេះថា៖ សាច់ជ្រូកបង្កកសរុបប្រមាណ ១,៣១៥គីឡូក្រាម ត្រូវបានយកទៅដុតកម្ទេចចោល បន្ទាប់ពីកម្លាំងនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចខេត្តពោធិ៍សាត់ សហការជាមួយកម្លាំងអធិការដ្ឋាននគរបាលស្រុកក្រគរ ចុះបង្ក្រាបនិងឃាត់រថយន្តដឹកសាច់ជ្រូកបង្កក ដោយគ្មានលិខិតអនុញ្ញាតិ។

ជាក់ស្ដែងកម្លាំងនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចខេត្ត សហការជាមួយកម្លាំងអធិការដ្ឋាននគរបាលបាលស្រុកក្រគរ បានឃាត់រថយន្តដឹកសាច់ជ្រូកបង្កក ដោយគ្មានលិខិតអនុញ្ញាតិ នៅចំណុចលើផ្លូវជាតិលេខ៥ ស្ថិតក្នុងភូមិក្បាលដំរី ឃុំអន្សាចំបក់ ស្រុកក្រគរ ខេត្តពោធិ៍សាត់ កាលពីថ្ងៃទី១៧ ខែសីហាថ្មីៗនេះ ដោយមានបញ្ជាផ្ទាល់ពីលោកឧត្តមសេនីយ៍ទោ ស ថេង ស្នងការនគរបាលខេត្តពោធិ៍សាត់ សមត្ថកិច្ចជំនាញ ក៏បានយករថយន្តមករក្សាទុកបណ្តោះអាសន្ននៅស្នងការដា្ឋននគរបាលខេត្ត។

ប្រភពដដែលបន្តថា ដោយមានការសម្របសម្រួលពីលោក កូយ កាន់យ៉ា ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តពោធិ៍សាត់ សមត្ថកិច្ចក៏បានធ្វេីការឆែកឆេររថយន្ត ម៉ាក Hyundai starex ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ 2BF-8156 ក្រោយពីត្រួតពិនត្យបានរកឃេីញផលិតផលជ្រូកបង្កក សរុបចំនួន២០កេះ ស្មើនឹង ១៣១៥គីឡូក្រាមក្នុងនោះមាន៖

១-ឆ្អឹងជំនីជ្រូកចំនួន ២៧៤គីឡូក្រាម

២-ក្រលៀនជ្រូកចំនួន ៦០គីឡូក្រាម

៣-ជេីងជ្រូកចំនួន ៧២គីឡូក្រាម

៤-ក្រពះជ្រូកចំនួន ៤៤៤គីឡូក្រាម

៥-អណ្ដាតជ្រូកចំនួន ១២៤គីឡូក្រាម

៦-ពោះ-ច្រមុះជ្រូកចំនួន ៦២គីឡូក្រាម

៧-បេះដូង និងខួរជ្រូកចំនួន ៧៦គីឡូក្រាម

៨-ត្រចៀក-ក្រពះជ្រូកចំនួន ៦៨គីឡូក្រាម

៩-បេះដូងជ្រូកចំនួន ៦៩គីឡូក្រាម

១០-ក្រចកជ្រូកចំនួន ៦៦គីឡូក្រាម។

ក្នុងករណីនេះ សមត្ថកិច្ចជំនាញបានប្រគល់វត្ថុតាងនឹងរថយន្តទៅឱ្យជំនាញបសុពេទ្យដេីម្បីបន្តនិតិវិធី។ ដោយពនិត្យឃេីញថាសាច់ក្លាសេនេះខូចគុណភាព (មានសភាពប្រែពណ៌ខុសធម្មតា មានក្លិនស្អុយ) ដែលអាចបណ្ដាលឱ្យមានផលប៉ះពាល់ដល់សុខភាពអ្នកប្រើប្រាស់ ដូច្នេះសមត្ថកិច្ចជំនាញ នៅរសៀលថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២៤ម្សិលមិញនេះ ក៏បានសុំគោលការណ៍ទៅលោកព្រះរាជអាជ្ញាអមសាលាដំបូងខេត្តពោធិ៍សាត់ ដេីម្បីកំទេចចោលផងដែរ៕ដោយ៖តារា


ចែករំលែក៖